ONE Championship
កីឡាជាតិ
Rodtang៖ ការចេះ​ដាក់ខ្លួន រួមចំណែក​ឲ្យ​ខ្លួន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​
08, Nov 2019 , 8:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

Rodtang  Jitmuangnon រហស្សនាម «The Iron Man» ជា​កីឡាករ​ជំនាញ​ក្បាច់គុន​មួយ​ថៃ​មួយរូប​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Flyweight Muay Thai World Champion ក្រោយ​ដណ្ដើមបាន​ពី​កីឡាករ​ចក្រភព​អង់គ្លេស Jonathan Haggerty កាល​ខែសីហា និង ការពារ​ខ្សែក្រវាត់​លើកទីមួយ​បានសម្រេច​ទល់នឹង​កីឡាករ​ប្រេ​ស៊ី​ល Walter Goncalves កាល​ដើម​ខែតុលា​កន្លងទៅ​។ ការ​ឈ្នះ​ជើងឯក​ពិភពលោក​នេះ Rodtang ថា​ការដាក់​ខ្លួន​បានរួម​ចំណែក​ជួយ​ឲ្យ​រូបគេ​ជោគជ័យ​ដ៏​ធំធេង​។



​កីឡាករ​វ័យ​២២​ឆ្នាំ បាន​ការពារ​ខ្សែក្រវាត់​លើក​ទី​១​បានសម្រេច​ទល់នឹង Walter Goncalves កាល​ថ្ងៃទី​១៣ ខែ តុលា ក្នុង​កម្មវិធី  ONE: CENTURY​។ Rodtang  នៅតែ​រៀនសូត្រ​អំពី​ការហ្វឹកហាត់ និង ប្រកួត​លើស​ង្វៀន​ជាង​១ ទសវត្ស​មកនេះ និង មិន​ក្រអឺតក្រទម​នោះឡើយ​។ បុរស​មកពី​បាងកក ទទួលជោគជ័យ​ទាំង​វ័យក្មេង​ក្នុងនាម​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ប៉ុន្តែ​រូបគេ​នៅតែ​រក្សា​ភាពស្ងប់ស្ងាត់​ដើម្បី​ទទួលបាន​ជោគជ័យ​បន្តបន្ទាប់​ទៀត​។​



Rodtang បាន​ថ្លែងថា​៖«​ភាពល្អ​កើតឡើង​ពី​យើង​ខ្លួនឯង ហើយ​ជោគជ័យ​ក៏បាន​មកពី​មនុស្ស​ជុំវិញខ្លួន​ជួយ​ជ្រោមជ្រែង​ដែរ​។ ខ្ញុំ​ចង់​ប្រាប់​ដល់​កីឡាករ​គ្រប់រូប​ថា បើ​អ្នក​បាន​ល្បី អ្នក​មិនអាច​បំភ្លេច​ប្រភពដើម​ថា​ខ្លួន​មកពីណា​នោះឡើយ​។ ហើយ​មិនត្រូវ​បំភ្លេច​ថ្ងៃ​ដំបូង​ដែល​យើង​ចូល​ហ្វឹកហាត់​នៅក្នុង​ក្លិប​ដែរ​»​។​



Rodtang បាន​ស្គាល់​ច្បាស់​អំពី​បទពិសោធន៍ និង ភាពជោគជ័យ​ច្បាស់លាស់ និង នៅមាន​ដំណើរ​វែងឆ្ងាយ​ទៀត​ដើម្បី​សម្រេចបាន​ផ្លែផ្កា​ខាងមុខ​ក្នុងនាម​ជា​កីឡាករ​ប្រដាល់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ «The Iron Man» នៅតែ​រក្សា​ចំណង​នៃ​ការគោរព​ពី​សំណាក់​មនុស្ស​ជុំវិញខ្លួន ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​រូបគេ​ទទួលបាន​ជោគជ័យ​ជា​ត្រចះត្រចង់​។ «​ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​អ្នកជំនាន់ក្រោយ និង​ត្រូវគោរព​ដល់​អ្នក​ជំនាន់​មុន​។ នេះ​ជា​រឿង​ដែល​មិន​បង្រៀន​ទេ​។ វា​ជា​ផ្នែក​មិនអាច​កាត់ថ្លៃ​បាន​ក្នុងនាម​ជា​កីឡាករ​»​។ កីឡាករ​វ័យ ២២ ឆ្នាំ​បញ្ជាក់​បែបនេះ​។​

https://www.facebook.com/watch/?ref=external&v=2541849319206658

​តាំងពី​ចូលរួម​ប្រកួត​នៅ ONE Super Series, Rodtang ទទួល​ជ័យជម្នះ​៦​លើក​ជាប់​គ្នា ដោយ​បង្កើន​កំណត់ត្រា​ឈ្នះ ២៦០​លើក ចាញ់ ៤១ លើក និង ស្មើ ១០​លើក ហើយ​រូបគេ​បាន​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​លំដាប់​ពិភពលោក​។​



​ទោះជា​បែបណា​ក្ដី​អ្នកស្រុក Pattalung មិនបាន​ធ្វើ​ឲ្យ​ខ្លួនឯង​ផ្លាស់ប្ដូរ​អត្តចរិត​ពេល​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​នោះឡើយ​។ រូបគេ​នៅតែ​ហ្វឹកហាត់​ខ្លាំងក្លា និង ហាត់​ដោយ​ក្ដី​ស្រលាញ់​ដូច​ពីមុន​អីចឹង​។​ជើង​ខ្លាំង​ថៃ​រូបនេះ​នៅតែ​ត្រៀម​ឥតឈប់ឈរ ដើម្បី​ដល់​គោលដៅ​ចំណុចកំពូល​។  Rodtang រៀបចំ​ឲ្យ​ល្អ និង​មិន​ខ្លាច​កីឡាករ​ដែល​ត្រូវ​ប្រឈម​ដើម្បី​ការពារ​ខ្សែក្រវាត់​នោះឡើយ​។​

Rodtang បញ្ជាក់ថា ៖«​ក្នុង​កីឡា​ទាំងអស់ អ្នក​ត្រូវតែមាន​ឈ្នះ និង ចាញ់​។ មួយ​ថៃ​គឺជា​កីឡា​ដែល​បង្ហាត់​ពួកយើង​ឲ្យ​រៀន និង រីកចម្រើន​ទៅមុខ​ក្នុងនាម​មនុស្សជាតិ​។ វា​បង្ហាញ​ឲ្យ​យើង​ឃើញ​អំពី​បទពិសោធន៍​ទាំង​ជ័យជម្នះ និង បរាជ័យ ហើយ​បង្រៀន​ឲ្យ​ពួក​នូវ​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​មក​ដែរ​»​។​

​ហេតុផល​មួយទៀត​ដែល​ធ្វើ​ឲ្យ Rodtang ដាក់ខ្លួន​កាន់តែខ្លាំង​ដោយសារតែ​រូបគេ​កើតចេញពី​ត្រកូល​ក្រីក្រ​។ Rodtang មាន​បងប្អូន​បង្កើត​ដល់ ៩ នាក់ ដែល​ធ្លាប់​ដើរ​រើស​របស់​អេតចាយ​ដើម្បី​លក់ ហើយ​វា​ពេលវេលា​មួយ​ដ៏​លំបាក​មិនអាច​បំភ្លេចបាន​។ ម្ចាស់​ខ្សែក្រវាត់  ONE Flyweight Muay Thai World Champion បានធ្វើ​ឲ្យ​ខ្លួនឯង​ខ្ពស់​មុខ​ខ្ពស់​មាត់​ដោយសារ​ប្រដាល់ និង  ឡើងដល់​ចំណុចកំពូល​មួយ​សឹង​មិន​ជឿ ហើយ​ក៏បាន​ចងចាំ​រាល់​រឿងរ៉ាវ​ក្នុង​ជីវិត​ទម្រាំ​ដល់​ចំណុច​នេះ​។

Rodtang មិនដែល​ចាត់ទុក​ខ្លួនឯង​ជាម​នុស្ស​ពិសេស​អ្វី​នោះទេ ប៉ុន្តែ​ចង់​រក្សាខ្លួន​ឲ្យ​បានល្អ​ក្នុងនាម​ម្ចាស់​ខ្សែក្រវាត់ និង ដើម្បី​ការពារ​ខ្សែក្រវាត់​ពិភពលោក​។​
«​ការដាក់​ខ្លួន​មិនមែន​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​កីឡាករ​ល្អ​នោះទេ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​ក្នុងនាម​ជា​កីឡាករ​។ វា​ជា​អ្វីដែល​យើង​ត្រូវតែមាន និង បង្ហាញ​អ្នកគាំទ្រ​គាំទ្រ​ដល់​ពួកយើង​។ យើង​ត្រូវតែ​រំលឹក​ខ្លួន​ជារឿយ​នៅពេល​ជីវិត​របស់​យើង​កាន់​ល្អប្រសើរ យើង​មិនត្រូវ​ភ្លេចខ្លួន​។ នៅពេល​យើង​ធ្លាក់ខ្លួន ក៏​យើង​មិនត្រូវ​ភ្លេច​រឿងលើក​ទឹកចិត្ត​ខ្លួនឯង​ដែរ​»​។ Rodtang សង្កត់ធ្ងន់​បែបនេះ​។​

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MASTERS OF FATE
​នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពី​ក្រុង​ម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕



© រក្សាសិទ្ធិដោយ thmeythmey.com