បើអ្នកបំបែកបំបាក់ជាតិ បានន័យថា អ្នកក៏កំពុងបំបែកបំបាក់មនុស្សស្ទើរទូទាំងប្រទេស។ ការបែកបាក់នេះ ជាហេតុនាំឲ្យមនុស្សក្នុងសង្គមរស់នៅដោយចងក្រងគ្នាជាក្រុម និងជួយជ្រោមជ្រែងតែបក្សពួកខ្លួន ហើយបំភ្លេចសុខទុក្ខពលរដ្ឋទូទៅ ព្រមទាំងលែងខ្វល់ពីប្រយោជន៍ជាតិ។
ការប្រកាន់បក្សពួកនេះឯង ដែលធ្វើឲ្យជនគ្រប់រូបលែងទុកចិត្តគ្នា ស្អប់គ្នា ឈ្លោះគ្នា ចងគំនុំគ្នា ព្យាបាទគ្នា ហើយទីបំផុតនាំឲ្យសង្គមកើតភាពវឹកវរ។ ហេតុដូច្នេះ ការបំបែកបំបាក់ជាតិ គឺជាអំពើអកុសលមួយ ដែលមានបាបជាអនេក។
ពុទ្ធសាសនិកភាគច្រើន តែងដឹងឮថា «ទោសអនន្តរិយកម្ម» គឺជាបាបកម្មដ៏ធ្ងន់ធ្ងរបំផុតក្នុងព្រះពុទ្ធសាសនា។ ទោសអនន្តរិយកម្ម កើតចេញពីអំពើបាបទាំង៥ប្រការ គឺ ១.សម្លាប់ម្តាយ ២. សម្លាប់ឪពុក ៣. សម្លាប់ព្រះអរហន្ត ៤. ធ្វើឲ្យព្រះពុទ្ធចេញលោហិត និង ៥. បំបែកបំបាក់សង្ឃ។ ឲ្យតែបុគ្គលណាម្នាក់បានប្រព្រឹត្តនូវទង្វើណាមួយក្នុងចំណោមទង្វើទាំង៥នេះ បុគ្គលនោះ ប្រាកដជារងកម្មយ៉ាងច្រើនក្រៃលែង ដែលមានឈ្មោះថា អនន្តរិយកម្មនេះឯង។
ទោះបីជាការបំបែកបំបាក់ជាតិ មិនត្រូវបានចាត់ចូលក្នុងទោសអនន្តរិយកម្មក៏ពិតមែន តែទោសនេះ ក៏ជាអំពើបាបមួយដ៏ធ្ងន់ធ្ងរដែរ។ ជាតិបែកបាក់ គឺដោយសារតែមនុស្សក្នុងសង្គម មិនសាមគ្គីគ្នា ឈ្លោះទាស់ទែងគ្នា គិតតែដណ្តើមផលប្រយោជន៍ និងប្រកាន់បក្សពួកដាច់អហង្ការ។ ពេលនោះ ពួកគេចាំតែជាន់ពន្លិចគ្នាទៅវិញទៅមក ពេលនរណាម្នាក់ថ្កុំថ្កើង ហើយនឹងសើចចំអកដាក់គ្នា ពេលជននោះវិនាសអន្តរាយ។
ការបែកបាក់ជាតិនេះ ជាទូទៅកើតចេញពីសកម្មភាព និងការប្រើវោហាសាស្ត្រ ដើម្បីឃោសនាគំនិតនយោបាយ ក្នុងគោលបំណងបំពេញមហិច្ឆតារបស់ខ្លួន ឬបក្សដែលខ្លួនគាប់ចិត្ត។ ការផ្តល់តម្លៃខ្ពស់ហួសហេតុ ដល់មេដឹកនាំនយោបាយឬបក្ស ដោយសុខចិត្តបណ្តាលឲ្យពលរដ្ឋខ្លួនស្អប់គ្នា ដើម្បីដូរយកការគាំទ្ររៀងៗខ្លួននេះ គឺជាដើមហេតុចម្បង ដែលធ្វើឲ្យជាតិបែកបាក់ ដោយចៀសមិនផុត។
ដូច្នេះ មិនថាអ្នកជាអ្នកនយោបាយ អ្នកវិភាគនយោបាយ សាស្ត្រាចារ្យនយោបាយ អ្នកគាំទ្របក្សនយោបាយ អ្នកបម្រើនយោបាយ អ្នកដើរតាមអ្នកនយោបាយ គួរតែប្រកាន់ខ្ជាប់នូវជំហរ «ជាតិនិយម និងប្រជាជនជាអាទិភាព» ជាងបក្សឬបុគ្គលដែលខ្លួនពេញចិត្ត។
បើគំនិតនិងបំណងរបស់អ្នក ពិតជាចង់ជួយជាតិ ជ្រោមជ្រែងសាសនា និងស្រោចស្រង់ប្រជាពលរដ្ឋមែន នោះអ្នកនឹងទទួលផលល្អ។ តែបើគ្រាន់បញ្ចេញទ្រឹស្តី សម្ញែងឫកជាអ្នកស្នេហាជាតិ ហើយប្រកាន់មាំថា មានតែគោលនយោបាយបក្សខ្លួនដែលល្អឥតខ្ចោះ មានតែមេដឹកនាំខ្លួនដែលបរិសុទ្ធផូរផង់ មានតែជំហរក្រុមខ្លួនដែររឹងពឹងឥតងាករេ ដោយមិនខ្វល់ពីការបែកខ្ញែករវាងពលរដ្ឋនិងពលរដ្ឋ នោះបាបកម្មដ៏ធ្ងន់ធ្ងរនេះ ប្រាកដជាធ្លាក់មកលើរូបអ្នក មិនខានឡើយ។
ជាឧទាហរណ៍ ក្រុមមួយតែងសប្បាយចិត្តក្រៃពេក ពេលឃើញក្រុមដទៃដែលខ្លួនមិនគាំទ្រ បានចូលគុក ជាប់ច្រវាក់ ឬរងគ្រោះរហូតបាត់បង់ជីវិត ខណៈគ្រួសាររបស់គេកំពុងតែគក់ទ្រូង ស្រែកទ្រហោយំ។ ពួកគេឃ្លាំមើលគ្នា ដោយមិនធ្មេចភ្នែក ឥតបិទត្រចៀកឡើយ ហើយឲ្យតែបុគ្គលដែលខ្លួនស្អប់រងទុក្ខវេនទា គេមុខតែនឹងស្រែកបន្ទរ ទះដៃអបអរ ជាក់ជាមិនខាន។
កម្ពុជា ធ្លាប់ធ្លាក់ក្នុងអន្លង់នៃវិនាសកម្មជាច្រើនសម័យកាលមកហើយ ដោយសារតែការបែកបាក់ជាតិ ហើយការបែកបាក់នេះទៀតសោត សុទ្ធតែឧប្បត្តិកឡើងពីមហិច្ឆតានយោបាយ តួយ៉ាងដូចជា របបសាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម ជាដើម។
ការសម្លាប់ម្តាយឪពុក, ការបំបែកបំបាក់សង្គមសង្ឃ, ការបំបែកបំបាក់សង្គមនុស្ស, ការបំផ្លាញជាតិ គឺសុទ្ធតែជាអំពើបាប ដែលផ្តល់ផលកម្មយ៉ាងធំធេង ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមនោះទេ។ ពិបាកនឹងរកអំពើបាបណា ដែលមានទំហំស្មើនឹងអំពើបាបទាំងនេះឡើយ។ ហេតុដូច្នេះ អ្នក មិនត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែចង់បានអំណាច ដោយមិនខ្វល់ពីការបែកបាក់ជាតិនោះទេ៕