ភ្នំពេញ៖ ធុរជនកម្ពុជាជាច្រើនរូបបានចូលរួមក្នុងវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី៤ខែវិច្ឆិកា។ នេះជាវេទិកាដែលផ្ដោតសំខាន់លើចំណង ពាណិជ្ជកម្ម វិនិយោគ ទៅវិញទៅមកក្នុងចំណោមប្រទេសក្នុងតំបន់ដែលមាន ២៤ប្រទេស។ អាមេរិក គឺជាតួអង្គសំខាន់ក្នុងតំបន់នេះ ដែលបណ្ដាប្រទេសនានាស្រវាចាប់យកធ្វើជាដៃគូពង្រីកការវិនិយោគជាមួយ។
បើនិយាយពីចំណងធុរកិច្ចអាមេរិក និងកម្ពុជាវិញ អាមេរិកគឺជាអ្នកទិញផលិតផលដ៏ធំមួយរបស់កម្ពុជា ដូចជាផលិតផលកាត់ដែរជាអាទិ៍ តែការវិនិយោគរបស់អាមេរិកនៅកម្ពុជានាពេលកន្លងមក មានទំហំស្ដួចស្ដើងនៅឡើយ។ របាយការណ៍ផ្លូវការពីរដ្ឋាភិបាលអាមេរិកមួយបង្ហាញថា កម្ពុជានិងអាមេរិកមានទំហំជួញដូរពាណិជ្ជកម្មចំនួន ៤,៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ របាយការណ៍ក៏បានបង្ហាញថា ការវិនិយោគផ្ទាល់ពីអាមេរិកមកកម្ពុជា គិតត្រឹមឆ្នាំ២០១៧ មានទំហំត្រឹម ១៥១លានដុល្លារប៉ុណ្ណោះ។
ទោះបីការបោះទុនរបស់វិនិយោគិនអាមេរិកនៅកម្ពុជាមានទំហំតូចនៅឡើយ តែធុរជនកម្ពុជាដែលបានចូលរួមក្នុងវេទិកាខាងលើនេះ មានសុទិដ្ឋិនិយមចំពោះការទាក់ទាញវិនិយោគពីមហាអំណាចសេដ្ឋកិច្ចទី១ពិភពលោកនេះ។
លោក សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Group ឲ្យដឹងថា ការចូលរួមក្នុងវេទិកានេះ សំខាន់គឺធ្វើឲ្យពាណិជ្ជករកម្ពុជាទទួលបានព័ត៌មានអំពីរបៀបរបបដែលតំបន់មួយនេះ។ លោកប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា៖«ក្នុងវេទិកានេះគឺផ្ដោតទៅលើសេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ហើយផ្នែកទាំងបីនេះគឺជាតម្រូវនៅកម្ពុជាផងដែរ អ៊ីចឹងប្រតិភូកម្ពុជាយើងមកទីនេះ យើងចង់ដឹងថាតំបន់នេះ គេសិក្សាពីអ្វី គេចង់ធ្វើបែបម៉េច ដើម្បីយើងរៀនសូត្រពីគេ បង្កើតទំនាក់ទំនងជាមួយគេ ដើម្បីទាញវិនិយោគទាំងនោះចាប់ដៃគូជាមួយយើងនៅប្រទេសកម្ពុជាយើង»។ លោកបន្តថា៖«ដើម្បីយើងចាប់ដៃគូជាមួយគេបាន សំខាន់គឺការបើកច្រក។ វេទិកានេះជាឱកាសនៃការបើកច្រកមួយ ដូចនេះប្រតិភូដែលមក មិនមែនទៅវិញនាំគ្នាបំភ្លេចចោលនោះទេ យើងត្រូវចេះសរសេរអ៊ីម៉េលទំនាក់ទំនងគេ ថាយើងចង់បានអ្វីពីគេ។ បន្ថែមពីនេះនៅប្រទេសកម្ពុជាយើងគួរមានកម្មវិធីជួបអ្នកវិនិយោគអាមេរិកឲ្យបានច្រើន»។
លោក សៀ រិទ្ធី អះអាងថា តាមរយៈវេទិកានេះ រូបលោកផ្ទាល់បានស្វែងរកដៃគូក្រុមហ៊ុនអាមេរិកដើម្បីចាប់ដៃគ្នាវិនិយោគ។ លោកមានប្រសាសន៍ដូចនេះថា៖«ខ្ញុំមកនេះ ខ្ញុំមានគោលដៅរួចទៅហើយ ខ្ញុំមានទំនាក់ទំនងមួយ ដែលអាចឈានដល់ចុះកិច្ចព្រមព្រមសហការជាមួយគ្នាទៀតផង»។
បើតាមលោក សៀ រិទ្ធី កម្ពុជានាពេលបច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួនកំពុងបោះជំហានល្អទាក់ទងនឹងអភិបាលកិច្ច ឬស្ដង់ដារនានា ដែលស័ក្ដិសមនឹងទទួលបានកិច្ចសហការវិនិយោគពីក្រៅប្រទេស។ ខ្ញុំឃើញបច្ចុប្បន្ននេះក្រុមហ៊ុនមួយចំនួនកំពុងកែប្រែរចនាសម្ព័នក្រុមហ៊ុនរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ខ្លួនអាចចាប់ដៃគូសហការជាក្រុមហ៊ុនក្រៅស្រុកបាន»។
លោក ម៉េង ហៀង នាយកក្រុមហ៊ុន Monument Book ដែលចូលរួមក្នុងវេទិកាធុរកិច្ចនេះដែរ ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះការវិនិយោគពីអាមេរិក និងប្រទេសផ្សេងទៀតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ លោកថ្លែងដូច្នេះថា៖«មកទីនេះខ្ញុំបានជួបមនុស្សច្រើន ហើយក៏បានជជែកការងារមួយចំនួនធំជាមួយគេ បើទោះបីយើងមិននិយាយលម្អិតជាមួយគេ តែមនុស្សដែលយើងបានជួបគឺសុទ្ធតែចាប់អារម្មណ៍ទៅនឹងប្រទេសយើង»។
គួរបញ្ជាក់ នាឱកាសវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនេះ ប្រតិភូកម្ពុជា ព្រមទាំងប្រតិភូមីយ៉ានម៉ា និងឡាវ បានជួបពិភាក្សាជាមួយលោក Keith Krach អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ថាមពល និងបរិស្ថាន។ លោក ម៉េង ហៀង ដែលស្ថិតក្នុងកិច្ចប្រជុំនេះដែរ បានប្រាប់អ្នកសារព័ត៌មានថា៖«តាមពិតពេលវេលាខ្លី យើងអត់បានសួរអ្វីច្រើនទេ ដោយសារមីយ៉ាន់ម៉ា និងឡាវ បានយកពេលវេលាអស់ហើយ។ ប៉ុន្តែលោក Keith Krach ក្នុងនាមគាត់មានតួនាទីធំ ហើយគាត់ក៏បានទាក់ទងធនាគារនិហរ័ណអាហរ័ណអាមេរិក និងសាជីវកម្មវិនិយោគឯកជនអាមេរិក Opic ដែលជាស្ថាប័នជួយសម្របសម្រួលថវិកាវិនិយោគ។ គាត់មកក៏ដើម្បីភ្ជាប់អ្នកវិនិយោគខ្មែរ និងអ្នកវិនិយោគអាមេរិ»។
តែទន្ទឹមនឹងសុទិដ្ឋិនិយមរបស់អ្នកជំនួញមួយចំនួនក្នុងការទាក់ទាញវិនិយោគអាមេរិក កម្ពុជាក៏ប្រឈមនឹងការគិតពិចារណាខ្លាំងរបស់បណ្ដាវិនិយោគិនទាំងនោះមុននឹងសម្រេចចិត្តវិនិយោគ។ មន្ត្រីជាន់របស់អាមេរិកតែងលើកឡើងជារើយៗពីបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាដែលទាមទារការកែលម្អបន្ថែម ដើម្បីអាចទាក់ទាញអ្នកវិនិយោគអាមេរិក ខណៈកម្ពុជាបន្តមានចំណាត់ថ្នាក់មិនល្អនៅឡើយក្នុងតារាងស្ដីពីការសម្រួលធ្វើធុរកិច្ច របស់ធនាគារពិភពលោក។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ក៏ជំរុញឲ្យកម្ពុជាយកចិត្តទុកដាក់លើបញ្ហាបរិយាកាសរកស៊ីនេះផងដែរ។ លោកបានថ្លែងប្រាប់អ្នកកាសែតកម្ពុជា នាឱកាសដែលលោកដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងវេទិកាធុរកិច្ចនេះ យ៉ាងដូច្នេះថា៖«កម្ពុជាកំពុងធ្វើឲ្យប្រសើរនូវបរិយាកាសធុរកិច្ច ប៉ុន្តែនៅមានចន្លោះសម្រាប់ការកែលម្អបន្ថែមទៀត។ បើយើងក្រឡេកមើលសន្ទស្សន៍វាស់វែងភាពងាយស្រួលក្នុងការធ្វើធុរកិច្ច កម្ពុជាមានពិន្ទុមិនសូវខ្ពស់ទេ ដូច្នេះចាំបាច់ត្រូវកែលម្អលើជំហានមួយចំនួន ដើម្បីបើកឲ្យក្រុមហ៊ុនចូលរួម, កែលម្អការផ្គត់ផ្គង់ថាមពល កាត់បន្ថយថ្លៃអគ្គិសនី ហើយកម្ពុជាត្រូវចាត់វិធានការដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ»។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
លោក Patrick Murphy អះអាងថា ក្រុមហ៊ុនអាមេរិកមានស្ដង់ដាររកស៊ីខ្ពស់ និងហុចផលប្រយោជន៍ដល់ប្រជាជន។ លោកគូសបញ្ជាក់ដូច្នេះថា៖«ក្រុមហ៊ុនអាមេរិកចង់មករកស៊ី ហើយពេលដែលពួកគេចូលមក ពួកគេនាំមកនូវស្តង់ដាររកស៊ីខ្ពស់ ដូច្នេះវានឹងជួយដល់ប្រជាជនកម្ពុជា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ពួកគេ ដូចជា តម្លាភាព ការប្រឆាំងអំពើពុករលួយ ការគិតគូរខ្ពស់អំពីបរិស្ថាន និងសកម្មភាពទំនួលខុសត្រូវសង្គម«។ លោកបន្តបែបនេះទៀតថា៖«ក្រុមហ៊ុនអាមេរិកធ្វើការជាមួយសហគមន៍មូលដ្ឋាន ជ្រើសរើសបុគ្គលិកខ្មែរឲ្យធ្វើការ, បង្កើតបរិយាកាសការងារដែលមានសុវត្ថិភាពនិងមានប្រាក់ខែខ្ពស់។ ដូច្នេះ ការទាក់ទាញក្រុមហ៊ុនអាមេរិកឲ្យមករកស៊ី គឺពិតជាប្រយោជន៍ដ៏ធំ។ ប៉ុន្តែ កម្ពុជាត្រូវប្រឹងប្រែងបន្ថែមដើម្បីកែលម្អបរិយាកាសធុរកិច្ច»៕