ជាតិ
នយោបាយជាតិ
អ្នកប្រឆាំង សុំពឹងពាក់ប្រទេសជិតខាង ផ្តល់កន្លែងឈរជើង ដើម្បីបានចូលកម្ពុជា លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែត ពេលលោក ទៅព្រលានយន្តហោះ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីហោះចេញពីបារាំង ចូលមកថៃ តែមិនត្រូវបានហាមឃាត់ (រូបពីទំព័រហ្វេសប៊ុក Sam Rainsy)
× អតីតគណបក្សប្រឆាំង ត្រូវការប្រទេសណាមួយនៅជិតកម្ពុជា ធ្វើជាកន្លែងឈរជើង សម្រាប់ប្រមូលផ្តុំអ្នកគាំទ្រ ហើយធ្វើដំណើរចូលមកកម្ពុជាជាមួយគ្នា។ អតីតគណបក្សប្រឆាំង បានទទូចដល់ប្រទេសជិតខាងកម្ពុជា អនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រឆាំង ដែលដឹកនាំដោយលោក សម រង្ស៊ី បានចូលទឹកដីរបស់ពួកគេ។
អតីតគណបក្សប្រឆាំង បានសរសេរក្នុងសេចក្តីថ្លែងការណ៍ ដែលចេញពីក្រៅប្រទេស ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«គណបក្សសង្គ្រោះជាតិ អំពាវនាវដល់អាជ្ញាធរកម្ពុជា និងប្រទេសជិតខាង បើកផ្លូវឲ្យលោក សម រង្ស៊ី និង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចូលទៅកម្ពុជាដោយសន្តិភាព នៅថ្ងៃទី៩ ខែវិច្ឆិកា ហើយសូមធានាសុវត្ថិភាពនិងចលនារបស់យើង ពេលយើងទៅដល់កម្ពុជា...»។
ការចេញសេចក្តីថ្លែងការណ៍នេះ គឺក្រោយពីលោក សម រង្ស៊ី បរាជ័យមិនបានហោះចេញពីបារាំង នៅថ្ងៃទី៧ ខែវិច្ឆិកា ចូលមកទឹកដីថៃ។ លោក សម រង្ស៊ី អះអាងថា ក្រុមហ៊ុនយន្តហោះ Thai Airways របស់ថៃ បានទទួលបញ្ជាពីរដ្ឋាភិបាលរបស់ខ្លួន មិនអនុញ្ញាតឲ្យលោក ឡើងយន្តហោះនោះទេ។ ប៉ុន្តែ ក្រុមហ៊ុន Thai Airways ប្រាប់សារព័ត៌មាននានាថា លោក សម រង្ស៊ី ពុំបានកក់សំបុត្រយន្តហោះឡើយ។
លោក សម រង្ស៊ី នៅតែបង្ហាញការប្តេជ្ញាចិត្តរបស់លោក ក្នុងការវិលត្រឡប់មកកម្ពុជា នាពេលខាងមុខឆាប់ៗនេះ។ ទន្ទឹមនឹងនេះ លោក ប្រាប់អ្នកគាំទ្រ កុំឲ្យបាក់ទឹកចិត្ត ដោយសារតែលោក ខកខានជើងហោះហើរនាពេលនេះ។
លោក សម រង្ស៊ី លើកឡើងថា លោក កំពុងតែស្វែងរកទិញសំបុត្រយន្តហោះពីក្រុមហ៊ុនយន្តហោះផ្សេងទៀត ដើម្បីធ្វើដំណើរមកកាន់ប្រទេសណាមួយ នៅជិតកម្ពុជា ហើយនឹងប្រមូលផ្តុំកម្លាំងអ្នកគាំទ្រ ចូលមកកម្ពុជា ឲ្យទាល់តែបាន ដូចដែលលោក បានសន្យានិងដាក់ផែនការរួចមក។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែវិច្ឆិកា លោក សម រង្ស៊ី និយាយដូច្នេះថា៖«ទៅទាល់តែបាន ទៅទាល់តែដល់ [កម្ពុជា] ទៅថ្មើរជើង ទៅជិះរទេះគោ ទៅជិះសេះ ទៅជិះដំរី។ យើងចង់ទៅ យើងធ្វើអីក៏បានដែរ អាស្រ័យលើការប្តេជ្ញាចិត្តរបស់យើង»។
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ ប្រកាសមិនឲ្យលោក សម រង្ស៊ី ចូលទឹកដីថៃឡើយ។ ចំណែក អាជ្ញាធរម៉ាឡេស៊ី បានឃាត់ខ្លួនអ្នកស្រី មូរ សុខហួរ រយៈពេលខ្លី តែអ្នកស្រី ត្រូវបានដោះលែងវិញហើយ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណរដ្ឋាភិបាលថៃ ម៉ាឡេស៊ី រួមទាំង ឥណ្ឌូណេស៊ីផងដែរ ចំពោះចំណាត់ការលើលោក សម រង្ស៊ី និង បក្សពួករបស់លោក។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីប្រកាសឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា យ៉ាងដូច្នេះថា៖«ពេលខ្ញុំទៅប្រជុំអាស៊ាន [លើកទី៣៥ នៅថៃ] ខ្ញុំបានធ្វើការជាមួយដៃគូទាំងអស់ នៅក្នុងអាស៊ានរបស់យើង ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដែលចូលរួមចំណែកទៅដល់ស្ថិរភាពរបស់ប្រទេស»៕
Tag:
សម រង្ស៊ី
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com