ជាតិ
លោក សម រង្ស៊ី​ ពិចារណារកផ្លូវចូលកម្ពុជា ក្រោយពី​អាកាសចរណ៍ថៃបដិសេធមិនឱ្យឡើងយន្តហោះ
07, Nov 2019 , 8:26 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្លាម​ៗក្រោយពី​ក្រុមហ៊ុនអាកាសចរណ៍​ថៃ (Thai Airways) បានបដិសេធ​មិន​ឱ្យ​លោក សម រង្ស៊ី ឡើងយន្តហោះពីទីក្រុងប៉ារីស​ប្រទេស​បារាំង​ឆ្ពោះ​មកទីក្រុងបាងកក​ប្រទេស​ថៃ លោក សម រង្ស៊ី ក៏បាន​ចេញផ្សា​យ​ឃ្លីបវីដេអូ​ប្រកាស​ពីអំពី​ហេតុការណ៍នេះភ្លាម​ដែរ ដើម្បី​ជូនដំណឹង​ទៅអ្នកគាំទ្ររបស់ខ្លួន។



នៅក្នុង​ឃ្លីបវីដេអូ​ដែលត្រូវបានបង្ហោះនៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក និង​មេដឹកនាំនៃអតីតគណបក្ស​សង្គ្រោះជាតិ​ដទៃទៀត​នឹងជួបគ្នា​ពិភាក្សា​ដើម្បី​ស្វែងរក​មធ្យោបាយ​ចូលក្នុងប្រទេស​កម្ពុជា។ លោក សម រង្ស៊ី បាន​ថ្លែងយ៉ាង​ដូច្នេះ៖​«ថ្នាក់ដឹកនាំសង្គ្រោះជាតិកំពុងតែជួបជុំគ្នាជាមួយ​អ្នកដែលមិនទាន់​ទៅដល់កម្ពុជា ដើម្បីពិគ្រោះទិញសំបុត្រ​យន្តហោះ​ថ្មី នៅក្រុមហ៊ុនអាកាសចរណ៍​ថ្មី ទៅប្រទេស​មួយទៀត​ជិត​ខាង​កម្ពុជា ដើម្បីរៀបចំដំណើរ​និវត្ត​ឱ្យទាល់តែ​បាន»។

សាររបស់អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តាម​ចាប់ខ្លួន​នោះ គឺ​អំពាវនាវ​ដល់អ្នកគាំទ្រ​មិនឱ្យបាក់ទឹកចិត្ត ហើយថាដំណើរ​និវត្តរបស់​លោកមកកម្ពុជា​ គ្រាន់តែយឺតយ៉ាវ​ជាងការគ្រោងទុក។

គេនៅមិនទាន់ដឹងនៅឡើយទេថា តើ​លោក សម រង្ស៊ី និង​មេដឹកនាំ​ជាន់ខ្ពស់​របស់​អតីតគណបក្ស​សង្គ្រោះជាតិ​នឹងអាច​ចូលមកកម្ពុជា​បានយ៉ាង​ដូចម្តេច? យោងតាមការ​ផ្សាយរបស់​វិទ្យុអាស៊ីសេរី ក្រៅតែពី​លោកស្រី​ មូរ​ សុខហួរ ដែលកំពុង​ស្ថិតនៅក្នុង​ប្រទេសម៉ាឡេស៊ី គឺមាន​សមាសភាពថ្នាក់ដឹកនាំរបស់អតីតគណបក្ស​សង្គ្រោះជាតិ​មួយចំនួន​ទៀត​អាចហោះហើរមកកាន់ប្រទេស​កាតា ជាដើម។

លោក សម រង្ស៊ី គ្រោង​ឡើង​យន្តហោះ​តាម​ជើងហោះហើរ​នៃក្រុមហ៊ុនអាកាសចរណ៍ថៃចេញពី​ទីក្រុងប៉ារីស​នៅថ្ងៃទី​៧​ខែ​វិច្ឆិកានេះ ឆ្ពោះមក​ទីក្រុងបាងកក។ ប៉ុន្តែ​លោក សម រង្ស៊ី មិនត្រូវបាន​អនុញ្ញាតឱ្យ​ឡើង​យន្តហោះឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com