ONE Championship
កីឡាជាតិ
ចាន់ រតនា យក​កំពូល​កីឡាករ​គុន​ចម្រុះ McGregor ជា​និមិត្តរូប​
09, Nov 2019 , 9:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ចម្រុះ ចាន់ រតនា និង ជា​កីឡាករ​ម្នាក់​ជាប់កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship អះអាងថា​កីឡាករ Conor McGregor អតីត​ម្ចាស់​ខ្សែក្រវាត់ featherweight និង lightweight ជា​និមិត្តរូប ឬ Idol របស់ខ្លួន​។



 ចាន់ រតនា បញ្ជាក់ថា​៖«​បាទ​បង​ខ្ញុំ​ស្រលាញ់​ការប្រកួត​របស់ Conor McGregor មើលទៅ​ពិតជា​ខ្លាំងណាស់​ជាពិសេស​ការបញ្ចប់​ដៃគូ​ដោយ​កណ្ដាប់​ឆ្វេង អស្ចារ្យ​មែនទែន​។ ខ្ញុំ​តែងតែ​តាមដាន​ពេល Conor ឡើង​ប្រកួត​ជារឿយៗ​។ គាត់​ជា​កីឡាករ​ហាត់​អាជីព​ច្បាស់លាស់ ហើយ ពេល​ទស្សនា​វីដេអូ​របស់គាត់ ខ្ញុំ​តែងតែ​ខំប្រឹង​ដើម្បី​ធ្វើ​ឲ្យ​ល្អ​នៅ​សង្វៀន​អន្តរជាតិ ONE»​។


​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​» គឺជា​កីឡាករ​កម្ពុជា​ល្អ​បំផុត​ម្នាក់​ដែល​ធ្វើ​បានល្អ​នៅ​សង្វៀន​ពិភពលោក ONE Championship មួយរយៈ​ចុងក្រោយ​នេះ​តាំងពី​ចុងឆ្នាំ ២០១៨ រហូតដល់​ឆ្នាំ ២០១៩ មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទាល់តែសោះ​។ កីឡាករ​វ័យ​៣៣ ឆ្នាំ​រូបនេះ​មិនទាន់​បញ្ឈប់​ក្ដី​ស្រមៃ​ត្រឹមនេះ​នោះទេ ពោល​រូបគេ​ចង់​ឡើង​ប្រកួត​ខ្សែក្រវាត់​កម្រិត​ពិភពលោក​លើ​ទម្ងន់ Flyweight នៅ​ថ្ងៃ​ណាមួយ តាម​ការរៀបចំ​របស់ ONE និង ប្រកួត​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​តំណាង​ឲ្យ​កម្ពុជា​។



​ចាន់ រតនា សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​មិន​ខ្វល់​អំពី​រឿង​ផ្ទាល់ខ្លួន​របស់ Conor McGregor ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​ភាពជា​កីឡាករ​អាជីព​របស់គេ​។ គេ​ធ្វើ​បានល្អ​តំណាង​ឲ្យ​ប្រទេស​អៀរ​ឡង់ និង ធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​។ ខ្ញុំ​ក៏ត្រូវ​រៀនសូត្រ​ពី​គាត់ [Conor McGregor] ដើម្បី​ឲ្យ​គេ​ស្គាល់​កម្ពុជា​ដូចគ្នា​។ ដូច្នេះ​ទើប​ខ្ញុំ​មាន​គ្រូ​ច្រើន​ផ្នែក​ទៅតាម​ជំនាញ​នីមួយៗ​ជួយ​បង្ហាត់ ខ្ញុំ​ឲ្យ​ល្អប្រសើរ និង ឆ្ពោះទៅរក​កីឡាករ​អាជីព​ពិតប្រាកដ​»​។



​ចាន់ រតនា ជា​កីឡាករ​ម្នាក់​ដែលមាន​បច្ចេកទេស​ហ្វឹកហាត់​ត្រឹមត្រូវ និង តស៊ូ​ព្យាយាម​ខ្លាំង​ទោះ​មាន​ប្រពន្ធ និង រវល់​បង្ហាត់​កូនសិស្ស​ជាប្រចាំ​ក៏ដោយ​។ រតនា មាន​គ្រូបង្វឹក​គ្រប់​ជំនាញ​ដើម្បី​ជួយ​គេ​ឲ្យ​ល្អ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ភាព​អាជីព​ដូច​កីឡាករ​អន្តរជាតិ​។ រតនា បង្វឹក​ដោយ​គ្រូ Lorenzo Lanzafame មកពី LLFitness ដែល​បង្ហាត់ បច្ចេកទេស​, កម្លាំង និង របប​អាហារ​, គ្រូ ខូវ វិ​វ​ឌ្ឍ​នា បង្ហាត់​ក្បាច់គុន​ជី​ជិត​ស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិ​គុយបា បង្វឹក​ផ្នែក​ប្រដាល់សកល​, គ្រូបង្វឹក Sov បង្វឹក​ភាព​អំណត់ និង គ្រូបង្វឹក  Jeppe បង្ហាត់​ខាង​ចលនា​សរសៃ​និង​ម៉ាស្សា​។

 
https://www.onefc.com/videos/chan-rothana-vs-rudy-agustian/

​បច្ចុប្បន្ននេះ ចាន់ រតនា ជា​កីឡាករ​បាន​បែងចែក​ពេលវេលា​ច្បាស់លាស់​ដើម្បី​ហ្វឹកហាត់​ខ្លួនឯង និង បង្ហាត់​កូនសិស្ស​នៅ​ក្លិប «​សិល្បៈ​»​។ ស្ថិតក្នុង​វ័យ​៣៣​ឆ្នាំ ចាន់ រតនា បាន​ប្ដូរ​ពី​ការប្រកួត​ប្រដាល់សេរី​ជាច្រើនលើក​មក​ប្រកួត​គុន​ចម្រុះ​អាជីព​បាន​ចំនួន ១០ លើក​ក្នុងនោះ​ឈ្នះ ៧ លើក និង ចាញ់ ៣ លើ​។ ជ័យជម្នះ​ល្អ​បំផុត គឺ ឈ្នះ ៣​លើកចុងក្រោយ​នៅ​សង្វៀន​ពិភពលោក ONE ដូចជា​វ៉ៃ កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់ Abrou Fernandes និង Rudy Agustian ឲ្យ​ចុះចាញ់ ហើយ បន្ត​ឈ្នះ​ពិន្ទុ  កីឡាករ Gustavo Balart កីឡាករ​ធ្លាប់​ប្រកួត​ចំបាប់​នៅ​អូឡាំពិក​កាល​ពាក់​កណ្ដាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ​។
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF DRAGONS​នៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពី​ប៉េកាំង ចាប់ពី​ម៉ោង ៦ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕





© រក្សាសិទ្ធិដោយ thmeythmey.com