អន្តរជាតិ
ឈិនឡុង ខកខានទៅកម្មវិធីនៅវៀតណាមក្រោយត្រូវចោទថា គាំទ្រប៉េកាំងរឿងសមុទ្រចិនខាងត្បូង លោក ឈិន ឡុង (AFP)
× ដំណើរទស្សនកិច្ចដែលរៀបចំទុកមុនរបស់លោក Jackie Chan ឬស្គាល់ថា ឈិន ឡុង ទៅកាន់ប្រទេសវៀតណាមសម្រាប់កម្មវិធីមនុស្សធម៌ ត្រូវបានលុបចោលវិញ បន្ទាប់ពីមានការរិះគន់តាមអនឡាញពាក់ព័ន្ធការទាមទារបែបវាតទីរបស់ក្រុងប៉េកាំងក្នុងបញ្ហាសមុទ្រចិនខាងត្បូង។
តារាសម្តែងដើមកំណើតហុងកុង ឈិនឡុង គ្រោងធ្វើដំណើរទៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម នៅថ្ងៃ ១០ វិច្ឆិកា ដើម្បីគាំទ្រដល់កម្មវិធីមនុស្សធម៌មួយឈ្មោះថា «Operation Smile» ដែលផ្តល់ការវះកាត់ដោយឥតគិតថ្លៃចំពោះកុមារដែលខូចទ្រង់ទ្រាយផ្ទៃមុខ។ ក៏ប៉ុន្តែ គម្រោងរៀបចំទុកនេះ ត្រូវបានផ្អាកក្រោយពីអ្នកប្រើប្រាស់ហ្វេសប៊ុករាប់ពាន់ដែលផ្ទុះកំហឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នករៀបចំកម្មវិធីនេះ នៅពេលពួកគេបានប្រកាសអំពីគម្រោងនៃការមកដល់របស់លោក ឈិន ឡុង កាលពីសប្តាហ៍មុន។
អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះបានបញ្ចេញយោបល់ថា លោក ឈិន ឡុង បានសម្តែងការគាំទ្រចំពោះ«បន្ទាត់ក្រហម៩ឆ្នូត» របស់ចិន ដែលក្រុងប៉េកាំងទាមទារថាជារបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ដោយផ្អែកលើតាក់តាងប្រវត្តិសាស្ត្រ។ យ៉ាងណាមិញ គេសង្កេតឃើញថា លោក ឈិន ឡុង ពុំធ្លាប់បានប្រកាសជំហរជាសាធារណៈថាគាំទ្រចំពោះការទាមទារដ៏ចម្រូងចម្រាសរបស់ចិនក្នុងសមុទ្រជម្លោះនោះឡើយ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នករៀបចំកម្មវិធីមនុស្សធម៌នេះ នៅថ្ងៃសុក្រ ៨ វិច្ឆិកា បានចេញមុខសុំទោសសម្រាប់ការបរាជ័យក្នុងការគិតទុកមុនពីប្រតិកម្មរបស់ពលរដ្ឋវៀតណាមជុំវិញវត្តមានរបស់លោក ឈិន ឡុង។ ទន្ទឹមនេហ ពួកគេ អះអាងថា កិច្ចការរបស់ពួកគេ ពុំពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
សូមបញ្ជាក់ថា វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាមទារផ្សេងទៀតក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដែលហ៊ានរិះគន់តតាំងជាមួយក្រុងប៉េកាំង។ ក្រៅពីប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី, ហ្វីលីពីន, កោះតៃវ៉ាន់ និងព្រុយណេ សុទ្ធតែជាប្រទេសដែលទាមទារដែនអធិបតេយ្យភាពតាមផ្នែករៀងៗខ្លួនក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធានធម្មជាតិ និងផ្លូវពាណិជ្ជកម្មដ៏សំខាន់៕
Tag:
ចិន
វៀតណាម
ឈិនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com