ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន​៖ បង្កើត​ទេសចរណ៍​សហគមន៍ ផ្ដល់​ចំណូល​ច្រើនជាង​កាប់​ឈើ បរបាញ់​សត្វ​
08, Nov 2019 , 5:49 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន លើកទឹកចិត្ត​ឲ្យ​មានការ​បង្កើតជា​ទេសចរណ៍​សហគមន៍ និង​អេកូ​ទេសចរណ៍ ដើម្បី​ផ្ដល់​ចំណូល​ដល់​ប្រជា​សហគមន៍ និង​ការពារ​ធនធានធម្មជាតិ​។​



​ក្នុង​សិក្ខាសាលា​បូកសរុប​ការប្រឡងប្រណាំង​រមណី​យ​ដ្ឋា​ន​ទេសចរណ៍​គំរូ​លើក​ទី​៣ នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា លោក ថោង ខុន បាន​លើកឡើងថា ការបង្កើត​ទេសចរណ៍​សហគមន៍ និង​អេកូ​ទេសចរណ៍ នឹង​ជួយ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការ​កា​ពារ​បរិស្ថាន ព្រៃឈើ និង​ធនធានធម្មជាតិ​ឲ្យ​មាន​និរន្តរភាព​។

​ប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ បាន​ស្រង់​ប្រសាសន៍​លោក ថោង ខុន ថា ប្រជាពលរដ្ឋ​អាច​បង្កើតជា​សហគមន៍​ទេសចរណ៍ ដោយ​អាច​រកចំណូលបាន​ច្រើនជាង​ការប្រកប​របរ​បរបាញ់​សត្វ កាប់​ព្រៃឈើ ឬ​កសិកម្មយថាផល​ទៅទៀត​។ លោក​បាន​បន្ត​ដូច្នេះ​ទៀតថា​៖«​នៅពេល​សហគមន៍​មាន​ធនធាន​ចម្រុះ​សម្បូរបែប រួមជាមួយ​ការយកចិត្តទុកដាក់​ប​ញ្ហា​អនាម័យ គុណភាព​សេវាកម្ម សុវត្ថិភាព​ចំណីអាហារ និង​បដិសណ្ឋាកិច្ច​ល្អ​ផង​នោះ សហគមន៍​ខ្លួនឯង​នឹង​ទទួលបាន​ការចាប់អារម្មណ៍ និង​វត្តមាន​របស់​ភ្ញៀវទេសចរ​ច្រើនឡើងៗ ដែល​បាន​នាំ​លំហូរ​ចំណូល​ថវិកា​ទៅក្នុង​សហគមន៍​ជា​បន្តបន្ទាប់ ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បាន​យ៉ាង​ស្រួល​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា បន្ត​ចូលរួម​ការពារ​បរិស្ថាន ធនធានធម្មជាតិ ដើម្បី​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ​។ លោក​អះអាងថា ការចូលរួម​របស់​ប្រជា​សហគមន៍​ក្នុង​កិច្ចការពារ​នេះ គឺជា​ការរួមចំណែក​អនុវត្ត​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​។​

​បើតាម​លោក ថោង ខុន កម្ពុ​ជាមាន​សក្ដានុពល​ផ្នែក​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​ក្នុង​តំបន់​ភូមិភាគ​ឦសាន ភាគ​និរតី និង​តំបន់​ផ្សេងៗ​មួយចំនួនទៀត​។ ហើយ​ក្រៅពីនេះ​បើតាម​លោក ថោង ខុន តំបន់​ទេសចរណ៍​បែប​វប្បធម៌ ប្រាង្គ​ប្រាសាទ ក៏មាន​សក្ដានុពល​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​សហគមន៍​ផងដែរ​៕


Tag:
 ទេសចរណ៍
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com