អន្តរជាតិ
និស្សិតសកលវិទ្យាល័យហុងកុង ធ្វើបាតុកម្មចំថ្ងៃចែកសញ្ញាបត្រឧត្តមសិក្សា ក្រុមនិស្សិតហុងកុងធ្វើបាតុកម្ម... រូបភាព៖Reuters
× និស្សិតហុងកុងជាច្រើននាក់ នៅថ្ងៃទី៧ ខែវិច្ឆិកា បានស្រែកបន្លឺពាក្យស្លោកនៅក្នុងពិធីចែកសញ្ញាបត្រនាសកលវិទ្យាល័យហុងកុង ជាមួយនឹងដៃកាន់បដា «ដោះលែងហុងកុង, បដិវត្តឥឡូវនេះ» ក្នុងគោលបំណងឲ្យទីក្រុងប៉េកាំង ប្រគល់សិទ្ធិសេរីភាពច្រើនជាងមុន។
ក្នុងសំលៀកបំពាក់បញ្ចប់ថ្នាក់ឧត្តមសិក្សា និងពាក់ម៉ាសនៅលើមុខ និស្សិតសកលវិទ្យាល័យប្រមាណជា១០០០នាក់ បានស្រែកបន្លឺពាក្យស្លោកឡើង ទាំងក្នុងដៃកាន់បដា«ដោះលែងហុងកុង, បដិវត្តឥឡូវនេះ» ខណៈពេលពួកគេដើរចូលទៅក្នុងសាលប្រារព្ធពិធីចែកសញ្ញាបត្រ នៅជិតទីក្រុងNew Territories តំបន់Sha Tin។ សកម្មភាពរបស់ក្រុមនិស្សិតបែបនេះ គឺក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាលតំបន់ស្វយ័ត ធ្វើតាមសំណើរបស់ក្រុមបាតុករដោយរួមបញ្ចូលការរៀបចំការបោះឆ្នោតជាសកលផងដែរ។
ជានិស្សិតវិស្វករព័ត៌មានវិទ្យា វ័យ២២ឆ្នាំ លោក Kelvin បានលើកឡើងថា៖ «បើទោះបីជាយើងអស់កម្លាំងក៏ដោយ យើងមិនគួរបោះបង់ត្រឹមនេះទេ»។ ចំណែកកម្មវិធីចែកសញ្ញាបត្រវិញ សកលវិទ្យាល័យ នឹងផ្អាកបណ្តោះអាសន្នសិន បន្ទាប់ពីសញ្ញាបត្រត្រូវចែករួចដោយសារកម្មវិធីពិសេសមួយនេះ ត្រូវបានមនុស្សជាច្រើន មករំខាន។ ជាក់ស្តែងមាននិស្សិតមួយចំនួន បានគូររូបនៅលើជញ្ជាំងសាលា និងរំខានពិធីចែកសញ្ញាបត្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទាក់ទិនទៅនឹងទឹកដីហុងកុងនេះ អង់គ្លេសបានប្រគល់មកឲ្យចិនវិញ នៅក្នុងឆ្នាំ១៩៩៧ ដោយត្រូវយកការដឹកនាំ «ប្រទេសមួយ ប្រព័ន្ធពីរ» មកអនុវត្ត។ បានសេចក្តីថា រាល់ប្រព័ន្ធរដ្ឋបាល ការដឹកនាំទាំងអស់ក្នុងហុងកុងត្រូវរក្សាដដែល នៅពេលដែនកោះមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់ចិន។
ផ្អែកទៅតាម«ប្រទេសមួយ ប្រព័ន្ធពីរ» ចិន បានផ្តល់សំណើដល់កោះតៃវ៉ាន់ ទទួលយកប្រព័ន្ធមួយនេះ ប៉ុន្តែត្រូវតៃវ៉ាន់បដិសេធ។ ជាក់ស្តែង លោក Joseph Wu រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ បានលើកឡើងថា រដ្ឋាភិបាលរបស់លោក មិនចង់ឃើញអនាគតប្រជាជនរបស់ខ្លួនមានវាសនាដូចទៅនឹងប្រជាជនរបស់ហុងកុងឡើយ។ ដោយមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ លោក Wu បានបន្តថា កោះតៃវ៉ាន់សន្យាថា នឹងជួយប្រជាជនហុងកុងឲ្យទទួលបានសេរីភាព និងប្រជាធិបតេយ្យ ហើយប្រសិនបើអាចតៃវ៉ាន់ នឹងផ្តល់ជំនួយទៅពួកគេទៀត។
សូមបញ្ជាក់ថា បាតុកម្មនៅទឹកដីហុងកុងប៉ុន្មានខែកន្លងមក បានធ្វើឲ្យសេដ្ឋកិច្ចដែនដីមួយនេះ បានដាំក្បាលចុះជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ជាពិសេសការលក់ដូរ និងវិស័យទេសចរណ៍ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង។
© រក្សាសិទ្ធិដោយ thmeythmey.com