កីឡាជាតិ
ជាតិ
លោក ច័ន្ទ សារុន ផ្តាំ​កីឡាករ​កុំ​មើលងាយ​គូប្រកួត និង​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង​
09, Nov 2019 , 3:50 pm        
រូបភាព
ដោយ:
​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា រំពឹង​កីឡាករ​គុន​ល្បុក្កតោ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ទោះបី​កីឡាករ​ខ្លួន​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត Pre-Sea Games កាលពីពេល​ថ្មីៗ​ក៏ដោយ តែ លោក ជំរុញ​ឲ្យ​កីឡាករ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​ប្រកួត កុំ​ធ្វេសប្រហែស និង​កុំ​មើលស្រាល​សមត្ថភាព​គូប្រកួត ព្រោះ​វា​អាច​នាំទៅរក​ការបរាជ័យ​។ ជាមួយគ្នានេះ លោក ប្រាប់​ឲ្យ​កីឡាករ​ទាំងអស់​ចៀសវាង​ប្រព្រឹត្ត​អំពើ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ​។

 
​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ ដែល​ត្រូវ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ដំបង​ខ្លី​(Arnis)​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ប្រាប់​ឲ្យ​កីឡាករ​បង្កើន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ពិសេស​កុំ​មើលងាយ​គូសត្រូវ​។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ក្រើនរំលឹក​ស្មារតី​កីឡាករ​កុំ​ឲ្យ​ធ្វេសប្រហែស និង​បង្កើន​ការប្រុងប្រយ័ត្ន​កាន់តែខ្លាំង​ក្នុងការ​ប្រកួត​។ 


 
«​ជ័យជម្នះ វា​ស្ថិតនៅលើ​យើង ដូច្នេះ​យើង​ត្រូវ​ប្រឹងប្រែង កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ព្រោះ​វិញ្ញាសា Arnis ជា​ក្បាច់គុន​របស់​ហ្វីលីពីន អ៊ីចឹង​កីឡាករ​របស់​ម្ចាស់ផ្ទះ​មាន​សមត្ថ​ភាពមិន​អន់​នោះទេ​។ កីឡាករ​ទាំងអស់​ត្រូវ​ប្រយ័ត្នប្រយែង ហើយ​កុំ​វាយតម្លៃ​មុន​ថា​យើង​អាច​យកឈ្នះ​គេ​មុន​ការប្រកួត​ឲ្យ​សោះ បើ​ក្នុង​សឹកសង្គ្រាម​គេ​ថា កុំអាល​មើលងាយ​គូសត្រូវ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ច័ន្ទ សារុន ដែល​ចាត់ទុក​ការចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ពី​សំណាក់​កីឡាករ​គុន​ល្បុក្កតោ ជាការ​ផ្សព្វផ្សាយ​និង​ពង្រីក​កីឡា​វប្បធម៌​ប្រពៃណី ដែលជា​កេរតំណែល​របស់​ដូនតា​ខ្មែរ​។ 
 
​ប្រធាន​សហព័ន្ធ​រូបនេះ​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​កីឡាករ​តំណាង​ឲ្យ​ជាតិ គឺ​ត្រូវ​តម្កល់​កិត្តិយស​ជាតិ​ជាធំ ទោះបី​ជ័យជម្នះ​វា​ជា​កត្តាចាំបាច់​ក្នុងការ​ប្រកួតប្រជែង​ក៏ដោយ​។ ក្នុងន័យនេះ លោក ចង់​ដាស់តឿន​ឲ្យ​កីឡាករ​គុន​ល្បុក្កតោ ត្រូវចៀ​ងវាង​ប្រព្រឹត្ត​អំពើ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ តាមរយៈ​ការមិន​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង និង​ក្បិ​ចក​ល ដើម្បី​យកឈ្នះ​គូប្រកួត​ជាដើម​។ សម្រាប់​លោក បើ​ឈ្នះ ឬ​ចាញ់ គឺ​ឈ្នះ​ចាញ់​ដោយ​កិត្តិយស​។ 


 
​អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រូបនេះ រំពឹងថា កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា​នឹង​អាច​សាង​ភាពល្បីល្បាញ​ជូន​ជាតិ​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយ​ណាមួយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន នា​ឆ្នាំនេះ​។ នៅក្នុង​ការប្រកួត Pre-SEA Games លើ​វិ​ញ្ញា Arnis នៅ​សាធារណរដ្ឋ​កូរ៉េ​កាលពី​អំឡុង​ខែកញ្ញា កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ​ដណ្តើម​មេដាយមាស​៦​។ ប៉ុន្តែ​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​អះអាងថា នៅក្នុង​ការប្រកួត Pre-SEA Games កាលណោះ​ពុំមាន​កីឡាករ​ជម្រើសជាតិ​របស់​ហ្វីលីពីន​ចូលរួម​នោះទេ​។ 
 
​ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន កីឡាករ​កីឡាការិនី​ជម្រើសជាតិ​គុន​ល្បុក្កតោ​បាន​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ជនជាតិ​ហ្វីលីពីន​អស់​រយៈពេល​៤​ខែ​មកហើយ​។ បន្ថែម​លើ​នេះ ពួកគេ​នឹង​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ហ្វីលីពីន​រយៈពេល​១៧​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១១-២៨ ខែវិច្ឆិកា នេះ​។ ការ​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​នេះ ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​ថវិកា​២​លាន​រៀល​ពី​លោក ច័ន្ទ សារុន​។ 


 
​ក្រោយ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ជនជាតិ​ហ្វីលីពីន​មួយរយៈ​កន្លងមក លោក អ៊ួ តារា បាន​វាយតម្លៃថា កីឡាករ​កម្ពុ​ជាមាន​ក​ម្លាំ​ង​សុះ​ល្អ តែ​ហា​ក់នៅ​ខ្សោយ​ផ្នែក​បច្ចេកទេស​ក្នុងការ​ប្រើ​ដំបង និង​តាក់​តិច​ក្នុង​ការប្រកួត​។ ដូច្នេះ​សម្រាប់​ការហ្វឹកហាត់​នៅ​ហ្វីលីពីន​លើក​នេះ ពួកគេ​នឹង​ផ្តោតលើ​សម​បច្ចេកទេស​នៃ​ការប្រកួត ហើយ​លោក​រំពឹងថា ក្រោយ​ការហ្វឹកហាត់​កីឡាករ​នឹង​ទទួលបាន​បទពិសោធ​ល្អៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ និង​ទទួលបាន​ជោគជ័យ​នៅ​ស៊ី​ហ្គេម​លើក​នេះ​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​យល់ថា ការ​បោះជំរំ​ហ្វឹកហាត់​នៅ​ហ្វីលីពីន គឺជា​ការត្រៀមខ្លួន​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្ពុជា​។ ជាពិសេស វា​នឹងធ្វើ​ឲ្យ​កីឡាករ​អាច​បន្ស៊ាំ​ខ្លួន​ជាមួយ​អាកាសធាតុ ចំណីអាហារ និង​ការ​ស្នាក់នៅ​ជាដើម​។ ដូច្នេះ​លោក​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់ ពិសេស​ស្វែងយល់​ពី​បច្ចេកទេស​នៃ​កីឡា​ដំបង​ខ្លី​នេះ​ឲ្យ​បាន​ល្អិតល្អន់​។ លោក រំពឹងថា កីឡាករ​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នៅ​នេះ​។
 
​សម្រាប់​កីឡាករ​គុន​ល្បុក្កតោ​នឹង​ប្រកួត​ចាប់ពី​ថ្ងៃទី​១-៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខណៈ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំនេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ សម្រាប់​ការប្រកួតប្រជែង​នេះដែរ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​១០​រូប​ឲ្យ​ចូលរួម​៕ 





Tag:
 ល្បុក្កតោ​
  ច័ន្ទ សារុន​
  វ៉ា​ត់ ចំរើន​
  ហុក ឈាង​គីម
© រក្សាសិទ្ធិដោយ thmeythmey.com