សំណួរពេញនិយម តើសង្គមជួយអ្វីខ្លះ
ភាគច្រើនទាំងក្មេងចាស់ កម្រណាស់សួរខ្លួនឯង។
បានធ្វើអ្វីខ្លះដែរ ដើម្បីខ្មែរឃើញជាក់ស្តែង
ក្រៅពីអួតសម្ញែង ឲ្យគេឯងកោតសរសើរ។
ខ្លះបានត្រឹមទ្រឹស្តី អាងមានថ្វីមាត់គ្រាន់បើ
មើលគេទាបមិនស្មើ ពើងទ្រូងដើរដៀលឌឺដង។
បន្ទោសតែសង្គម ទំនេរជុំលេងបៀតង
ចាក់ឆ្នោតល្បែងស៊ីសង ស្រែភូមិផងដាក់បញ្ចាំ។
បំណុលដល់វ័ណ្ឌក ធ្លាក់ខ្លួនក្រគ្រួសារស្រាំ
ដីសល់មិនខ្វល់ដាំ ដាក់បញ្ចាំបង្ហើយដៃ។
ជំនាញមិនប្រឹងចាប់ ខ្លះចំណាប់តែកាប់វ៉ៃ
ស្រវឹងមិនលស់ថ្ងៃ មិនប្រឹងច្នៃឲ្យខ្លួនខ្លាំង។
ដល់ពេលសួរសំណួរ ទោះក្នុងជួរស្របប្រឆាំង
ធ្វើម្តេចឲ្យជាតិខ្លាំង រួមកម្លាំងគ្នាបានអត់?