ជាតិ
អាមេរិក គ្រោងផ្ដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងជំរុញអ្នកវិនិយោគអគ្គិសនីមកខេត្តព្រះសីហនុ ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ៖ លោក MICHAEL NEWILL អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិក ជួបលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ វិច្ឆិកា។
×
ដោយ៖ ធឿន បញ្ញាឫទ្ធិ
ភ្នំពេញ៖ អាមេរិក គ្រោងជួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនីនៅកម្ពុជា តាមរយៈការបញ្ជូនអ្នកជំនាញ និងវិនិយោគ។ លោក MICHAEL NEWILL អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិក បានថ្លែងបែបនេះ ប្រាប់ទៅលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ វិច្ឆិកា។
ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរថែមទៀត លោក MICHAEL NEWILL អះអាងថា អាមេរិក មានបំណងចង់ជួយដល់ការអភិវឌ្ឍនិងការវិនិយោគនៅខេត្តព្រះសីហនុ មានដូចជា ទី១.ចង់ផ្តល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ២.ចង់ជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាអង់គ្លេស និងកីឡា និងទី៣.នាំក្រុមហ៊ុនរបស់អាមេរិក មកវិនិយោគលើវិស័យថាមពលអគ្គីសនីនៅខេត្តព្រះសីហនុ ។ នេះបើតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ដែលបានស្រង់សម្តីអនុប្រធានបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិក។
តាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា បានស្រង់សម្តីលោក MICHAEL NEWILL និងលោក គួច ចំរើន បានសរសរបន្ថែមលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ភាគីទាំងពីរ ក៏បានពិភាក្សាលើការអភិវឌ្ឍដ៏លឿននៃតំបន់ឆ្នេរកម្ពុជា និងពីវិធីដែលអាចធ្វើការជាមួយគ្នា ដើម្បីជំរុញទាំងពាណិជ្ជកម្ម ទាំងការពារបរិស្ថាន សុខភាព និងបទដ្ឋានការងារទៀតផង។ បន្ថែមពីនេះ អាមេរិក ក៏អះអាងពីជំហធ្វើការរួមគ្នាជាមួយកម្ពុជាផងដែរ។
ស្ថានទូតអាមេរិក បានបង្ហោះរូប ដោយអមជាមួយសំណេដូច្នេះថា៖« កាលពីខែមុន អ្នកជំនាញអាមេរិកម្នាក់លើទេសចរណ៍ប្រកបដោយនិរន្តភាព បានធ្វើបឋកថាជាសាធារណៈមួយចំនួន នៅក្នុងខេត្តនេះ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកមានការទាក់ទងជាច្រើនជាមួយអ្នកជំនាញដែលអាចជួយលើការសិក្សាពីផលប៉ះពាល់ផ្នែកបរិស្ថាន ប្រព័ន្ធលូ និងផ្នែកដទៃទៀត។ ស្ថានទូតអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នា ដើម្បឲ្យប្រទេសកម្ពុជាមានអធិបតេយ្យភាព វិបុលភាព សន្តិសុខ ហើយប្រជាជនមានសុខភាពល្អ»។
កន្លងមកសហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុ លើសកម្មភាពការងារសមយុទ្ធ រវាងកងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ។ ហើយអាមេរិក ក៏បានជួយឧបត្ថម្ភគាំទ្រសាងសង់ និងជួសជុលអគារធ្វើការនៅមូលដ្ឋានសមុទ្រ និងការងារសង្គមមួយចំនួននៅក្នុងក្រុងព្រះសីហនុទៀតផង។ ក្រៅពីនេះអាមេរិក ក៏ជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ក្នុងនោះមានសាងសង់ និងជួសជុលសាលារៀន បន្ទប់ទឹកសិស្ស ជីកអណ្ដូងទឹកជាដើម ។ ចំណែកវិស័យសុខាភិបាល គឺអាមេរិកជួយសង់អគាររង់ចាំនៅមណ្ឌលសុខភាព និងបំពាក់បរិក្ខារពេទ្យ ។ ចំពោះវិស័យសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានជួយបញ្ជាទិញទំនិញជាច្រើនពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស។ នេះជាការលើកឡើងរបស់លោក គួច ចំរើន។
អភិបាលខេត្តព្រះសីហនុរូបនេះ បាននិយាយដូច្នេះថា ៖«រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ»។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្តបងប្អូនជាមួយនឹងទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០០ ហើយក៏ធ្លាប់ទទួលបាននូវជំនួយមនុស្សធម៍ពីអាមេរិក មានដូចជាការពិនិត្យព្យាបាលជំងឺទូទៅ និងព្យាបាលវះកាត់ភ្នែកចំនួន ២លើកមកហើយ ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ៕
Tag:
គួច ចំរើន
អាមេរិក
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com