ជាតិ
លោក ព្រាប កុល៖ អ្នកនយោបាយខ្មែរ កំពុងដើរលើមាគ៌ានយោបាយ «ចាញ់ ចាញ់» រូបពីហ្វេសប៊ុកលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
× ភ្នំពេញ៖ កម្ពុជានឹងខាតបង់ផលចំណេញផ្នែកសេដ្ឋកិច្ច បើសិនជាជម្លោះនយោបាយនៅតែបន្តកើតឡើង។ សង្គមស៊ីវិល មើលឃើញបែបនេះ ស្របពេលអ្នកនយោបាយកំពុងឌឺដងគ្នា ជុំវិញការប្រកាសវិលចូលរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមើលឃើញថា ព្រឹត្តិការណ៍នយោបាយបច្ចុប្បន្ននេះ បានធ្វើឲ្យកម្ពុជាខាតបង់យ៉ាងច្រើន ដូចជាការវិនិយោគនៅក្នុងប្រទេស ជាពិសេសអាចនឹងបណ្ដាលឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA និង GSPទៀតផង។
លោកបន្តថា រដ្ឋាភិបាលក៏បានខាតបង់ថវិកាផងដែរ ព្រោះត្រូវចំណាយលុយច្រើនលាន ដើម្បីប្រើប្រាស់និងចល័តទ័ព ត្រៀមទប់ស្កាត់បាតុភាពជាយថាហេតុ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានសសេរលើទំព័រហ្វេសប៊ុកដូច្នេះថា អ្នកនយោបាយខ្មែរ កំពុងដើរលើមាគ៌ានយោបាយ ចាញ់ ចាញ់ នៅក្នុងព្រឹត្តិការណ៍នេះ បានផ្តល់ផលប៉ះពាល់អវិជ្ជមានជាក់ស្តែងគឺខ្មែរខាតបង់ច្រើនយ៉ាងដូចខាងក្រោម៖៖«អ្នកវិនិយោគមិនចង់ដាក់ទុនរកស៊ី ឬត្រូវពន្យាពេលសម្រេចចិត្តធ្វើការវិនិយោគ ចរន្តពាណិជ្ជកម្ម នឹងមានការបន្ថយល្បឿន»។
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគផ្នែកសេដ្ឋកិច្ច បានលើកឡើងថា បញ្ហានយោបាយនាពេលបច្ចុប្បន្ននេះពិតជាមានផលរំខាន់ខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសលើផ្នែកអចលនទ្រព្យ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។
លោកបាននិយាយថា៖«ខ្ញុំគិតថាជារួមមិនមានការប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងនោះទេ ខណៈរាជរដ្ឋាភិបាលបានប្រឹងទប់ស្ថានការណ៍មិនឲ្យធ្លាក់ទៅរកវិប្បត្តិធ្ងន់ធ្ងរ»។
ក្រៅពីខាតបង់ផ្នែកសេដ្ឋកិច្ច កម្ពុជាក៏ខាតបង់លើផ្នែកនយោបាយផងដែរ គឺបរទេសជាអ្នកទទួលផលពីជម្លោះផ្ទៃក្នុងរបស់កម្ពុជាទៅវិញទេ។ ត្រង់ចំនុចនេះ លោក ព្រាប កុល បានលើកឡើងថា ចិនកាន់តែឆ្លៀតឱកាសកេងចំណេញលើនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា ខណៈប្រទេសវៀតណាមបានព្រំសីមាដែលខ្លួនប្រាថ្នាចង់បាន ហើយជនអន្តោប្រវេសវៀតណាមខុសច្បាប់ជាច្រើន ឆ្លៀតពេលចូលសញ្ជាតិផងដែរ។
ដើម្បីដោះស្រាយលើបញ្ហាដែលកំពុងប្រឈមមុខនេះ លោក ព្រាប កុល បានលើកឡើងថា អ្នកនយោបាយទាំងពីរក្រុមនេះ គួរតែជជែក ឬចរចារគ្នា ដោយគិតផលប្រយោជន៍ជាតិជាធំ ដោយផ្អែកលើមាគ៌ាប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងជាពិសេសការបើកឱ្យមានការប្រគួតប្រជែងនយោបាយដោយស្មើភាព ដោយសេរី និងយុត្តិធម៌។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលនូវការលើកឡើងរបស់លោកព្រាប កុល ដោយលោកបានលើកឡើងថា ករណីនេះមិនមែនជាជម្លោះនយោបាយនោះទេ វាជារឿងឧក្រិដ្ឋកម្ម ដែលរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងរក្សារស្ថេរភាព និងសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកបានអះអាងថា សេដ្ឋកិច្ចកម្ពុជាមានស្ថានភាពល្អ និងបន្តមានកំណើនល្អ ខណៈកំណើននៃអ្នកវិនិយោគិន ដែលមករកស៊ីនៅក្នុងប្រទេសកម្ពុជា បន្តមានជាហូរហែ។ «ការលើកឡើងរបស់លោកព្រាប កុល គ្រាន់តែជាវោហារសាស្ត្រនយោបាយស្ថិននៅក្នុងអារម្មណ៍របស់គាត់ ដែលគាត់មាននិន្នាការ មិនទទួលស្គាល់ពីការរីកចម្រើនរបស់កម្ពុជា»។ នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន ដែលអះអាងថា រឿងនយោបាយនៅកម្ពុជា មិនបានធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍ ហើយផ្ដល់ឱកាសឱ្យបរទេសទេ សូម្បីតែបញ្ហាព្រំដែន។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅសល់តែ ១៤ ភាគរយ ក្រោយភាគីទាំងពីរដោះស្រាយរយៈពេល១០ឆ្នាំមកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com