ជាតិ
លោក មហា​ធៀ ៖ «​យើង​មិន​ចង់ឱ្យ​អ្នកណាម្នាក់​ប្រើប្រាស់​ទឹកដី​ម៉ាឡេស៊ី ដើម្បី​ប្រឆាំងនឹង​ប្រទេស​ដទៃ​ឡើយ​»
08, Nov 2019 , 12:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងដំណើរទស្សកិច្ចកម្ពុជា (រូបពីAFP)
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងដំណើរទស្សកិច្ចកម្ពុជា (រូបពីAFP)
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ប្រកាសថា ខ្លួន​មិន​អនុញ្ញាតឱ្យ​អ្នកណាម្នាក់ យក​ទឹកដី​ម៉ាឡេស៊ី ទៅប្រើ​ប្រាស់ ក្នុង​គោលបំណង​ប្រឆាំងនឹង​ប្រទេស​ណាមួយ​ឡើយ​។ លោក មហា​ធៀ អះអាង​បែបនេះ គឺ​ឆ្លើយតប​ទៅនឹង​សំនួរ​អ្នកកាសែត ដែល​សួរ​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​អ្នកស្រី មួរ សុខ​ហួរ ប្រធាន​គណៈកម្មការ​រៀប​ចំ​ដំណើរ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ទៀត​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​៦ វិច្ឆិកា​។​


 
​ជុំវិញ​ការឃាត់ខ្លួន​មន្ត្រី និង​សកម្មជន​អតីត​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា នា​ព្រលានយន្តហោះ​ម៉ាឡេស៊ី កាលពីពេល​ថ្មីៗ​នេះ លោក មហា​ធៀ បាន​អះអាងថា អាជ្ញាធរ​ម៉ាឡេស៊ី កំពុង​ស្វែងរក​ប្រទេស​ទី​៣ ដើម្បី​ប​ញ្ចូ​ន​ពួកគេ​ទៅ​។ សារព័ត៌មាន New Straits Times របស់​ម៉ាឡេស៊ី បាន​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី យ៉ាង​ដូច្នេះ​ថា​៖«​យើង​ចង់​បញ្ជូន​គាត់ (​អ្នកស្រី មួរ សុខ​ហួរ​) ទៅ ប៉ុន្តែ​មនុស្ស​ជាច្រើន​បានស្នើ​ឱ្យ​គាត់​ត្រឡប់មក​ទីនេះ ហើយ​ឥឡូវនេះ​យើង​កំពុង​ស្វែងរក​ប្រទេស​ទី​៣ ដែល​អាច​បញ្ជូន​គាត់​ទៅ​»​។​
 
​បើតាម​លោក មហា​ធៀ គ្មាន​នរណាម្នាក់​អាច​យក​ទឹកដី​ម៉ាឡេស៊ី ទៅប្រើ​ប្រាស់ ដើម្បី​ប្រឆាំងនឹង​ប្រទេស​ណាមួយ​ទៀត​បានឡើយ​។ «​ជាគោលការណ៍​របស់​ពួកយើង នៅក្នុង​អាស៊ាន ជាធម្មតា​យើង​មិន​ចង់​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ណាមួយ​ទេ​។ យើង​ក៏​មិន​ចង់ឱ្យ​អ្នកណាម្នាក់​យក​ទឹកដី​ម៉ាឡេស៊ី ធ្វើជា​មូលដ្ឋាន ដើម្បី​ប្រឆាំងនឹង​ប្រទេស​ដទៃ​ឡើយ​»​។​
​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Datuk Saifuddin Abdullah បាន​និយាយថា ក្រសួង​របស់លោក មិនទាន់​សម្រេចចិត្ត​លើ​សំណើ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​បញ្ជូន​ពលរ​ដ្ឋ​មួយចំនួន រួមទាំង​អ្នកស្រី​មូរ​សុខ​ហួរ ទៅ​កម្ពុជា​វិញ​ឡើយ ។ នេះ​បើតាម​សារព័ត៌មាន Straits Times​។​
 
​អ្នកស្រី មួរ សុខ​ហួរ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៦ វិច្ឆិកា ក្រោយពី​បញ្ចប់​ការធ្វើ​សន្និសីទកាសែត​មួយ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ជុំវិញ​ការវិល​ត្រឡប់មក​កម្ពុ​ជា​។ ពេលទៅដល់​ម៉ាឡេស៊ី​ភ្លាម ក្រុម​អាជ្ញាធរ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ក៏បាន​ឃាត់ខ្លួន​អ្នកស្រី មូរ សុខ​ហួរ នៅ​ព្រលានយន្តហោះ​តែម្ដង​។ ក្រៅពី​អ្នកស្រី មួរ សុខ​ហួរ ក៏មាន​សកម្មជន​អតីត​បក្សប្រឆាំង​២​រូប​ទៀត គឺ​កញ្ញា ងី​ម គាថា និង​លោក ស៊ា​ង លាង​ហេង ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៥ វិច្ឆិកា​ដែរ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកស្រី មួរ សុខ​ហួរ ដើម្បី​សុំ​លម្អិត​ពី​ការឃាត់ខ្លួន នៅ​ថ្ងៃទី​៨ វិច្ឆិកា​នេះ​បានឡើយ​ទេ ដោយសារ​អ្នកស្រី ប្រាប់ថា ខ្លួន​កំពុង​រវល់​។ ប៉ុន្តែ​អ្នកស្រី មួរ សុខ​ហួរ បាន​ប្រាប់​ដល់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA កាលពី​ថ្ងៃទី​៧ វិច្ឆិកា​ថា អ្នកស្រី ត្រូវបាន​ប៉ូលីស​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ឃាត់ខ្លួន​តាំងពី​យប់​ថ្ងៃ​ពុធ រំលង​អា​ធ្រា​ត្រ ដោយសារ​មាន​លិខិត​ហាមឃាត់​ពី​រដ្ឋាភិបាល​ខ្មែរ​។ បើតាម​អ្នកស្រី មួរ សុខ​ហួរ ក្រោយ​ការ​ស៊ើបសួរ​អស់​រយៈពេល​ជិត​២០​ម៉ោង អាជ្ញាធរ​ក៏បាន​សម្រេច​ឲ្យ​អ្នកស្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពី​រូប​ផ្សេងទៀត គឺ​កញ្ញា ងឹ​ម គាថា និង​លោក ស៊ា​ង លាង​ហេង ឲ្យ​ចូលក្នុង​ប្រទេស​ម៉ាឡេស៊ី នៅ​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច​ថ្ងៃទី ៧ វិច្ឆិកា​។​
 
​ដោយឡែក​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវបាន​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ (Thai Airways) បាន​បដិសេធ​មិនឱ្យ​លោក ឡើង​យន្តហោះ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ឆ្ពោះ​មក​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដែរ​។ ក្រោយ​ការបដិសេធ​លោក សម រង្ស៊ី បាន​បង្ហោះ​វិ​ដេ​អូ​ឃ្លី​ប​មួយ ដោយ​អះអាងថា ខ្លួន​និង​មេដឹកនាំ​ផ្សេងទៀត នឹង​ពិភាក្សា​រក​វិធី​ចូលមក​កម្ពុជា​ឱ្យ​ទាល់តែ​បាន​។​
 
​ការបដិសេធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​នេះ ធ្វើឡើង​ក្រោយពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ភាគី​បណ្ដា​ប្រទេស​អាស៊ាន ដែលមាន​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ ជាដើម​នោះ បាន​យល់ព្រម​តាម​សំណើ​របស់​សម្ដេច ក្នុង​ការមិន​អនុញ្ញាតឱ្យ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់មក​កម្ពុជា​៕
 
 

Tag:
 មហា​ធៀ​
  ម៉ាឡេស៊ី​
  មួរ សុខ​ហួរ
© រក្សាសិទ្ធិដោយ thmeythmey.com