ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា លោក ចេញពី​បារាំង​ហើយ
09, Nov 2019 , 11:20 am        
រូបភាព
លោក សម រង្ស៊ី ពេលដើរចូលព្រលានយន្តហោះ (រូបពីគេទំព័រ rainsysam.com)
លោក សម រង្ស៊ី ពេលដើរចូលព្រលានយន្តហោះ (រូបពីគេទំព័រ rainsysam.com)
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បាន​បង្ហោះ​រូប​នៅ​ព្រលានយន្តហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ដៃ​កាន់​វ៉ាលិស និង​សរសេរថា លោក ឡើង​យន្តហោះ ពី​ទីក្រុង​បារី​ស ឆ្ពោះទៅ​គោលដៅ​មួយ​ផ្សេងទៀត ក្រោយ​ថៃ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​។ ជាមួយគ្នានេះ ក៏មាន​គេ បង្ហោះ​វីដេអូ​ឃ្លី​ប​ខ្លី​មួយ​ដែរ ដែល​បង្ហាញ​ពី​សកម្មភាព​របស់លោក ដើរចូល​ព្រលានយន្តហោះ​។


 
​លោក សម រង្ស៊ី គ្រាន់តែ​បង្ហើប​ថា គោលដៅ​របស់លោក គឺ​មកកាន់​ប្រទេស​ដែល​ជិត​កម្ពុជា តែ​លោក មិនទាន់​បញ្ជាក់​ឡើយ​ថា ជា​ប្រទេស​ណា​។ កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា លោក សម រង្ស៊ី បម្រុង​នឹង​ហោះ​ចេញពី​ទីក្រុង​ប៉ារីស មកកាន់​ទីក្រុង​បាងកក តែ​ត្រូវ​ក្រុមហ៊ុន​យន្តហោះ Thai Airways មិន​អនុញ្ញាត​ឲ្យ​លោកឡើង​យន្តហោះ​ឡើយ។ 
 
​លោក សម រង្ស៊ី អះអាងថា ក្រុមហ៊ុន​យន្តហោះ Thai Airways ទទួលបញ្ជា​ពីរ​ដ្ឋា​បាល​ខ្លួន មិន​ឲ្យ​ដឹក​លោក​មក​ទីក្រុង​បាងកក​។ ប៉ុន្តែ ក្រុមហ៊ុន​យន្តហោះ Thai Airways  ប្រាប់​សារព័ត៌មាន​បរទេស​នា​នា​ថា លោក សម រង្ស៊ី ពុំបាន​កក់​សំបុត្រ​យន្តហោះ​ទេ​។ 
 
​មុន​ក្រុមហ៊ុន​យន្តហោះ Thai Airways មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ឡើង​យន្តហោះ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បានប្រកាស​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ទឹកដី​ថៃ​។ ទំនងជា​ទទួល​ការពឹង​ពាក់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបបានជា​លោក ប្រា​យុទ្ធ ដាក់​បម្រាម​ចំពោះ​លោក សម រង្ស៊ី​។ 
 
​សម្តេច ហ៊ុន សែន អរគុណ​រដ្ឋាភិបាល​ថៃ ចំពោះ​កិច្ច​សហ​ប្រប​ត្តិ​ការ​នេះ​។ សម្តេច លើកឡើងថា ពេល​ទៅ​ប្រជុំ​អាស៊ាន​លើក​ទី​៣៥ កាលពីដើម​ខែវិច្ឆិកា នៅ​ប្រទេស​ថៃ សម្តេច បាន​ពិភាក្សា​ជាមួយ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន អំពី​ការវិលត្រឡប់​របស់លោក សម រង្ស៊ី​។ 
 
​ប្រមុខ​រដ្ឋាភិបាល ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា យ៉ាង​ដូច្នេះ​ថា​៖«​ពេល​ខ្ញុំ​ទៅ​ប្រជុំ​អាស៊ាន ខ្ញុំ​បានធ្វើការ​ជាមួយ​ដៃគូ​ទាំងអស់ នៅក្នុង​អាស៊ាន​របស់​យើង ដែល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​ចូលរួមចំណែក​ទៅដល់​ស្ថិរភាព​របស់​ប្រទេស​»​។ 
 
​ក្រុម​អ្នកប្រឆាំង ក៏​សុំ​ពឹងពាក់​ពី​បណ្តា​ប្រទេសជិតខាង​កម្ពុជា​ដែរ​។ ក្រោយ​លោក សម  រង្ស៊ី បរាជ័យ​ក្នុង​ការហោះ​ចេញមក​កាន់​ទីក្រុង​បាងកក អតីត​គណបក្សប្រឆាំង បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រៅប្រទេស ដោយបាន​ស្នើសុំ​ឲ្យ​ប្រទេសជិតខាង​កម្ពុជា អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ប្រឆាំង​ចូល​។ 
 
​តាម​ផែនការ លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ​របស់លោក មិន​ហោះ​ត្រង់​មក​កម្ពុជា​នោះទេ គឺ​ត្រូវ​ជ្រើស​រើសយក​ប្រទេស​ណាមួយ​ធ្វើជា​កន្លែង​ឈរជើង​ជាមុនសិន​។  ផែនការ​របស់​ពួកគាត់ គឺ​ដើម្បី​ប្រមូល​កម្លាំង​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស រួច​ទើប​នាំគ្នា​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ដែលជា​ទិវា​រម្លឹក​ខួប​៦៦​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​។  
 
​យ៉ាងណា ផែនការ ដែល​លោក សម រង្ស៊ី គ្រោង​នាំ​អ្នកគាំទ្រ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ មិនបាន​ប្រព្រឹត្តទៅតាមការគិតទុកឡើយ​។ លោក សម  រង្ស៊ី បាន​ប្រាប់​អ្នកគាំទ្រ ឲ្យ​អត់ធ្មត់ និង​កុំ​អស់សង្ឃឹម​។ លោក ថា លោក គ្រាន់តែ​ពន្យារពេល​បន្តិច​ប៉ុណ្ណោះ តែ​ផែន​ការវិល​ត្រឡប់មក​កម្ពុជា គឺ​នៅតែ​រក្សា​ដដែល​។​
 
​ទោះ​លោក សម រង្ស៊ី ពុំបាន​ដឹកនាំ​អ្នកគាំទ្រ ចូលមក​ក្តី តែ​គេ នៅតែ​ឃើញ​មានការ​រឹតបន្តឹង​ការចេញចូល នៅ​ច្រក​ប៉ោយប៉ែត នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ដោយមាន​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន ឈរជើង​នៅ​ទីនោះ​៕   

Tag:
 ​សម រង្ស៊ី
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com