ជាតិ
ពលរដ្ឋ រអ៊ូ​ពី​ការខាតបង់​ចំណូល ដោយសារ​រដ្ឋាភិបាល​រឹតបន្តឹង​ច្រកព្រំដែន នៅ​ថ្ងៃទី​៩ វិច្ឆិកា​
09, Nov 2019 , 3:25 pm        
រូបភាព
​ប៉ោយប៉ែត​, បន្ទាយមានជ័យ​៖ គិត​មកដល់​ម៉ោងជាង​៣​រសៀល​នេះ ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅតែ​បន្ត​រឹតបន្តឹង​ដដែល ក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង​របស់​អាជ្ញាធរ​។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ទៅធ្វើ​ការ និង​រកស៊ី​នៅ​ប្រទេស​ថៃ នាំគ្នា​ត្អូញត្អែ​ពី​ការខាតបង់​ចំណូល ដោយសារ​ការត្រួតពិនិត្យ​តឹងរឹង​នេះ​។​


 
​អ្នកស្រី សោភា ដែលជា​អាជីវករ​ម្នាក់ រកស៊ី​នៅក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ បាន​ព្យាយាម​សុំ​អាជ្ញាធរ​ខ្មែរ​ចូលទៅ​ទឹកដី​ថៃ ដើម្បី​ប្រក​បរបរ​ស៊ី​ខ្លួន ម្ដង​ជា​ពីរដង​ដែរ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​បដិសេធ​ជានិច្ច​។ អ្នកស្រី សោភា ដែល​មកដល់​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត តាំងពីព្រឹក​ព្រលឹម​នោះ ហាក់​មិន​ពេញចិត្ត​ចំពោះ​ចំណាត់​ដ៏​តឹងរឹង​របស់​អាជ្ញាធរ​ច្រកព្រំដែន​នេះឡើយ ។

មូល​ហេតុដែល​អ្នកស្រី សោភា មិន​ពេញចិត្ត ដោយសារតែ​អាជ្ញាធរ​មិនបាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​ជាមុន ស្រាប់តែ​មក​អនុវត្ត​វិធានការ​ភ្លាមៗ​នៅ​ច្រកព្រំដែន​នេះ​។ បើតាម​អាជីវកម្ម​រូបនេះ ការអនុវត្ត​វិធានការ​បានធ្វើឱ្យ​ទំនិញ​ខ្លួន ដែល​ទិញ​ទុក​លក់​នោះ ត្រូវ​ខូចខាត​ជាមិនខាន​។​

សំឡេងពលរដ្ឋខ្មែរ៖
**audio2**


 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកស្រី សោភា បាន​និយាយ​ដូច្នេះ​ថា​៖«​បើសិនជា​មានការ​រឹតបន្តឹង​របៀបនេះ អាជ្ញាធរ​មិនបាន​ជូនដំណឹង​មុន គាត់​(​ពលរដ្ឋ​)​អាច​ខក ទី​១ គាត់​ជិះឡាន អស់ថ្លៃ​ធ្វើដំណើរ​មក មកដល់​ទីនេះ ត្រូវបាន​គេ​រាំងស្ទះ ទី​២ ខាង​អ្នកលក់​ត្រី អ្នកលក់​បន្លែ គាត់​ត្រូវ​ខាត​រាប់ម៉ឺន​លុយ​បាត ព្រោះ​ខ្មែរ​យើង​ទៅ​លក់​នៅ​ថៃ​ច្រើនណាស់​។ ហើយ​កម្មករ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ថៃ​ច្រើនណាស់ ឱ្យតែ​ព្រលឹម​ឡើង​ដាំបាយ​យួរ​ចូលទៅ​ប្រទេស​ថៃ​»​។​
 
​ក្រៅពី​អ្នកស្រី សោភា ក៏មាន​លោក វុទ្ធី ត្រូវ​ខាតបង់​ការងារ​មួយថ្ងៃ​ដែរ​។ លោក វុទ្ធី ដែលជា​កម្មករ​ដឹកជញ្ជូន​ទំនិញ​នៅក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​នោះ ក៏ត្រូវ​បាត់បង់​ប្រាក់ចំណូល​៤​ម៉ឺន​រៀល​ដែរ ដោយសារតែ​មិនបាន​បំពេញការងារ​ក្នុង​មួយថ្ងៃ​នេះ​។ ដោយសារ​មិនបាន​បំពេញការងារ​នេះ លោក វុទ្ធី ក៏បាន​ទូរ​សព្ទ​ទៅប្រាប់​ប្រធាន​ការងារ​ខ្លួន ដើម្បី​សុំ​ការអនុញ្ញាត​ផងដែរ​។ បុរស​សម្បុរ​ស​ខ្មៅ ពាក់​អាស​ខាងក្នុង និង​មាន​អាវ​ក្រៅ​ពណ៌​ខៀវ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ពួក​ខ្ញុំ​នេះ ធ្វើការ​មួយថ្ងៃ បាន​(​ប្រាក់​)​មួយថ្ងៃ ក្នុង​មួយថ្ងៃ​បាន​៣០០​បាត ហើយ​ទៅមក​(​ធ្វើការ​ដឹកជញ្ជូន​)​នេះ គឺ​បាន​លុយ​អ៊ីចឹងទៅ បើ​គេ​(​អាជ្ញាធរ​ខ្មែរ​)​មិន​ឱ្យទៅ ខ្ញុំ​ក៏​មិនបាន​លុយ​ទៅ​»​។​
 
​នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​៩ វិច្ឆិកា​នេះ អាជ្ញាធរ​បាន​បើក​ច្រក​ឱ្យ​ពលរដ្ឋ​ចូលទៅ​ប្រទេស​ថៃ ។ បន្តិចក្រោយមក ស្រាប់តែ​អាជ្ញាធរ​បិទ​ច្រកព្រំដែន​នេះ​វិញ ដោយ​មិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៀតឡើយ​។​ការចេញ​ចូលទៅ​ប្រទេស​ថៃ​នេះ គឺ​ភាគី​អាជ្ញាធរ​ខ្មែរ​អនុញ្ញាត​ឱ្យតែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ថា ការ​រឹតបន្តឹង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​សកម្មភាព​នយោបាយ​រប​ស់​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្របពេល​ដែល​លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្ស​នេះ ប្រកាស​យក​ថ្ងៃទី​៩ វិច្ឆិកា ជា​ថ្ងៃ​ត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ​៕



Tag:
 ប៉ោយប៉ែត​
  នយោបាយ​
  ព្រំដែន​
  ៩ វិច្ឆិកា
© រក្សាសិទ្ធិដោយ thmeythmey.com