ជាតិ
អាជ្ញាធរ​មិនទាន់មាន​វិធានការ​លើ​អ្នក​ដែល​ព្រលែង​ក្រពើ​ចូល​ក​សិន្ធុ​អង្គរវត្ត​ទេ​
08, Nov 2019 , 2:43 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប ៖ អាជ្ញាធរខេត្តកំពុងចុះប្រតិបត្តិការស្វែងរកកូនក្រពើ ដែលត្រូវបានគេព្រលែងនៅក្នុងទឹកកសិន្ធុអង្គរវត្ត
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប ៖ អាជ្ញាធរខេត្តកំពុងចុះប្រតិបត្តិការស្វែងរកកូនក្រពើ ដែលត្រូវបានគេព្រលែងនៅក្នុងទឹកកសិន្ធុអង្គរវត្ត
​សៀមរាប​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​បានបង្ហាញ​ក្ដីបារម្ភ​ជាខ្លាំង បន្ទាប់ពី​បណ្ដាញ​សង្គម​បាន​ផ្សព្វផ្សាយ​ពី​ការ​ព្រលែង​​ក្រពើ​មួយ​ក្បាល​ចូលទៅក្នុង​ទឹក​ក​សិន្ធុ​អង្គរវត្ត​។ ភ្លាមៗ​រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា រួម​និង​កម្លាំង​ជំនាញ ចុះ​ពិនិត្យ​ទីតាំង​ព្រលែង​ក្រពើ​នោះ និង​ចាត់វិធានការ ដើម្បី​ចុះ​ចាប់​ក្រពើ​មកវិញ​។ អាជ្ញាធរ​មិនទាន់មាន​វិធានការ​បែបណា​នៅឡើយ ទៅ​បុគ្គល​ដែល​យក​កូន​ក្រពើ​ព្រលែង​ក្នុង​ទឹក​ក​សិន្ធុ​។​

 
​នាយក​រដ្ឋបាល​ខេត្តសៀមរាប លោក សុខ ថុល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា លោក​និង​ក្រុមការងារ​ជំនាញ​បាន​ចុះទៅ​ដល់ទី​តាំ​ងក​សិន្ធុ​អង្គរវត្ត និង​បាន​រិះរក​មធ្យោបាយ​គ្រប់​ប្រភេទ​តាម​ចាប់​កូន​ក្រពើ​នោះ​ឱ្យ​ទាល់តែ​បាន​។ លោក​បន្តថា កម្លាំង​ជំនាញ​នឹង​ប្រើ​សំណាញ់​មោង​ឬ​ពិល​ឆ្លុះ តាម​ចាប់​កូន​ក្រពើ​នៅពេល​យប់​រហូត​ស្វែងរក​ក្រពើ​នោះ​ឃើញ​។ ជាមួយគ្នានេះ លោក សុខ ថុល សុំឱ្យ​ពលរដ្ឋ​លែងមាន​ការបារម្ភ​និង​ភិតភ័យ​បន្តទៀត​។​
 
​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ប្រាប់ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​សហការ​យ៉ាងរឹងមាំ​ជាមួយ​កម្លាំងចម្រុះ ពិសេស​មន្ទីរ​ធនធាន​ទឹក និង​មន្ទីរ​កសិកម្ម ដើម្បី​ធ្វើការ​២៤​ម៉ោង​លើ​២៤​ម៉ោង តាម​ចាប់​កូន​ក្រពើ​នោះមក​វិញ​។ 
 
​នៅពេល​សួរថា តើ​អាជ្ញា​ធរមាន​វិធានការ​បែបណា​លើ​បុគ្គល​ដែល​ព្រលែង​ក្រពើ​នោះ នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ប្រាប់ថា​លោក​មិនទាន់​ដឹង​នៅឡើយ រីឯ​លោក ឡុង កុសល សុំ​មិន​ឆ្លើយ​នូវ​សំណួរ​នេះ​។​
 
​សាធារណ​ជន​បាន​រិះគន់​ទៅលើ​លោកស្រី ហ៊ុន ស៊ី​ណាត បាន​ព្រលែង​កូន​ក្រពើ​មួយ​ក្បាល​ចូល​ទឹក​ក​សិន្ធុ​អង្គរវត្ត​។ គេ​មិនបាន​ដឹងថា​លោកស្រី​ព្រលែង​នៅ​ថ្ងៃ​ណា​ទេ ដោយ​ក្នុង​សារ​ដែល​លោកស្រី ហ៊ុន ស៊ី​ណាត បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះថា Sinath Hun មាន​អត្ថន័យ​យ៉ាង​ដូច្នេះ​ថា​៖«​ម្សិល​ម្ញៃ​បាន​លែង​ក្រពើ​នៅមុខ​អង្គរ​មួយ​ក្បាល មាន​បងប្អូន​កូនក្មួយ​ភ័យ​ថា​ដល់ពេល​វា​ធំ​គិត​ម៉េច​ទៅ ខ្ញុំ​គិតថា​លែង​មុខ​អង្គរ​ឱ្យ​វា​កាន់​ធម៌អាថ៌ វា​គ្រាន់បើ​លែង​មនុស្ស​ចិត្ត​តិរច្ឆាន មិនដឹង​គុណ​ទោស​ចង់តែ​បំផ្លាញ​អ្នកដទៃ​»​។​
 
​សារ​មួយទៀត​របស់លោក​ស្រី ហ៊ុន ស៊ី​ណាត ដែល​ចេញមក​បកស្រាយ​ករណី​នេះ គឺ​លោកស្រី​មិនមាន​ចេតនា​អ្វី​ទេ ដោយ​គ្រាន់តែ​ឃើញ​ក្មេង​ស្ទួ​ច​បាន​នៅ​ទីនោះ រួច​ក៏​ទិញ​យកទៅ​ព្រលែង​វិញ​តែប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត​លោកស្រី ហ៊ុន ស៊ី​ណាត អះអាងថា ខ្លួន​មិនបាន​ឃើញ​បម្រាម​ហាម​មិនឱ្យ​ព្រលែង​កូន​ត្រី និង​កូន​ក្រពើ​នោះទេ​៕
 




 

Tag:
 ​ហ៊ុន ស៊ី​ណាត​
  ក្រពើ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com