កីឡាអន្តរជាតិ
Park បន្តធ្វើគ្រូវៀតណាម៣ឆ្នាំទៀត ជាមួយប្រាក់ឈ្នួលប្រហែល៥ម៉ឺនដុល្លារក្នុងមួយខែ
× លោក Park Hang-seo បានយល់ព្រមបន្តកិច្ចសន្យាធ្វើជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម និងក្រុម U23 រហូតដល់ឆ្នាំ២០២២។ កិច្ចសន្យារយៈពេល ៣ឆ្នាំរវាងសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានចុះហត្ថលេខារួចរាល់នៅថ្ងៃទី៧ ខែវិច្ឆិកា ក្នុងក្រុងហាណូយ ប្រទេសវៀតណាម។
កិច្ចសន្យាថ្មីនេះ នឹងចូលជាធរមានចាប់ពីខែកុម្ភៈ ឆ្នាំ២០២០តទៅ។ បើទោះបីមិនបានបញ្ជាក់ពីចំនួនប្រាក់ខែច្បាស់ ប៉ុន្តែមានការប៉ាន់ស្មានថាលោក Park ដែលដឹកនាំវៀតណាមពីឆ្នាំ២០១៧ មក ប្រហែលជាទទួលបានថ្លៃនឿយហត់ ៥ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ដែលធ្វើឲ្យលោកក្លាយជាគ្រូបង្វឹកកីឡាបាល់ទាត់ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម។ នេះបើតាមការផ្សាយរបស់កាសែតវៀតណាម Vietnam News ។
«ខ្ញុំមានមោទកភាពដែលបានធ្វើជាគ្រូបង្វឹករបស់វៀតណាម។ ខ្ញុំស្រលាញ់បាល់ទាត់វៀតណាមហើយខ្ញុំស្រលាញ់កីឡាកររបស់ខ្ញុំ។ នេះជាក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្ញុំ។ នៅពេលនេះខ្ញុំមានអារម្មណ៍ថាមានទំនួលខុសត្រូវខ្ពស់ប៉ុន្តែខ្ញុំសន្យាថានឹងខិតខំបន្ថែមទៀតដើម្បីឈានទៅរកភាពជោគជ័យនិងបំពេញតាមការរំពឹងទុករបស់ប្រជាជនវៀតណាម»។ នេះជាការអះអាងរបស់លោក Park ជាមួយភាពជឿងជាក់របស់លោកទៅលើកូនក្រុម។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង វ័យ៦០ឆ្នាំរូបនេះ នឹងទទួលបន្ទុកទាំងក្រុមជម្រើសជាតិ និងក្រុមក្រោមអាយុ ២៣ឆ្នាំ ក្នុងតំណែងរបស់លោករយៈពេល៣ឆ្នាំទៅមុខ។ Park រំពឹងថាលោកនឹងជួយវៀតណាមឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Sea Games) ជាលើកដំបូងនៅឆ្នាំនេះ ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះ។
ក្រោមការដឹកនាំរបស់លោក Park កន្លងមក វៀតណាមបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រជែងពានធំៗនៅតំបន់អាស៊ីរួចមកហើយ។ ក្រុមរហស្សនាមផ្កាយមាស បានក្លាយជាក្រុមតំបន់អាស៊ានតែមួយគត់ដែលអាចឆ្លងចូលដល់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ ដែលប្រទេសអេមីរ៉ាតអារ៉ាប់រួមធ្វើជាម្ចាស់ផ្ទះនោះ។
ហើយអ្វីដែលពិសេសនោះ Park បានជួយវៀតណាមឈ្នះជើងឯក Suzuki Cup ឆ្នាំ២០១៨ ទៀតផង។ បើទោះបានជួយវៀតណាមរីកមុខមាត់ក្តី ប៉ុន្តែ Park ធ្លាប់អះអាងរួចហើយថាក្រុមពីប្រទេសអាស៊ានមួយនេះត្រូវការរយៈពេលវែងសម្រាប់ការអភិវឌ្ឍកីឡាករឲ្យមានស្តង់ដាពិតប្រាកដមួយ។ លោកធ្លាប់ប្រាប់ VFF ថា បើចង់សង្ឃឹមទៅលេងពានលំដាប់ពិភពលោក គឺត្រូវការវិនិយោគលើកីឡាករវ័យក្មេង ដែលយ៉ាងហោចណាស់មានអាយុតិចជាងសមាជិកក្រុមជម្រើសជាតិបច្ចុប្បន្ននេះចំនួន១០ឆ្នាំ៕
Tag:
វៀតណាម
Park Hang-seo
© រក្សាសិទ្ធិដោយ thmeythmey.com