អន្តរជាតិ
សវនាការ​ដើម្បី​ចោទប្រកាន់​លោក ត្រាំ ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ពុធ​
09, Nov 2019 , 2:00 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​មានការ​រៀបចំ​ធ្វើ​សវនាការ​សាធារណៈ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ដោយ​យក​លោក​ប្រធានាធិបតី​ស​.​រ​.​អា​. ដូ​ណា​ល់ ត្រាំ ជា​ទីដៅ​អំពី​ថា​តើ​លោក​បាន​រំលោភ​តំណែង​របស់លោក​ដើម្បី​ជួយ​នយោបាយ​របស់លោក​ដែរឬទេ​។​

 
​ការពិត​ជាក់ស្តែង​នៃ​ករណី​យ​នេះ​មាន​គ្រប់គ្រាន់ ក៏ប៉ុន្តែ​ភាពខុសគ្នា​មាន​ច្រើន​ហើយ​នាំឱ្យមាន​ការខ្វែងគំនិត​គ្នា​។​
 
​នៅក្នុង​អត្ថបទ​ជា​លាយលក្ខណ៍អក្សរ​ចេញផ្សាយ​ដោយ​សេត​វិមាន នៅក្នុង​ការនិយាយ​ទូរស័ព្ទ​មួយ​កាលពី​ចុងខែ​កក្កដា លោក ត្រាំ បាន​សុំ​ការអនុគ្រោះ​មួយ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyi​។​
 
​លោក ត្រាំ ចង់ឱ្យមាន​ការស៊ើបអង្កេត​មួយ​អំពី​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden ដែលជា​អ្នក​ប្រជែង​នឹង​លោក​នាំមុខគេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ស​.​រ​.​អា​.​ក្នុង​ឆ្នាំ​២០២០, អំពី​កូនប្រុស​លោក Biden ឈ្មោះ Hunter ដែល​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ​អ៊ុយ​ក្រែ​ន​មួយ​និង​អំពី​ការ​និយាយថា​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​ដែល​លោក ត្រាំ បានឈ្នះ​ហើយ​មិនមែន​រុស្ស៊ី​ទេ​ដែល​បាន​ជ្រៀតជ្រែក​ដែល​ផ្ទុយ​ពី​ការ​សន្ម​ត់របស់​សហគមន៍​ស៊ើប​ការសម្ងាត់​ស​.​រ​.​អា​.​។​
 
​នៅពេល​និយាយ​ទូរស័ព្ទ​នោះ លោក ត្រាំ បាន​ផ្អិ​ប​ជំនួយ​យោធា​ស​.​រ​.​អា​.​មាន​ទឹកប្រាក់​៣៩១​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ក្រុង​កៀវ ត្រូវការ​ណាស់​ដើម្បី​ជួយ​ពួកគេ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅខាង​រុស្ស៊ី​នៅក្នុង​ផ្នែក​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​
 
​លោក ត្រាំ មិនបាន​និយាយ​ដល់​ការសុំ​ការអនុគ្រោះ​--​គឺ​ជំនួយ​យោធា​ជា​ថ្នូរ​នឹង​ការស៊ើបអង្កេត​អំពី​លោក Biden និង​កូនប្រុស​លោក​—​នៅក្នុង​ការនិយាយ​ទូរស័ព្ទ​នោះទេ ហើយ​ក្នុង​រយៈ​ច្រើន​សប្តាហ៍​លោក​បាន​បដិសេធថា​គ្មាន​ការដោះដូរ​បែបនេះ​ឡើយ​។ លោក ត្រាំ បាន​ពណ៌នា​ការនិយាយ​ទូរ​សព្ទ​នោះ​ថា​ជាការ​ត្រឹមត្រូវ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com