លោក អេង ឆៃអ៊ាង៖ រដ្ឋាភិបាល ដកលិខិតឆ្លងដែនពីខ្ញុំ ដូចដកសញ្ជាតិខ្មែរពីខ្ញុំ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង៖ រដ្ឋាភិបាល ដកលិខិតឆ្លងដែនពីខ្ញុំ ដូចដកសញ្ជាតិខ្មែរពីខ្ញុំ
09, Nov 2019 , 1:23 pm        
រូបភាព
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ពេលរៀបចំហោះចេញពីម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ទៅកាន់ប្រទេសនូវែលសេឡង់ (រូបពីគណនីហ្វេសប៊ុក Eng Chhai Eang)
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ពេលរៀបចំហោះចេញពីម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ទៅកាន់ប្រទេសនូវែលសេឡង់ (រូបពីគណនីហ្វេសប៊ុក Eng Chhai Eang)
ដោយ: ថ្មីៗ
លោក អេង ឆៃអ៊ាង បានរិះគន់រដ្ឋាភិបាលកម្ពុជាខ្លាំងៗ ចំពោះការបញ្ឈប់សុពលភាពលិខិតឆ្លងដែនរបស់លោក រួមទាំងមន្រ្តីអតីតគណបក្សប្រឆាំង១១នាក់ផ្សេងទៀត។ លោក ចាត់ទុកទង្វើនេះ ថារំលោភច្បាប់និងរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។



លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សប្រឆាំង និងជាមនុស្សស្និទ្ធនឹងលោក សម រង្ស៊ី  បានចាត់ទុកការបញ្ឈប់សុពលភាពលិខិតឆ្លងដែននេះ ថាប្រៀបដូចជារដ្ឋាភិបាល ដកសញ្ជាតិខ្មែរពីលោក ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អេង ឆៃអ៊ាង និយាយដូច្នេះថា៖«យើង អត់បានធ្វើអ្វីខុសចំពោះប្រទេសជាតិទេ។ ទោះអ្នកណាក៏ដោយ គេ មិនដែលមានការដកសញ្ញាតិ ដកសិទ្ធិក្នុងការប្រើប្រាស់លិខិតឆ្លងដែនដូចរបបលោក ហ៊ុន សែន ទេ»។

យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង អះអាងថា លោក និងមន្រ្តីអតីតគណបក្សប្រឆាំងដទៃទៀត នៅតែអាចធ្វើដំណើរទៅកាន់ប្រទេសនានា ដោយប្រើប្រាស់ឯកសារផ្សេងពីលិខិតឆ្លងដែនកម្ពុជា។ មន្រ្តីអតីតគណបក្សប្រឆាំង១១នាក់ទៀត ដែលត្រូវបញ្ឈប់សុពលភាពលិខិតឆ្លងដែន រួមមាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់ដេត  លោក គង់ សភា លោក វ៉ាន់ ណារិទ្ធ លោក ដាង ចំរើន លោក ញឹម គិមញុល លោក ហេង ដាណារ៉ូ លោក អ៊ីសា ឧស្មាន និង លោក ម៉ន ផល្លា។

ក្រសួងការបរទេសកម្ពុជា បានដាក់លិខិតទៅកាន់ស្ថានទូតនានាប្រចាំកម្ពុជា ដើម្បីជូនដំណឹងពីការបញ្ចប់សុពលភាពលិខិតឆ្លងដែនប្រភេទធម្មតា (Ordinary Passport) របស់មន្រ្តីអតីតគណបក្សប្រឆាំង១២នាក់។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កាលពីថ្ងៃថ្ងៃទី៨ ខែវិច្ឆិកា ថា ការដាក់លិខិត ទៅកាន់ស្ថានទូតបរទេសប្រចាំកម្ពុជា គឺដើម្បីឲ្យស្ថានទូត ជូនដំណឹងបន្ត ទៅកាន់រដ្ឋាភិបាលរបស់គេ អំពីការបញ្ឈប់លិខិតឆ្លងដែនរបស់មន្រ្តីអតីតគណបក្សប្រឆាំងទាំងនោះ។

អ្នកនាំពាក្យ លើកហេតុផលថា រដ្ឋាភិបាល សម្រេចបញ្ឈប់សុពលភាពលិខិតឆ្លងដែន គឺដោយសារតែអ្នកទាំង១២នាក់នោះ គឺជាអ្នកទោស ហើយប្រើលិខិតឆ្លងដែន ដើម្បីរត់គេចខ្លួន។ លោក បញ្ជាក់ដូច្នេះថា៖«យើងលុបចោលទៅ ពួកគាត់ អាចស្រូតត្រឡប់មក [កម្ពុជា] វិញ។ ប្រទេស ដែលពួកគាត់រត់គេចទៅហ្នឹង កាលណាយើង ប្រកាសលុបចោលអ៊ីចឹង គេ មិនអនុញ្ញាតឲ្យនៅប្រទេសគេទេ។ មានន័យថា ពួកគាត់ នៅ គឺខុសច្បាប់ហើយ»។

អត្ថបទទាក់ទង
  

លោក សម រង្ស៊ី  និង មនុស្សសំខាន់ៗ៨នាក់ទៀតរបស់លោក រួមមាន អ្នកស្រី ជូឡុង សូមួរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក នុត រំដួល ត្រូវបានតុលាការកម្ពុជា ចោទពីបទឧបឃាត ក្រោយរកឃើញថាពួកគាត់ ជាមេខ្លោងរបចំផែនការធ្វើរដ្ឋប្រហារ។ ក្រៅពីនេះ អ្នកគាំទ្រអតីតគណបក្សប្រឆាំងផ្សេងទៀត បានរងពីបទរួមគំនិតក្បត់ជាតិ ដែលសំដៅលើការចូលរួមគាំទ្រផែនការធ្វើរដ្ឋប្រហារ៕

Tag:
 អេង ឆៃអ៊ាង
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com