អន្តរជាតិ
អាមេរិក ចង់បានការសហការពីចិនដើម្បីប្រមូលធាតុទាហានខ្លួន រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ ។ រូបភាព AFP
× សហរដ្ឋអាមេរិក នឹងស្វែងរកកិច្ចសហប្រតិបត្តិការពីចិនដើម្បីប្រមូលធាតុទាហានអាមេរិកដែលបាត់បង់ជីវិតក្នុងការប្រយុទ្ធជាមួយជប៉ុនអំឡុងសង្គ្រាមលោកលើកទីពីរ។ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ និយាយនៅថ្ងៃទី៨ ខែវិច្ឆិកា ថា រដ្ឋមន្ត្រីការពារជាតិ ម៉ាក អេស្ពើ នឹងជួបជាមួយសមភាគីចិននៅសប្ដាហ៍ក្រោយដើម្បីជជែកពីបញ្ហានេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការជារួមរវាងមហាអំណាចទាំងពីរផងដែរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អេស្ពើ នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីនៅសប្ដាហ៍ក្រោយដើម្បីជួបជាមួយដៃគូក្នុងតំបន់របស់អាមេរិក ហើយលោកនឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន វៃ ហ្វឹងហឺ អំឡុងពេលស្នាក់នៅក្នុងទីក្រុងបាងកកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។ នេះបើតាមការបញ្ជាក់របស់លោក Randall Schriver ឧបការីរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកសន្តិសុខតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅថ្ងៃទី៨ ខែវិច្ឆិកា។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់សម្ដីលោក Schriver ប្រមុខការពារជាតិអាមេរិក នឹងស្នើឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការលើការស្វែងរកយោធាអាមេរិកដែលបាត់ខ្លួនក្នុងបេសកកម្ម ពិសេសអំឡុងពេលសង្គ្រាមលោកលើកទីពីរ។ កិច្ចសហប្រតិបត្តិការលើការរុករកនេះ មិនស្ថិតស្ថិរឡើយ ដែលដូចនេះទើបលោក អេស្ពើចង់ឲ្យមានការសហការល្អជាងមុន។
ចន្លោះឆ្នាំ១៩៤២-៤៤ អំឡុងសង្គ្រាមលោកលើកទីពីរ កងទ័ពអាមេរិក បានប្រកៀកស្មាជាមួយកងទ័ពចិនជាតិនិយមដែលកំពុងដឹកនាំប្រទេស ដើម្បីប្រយុទ្ធតទល់កងទ័ពជប៉ុនក្នុងតំបន់ខាងត្បូងដែលអាមេរិកហៅថា សមរភូមិចិន-ឥណ្ឌា-ភូមា។
ក្រៅពីរឿងប្រមូលធាតុកងទ័ពអាមេរិក លោក អេស្ពើ ក៏នឹងលើកឡើងពីការបំពានដំណោះស្រាយរបស់អង្គការសហប្រជាជាតិដោយចិនលើករណីកូរ៉េខាងជើងផងដែរ។ កន្លងទៅ ក្រុងវ៉ាស៊ីនតោនបានចោទក្រុងប៉េកាំងថា បាននាំចេញប្រេងទៅកាន់កូរ៉េខាងជើងដោយរំលោភសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខ ខណៈប៉េកាំងបានទាត់ចោលការចោទប្រកាន់មិនដាច់ពីមាត់ដែរ៕
Tag:
អាមេរិក
ចិន
ម៉ាក អេស្ពើ
© រក្សាសិទ្ធិដោយ thmeythmey.com