ជាតិ
សេដ្ឋកិច្ច
ចិន​ឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជាង​៥០​លាន​ដុល្លារ សាងសង់​ផ្លូវ ក្នុង​ខេត្ត​ចំនួន​៦
08, Nov 2019 , 8:59 am        
រូបភាព
ប្រភពរូបបានពីក្រសួងអភិវឌ្ឍន៍ជនបទ
ប្រភពរូបបានពីក្រសួងអភិវឌ្ឍន៍ជនបទ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន បានឱ្យ​ជំនួយ​ឥតសំណងដល់​កម្ពុជា ជាង​៣៩៦​លាន​យ័ន្ត​(​ប្រមាណ​៥៦​លាន​ដុល្លារ​) សម្រាប់ គម្រោង​សាងសង់់​ផ្លូវ​ជនបទ​ចំនួន​១៨​ខ្សែ និង​គម្រោង​ផ្គត់ផ្គង់​ទឹក​ជនបទ​ជំហាន​២​។ គម្រោង​ទាំងពីរ​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក ចាន់ ដា​រ៉ុង អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

 
​លោក ដា​រ៉ុង បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ប្រព័ន្ធ​ទំនាក់​ទ​នង​សង្គម​តេ​លេ​ក្រាម នា​ថ្ងៃទី​៧​វិច្ឆិកា ឆ្នាំ​២០១៩ ថា ក្នុងចំណោម​ថវិកា​សរុប​ខាងលើ មាន​ប្រមាណ​៤២.៨​លាន​ដុល្លារ សម្រាប់​សាងសង់​ផ្លូវ​១៨​ខ្សែ ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST ក្នុង​ប្រវែង​ជិត​១២០​គីឡូម៉ែត្រ នៅក្នុង​ខេត្ត​ចំនួន​៦​។ ខេត្ត​ទាំង​៦​នោះ​មាន កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង​។​
 
​ដោយឡែក​ថវិកា​ជិត​១៤​លាន​ដុល្លារ​ទៀត គឺ​សម្រាប់​គម្រោង​ផ្គត់ផ្គង់​ទឹក​ជនបទ​ជំហាន​២ ដោយមាន​ការ​ខួងអណ្តូង​ស្នប់​ចំនួន​៩៦៤ អណ្តូង ជីក​ស្រះ​ទឹក​សហគមន៍​ចំនួន​១២ និង​ជីក​ស្រះ​ទឹក​សហគមន៍​ដែលមាន​រៀប​ថ្ម​៤២ ស្រះ នៅក្នុង​ខេត្ត​គោលដៅចំនួន​១០​ រួមមាន​៖ ​ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពត និង​ព្រៃវែង​។ 
 
​លោក ចាន់ ដា​រ៉ុង បាន​បញ្ជាក់ថា  ក្នុង​ដំណើរការ​អនុវត្ត​គម្រោង​ទាំងពីរ​ខាងលើនេះ  ក្រៅពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ទទួល​បាន​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ចិន ក៏មាន​ថវិកាបដិភាគ​មួយចំនួនទៀត ពី​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕ 
 

Tag:
 ជនបទ​
  ផ្លូវ​
  ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com