អន្តរជាតិ
ឈិន​ឡុង ខក​ខានទៅ​កម្មវិធី​នៅ​វៀតណាម​ក្រោយ​ត្រូវ​ចោទថា គាំទ្រ​ប៉េកាំង​រឿង​សមុទ្រ​ចិន​ខាងត្បូង​
08, Nov 2019 , 9:39 pm        
រូបភាព
លោក ឈិន ឡុង (AFP)
លោក ឈិន ឡុង (AFP)
ដោយ:
​ដំណើរ​ទស្សនកិច្ច​ដែល​រៀបចំ​ទុក​មុន​របស់លោក Jackie Chan ឬ​ស្គាល់​ថា ឈិន ឡុង ទៅកាន់​ប្រទេស​វៀតណាម​សម្រាប់​កម្មវិធី​មនុស្សធម៌ ត្រូវបាន​លុបចោល​វិញ បន្ទាប់ពី​មានការ​រិះគន់​តាម​អន​ឡាញ​ពាក់ព័ន្ធ​ការទាមទារ​បែប​វាតទី​របស់​ក្រុង​ប៉េកាំង​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។



​តារា​សម្តែង​ដើមកំណើត​ហុងកុង ឈិន​ឡុង គ្រោង​ធ្វើដំណើរ​ទៅ​រដ្ឋធានី​ហាណូយ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ ១០ វិច្ឆិកា ដើម្បី​គាំទ្រ​ដល់​កម្មវិធី​មនុស្សធម៌​មួយ​ឈ្មោះថា «Operation Smile» ដែល​ផ្តល់​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ចំពោះ​កុមារ​ដែល​ខូច​ទ្រង់ទ្រាយ​ផ្ទៃមុខ​។ ក៏ប៉ុន្តែ គម្រោង​រៀបចំ​ទុក​នេះ ត្រូវបាន​ផ្អាក​ក្រោយពី​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​រាប់ពាន់​ដែល​ផ្ទុះ​កំហឹង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នករៀបចំ​កម្មវិធី​នេះ នៅពេល​ពួកគេ​បានប្រកាស​អំពី​គម្រោង​នៃ​ការមកដល់​របស់លោក ឈិន ឡុង កាលពី​សប្តាហ៍​មុន​។

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​បញ្ចេញយោបល់​ថា លោក ឈិន ឡុង បាន​សម្តែង​ការគាំទ្រ​ចំពោះ​«​បន្ទាត់​ក្រហម​៩​ឆ្នូត​» របស់​ចិន ដែល​ក្រុង​ប៉េកាំង​ទាមទារ​ថា​ជា​របស់ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ផ្អែកលើ​តាក់​តាង​ប្រវត្តិសាស្ត្រ​។ យ៉ាងណាមិញ គេ​សង្កេតឃើញថា លោក ឈិន ឡុង ពុំ​ធ្លាប់​បានប្រកាស​ជំហរ​ជា​សាធារណៈ​ថា​គាំទ្រ​ចំពោះ​ការទាមទារ​ដ៏​ចម្រូងចម្រាស​របស់​ចិន​ក្នុង​សមុទ្រ​ជម្លោះ​នោះឡើយ​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នករៀបចំ​កម្មវិធី​មនុស្សធម៌​នេះ នៅ​ថ្ងៃ​សុក្រ ៨ វិច្ឆិកា បាន​ចេញមុខ​សុំទោស​សម្រាប់​ការបរាជ័យ​ក្នុងការ​គិតទុក​មុន​ពី​ប្រតិកម្ម​របស់​ពលរដ្ឋ​វៀតណាម​ជុំវិញ​វត្តមាន​របស់លោក ឈិន ឡុង​។ ទន្ទឹម​នេ​ហ ពួកគេ អះអាងថា កិច្ចការ​របស់​ពួកគេ ពុំ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​។

​សូមបញ្ជាក់ថា វៀតណាម គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាមទារ​ផ្សេងទៀត​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ៊ាន​រិះគន់​តតាំង​ជាមួយ​ក្រុង​ប៉េកាំង​។ ក្រៅពី​ប្រទេស​វៀតណាម ប្រទេស​ម៉ាឡេស៊ី​, ហ្វីលីពីន​, កោះ​តៃវ៉ាន់ និង​ព្រុយ​ណេ សុទ្ធតែជា​ប្រទេស​ដែល​ទាមទារ​ដែន​អធិបតេយ្យភាព​តាម​ផ្នែក​រៀងៗ​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​៕







Tag:
 ចិន​
  វៀតណាម​
  ឈិន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com