អន្តរជាតិ
លោក ត្រាំ ថា មិនបាន​យល់ព្រម​លើ​ការដក​ការដំឡើង​ពន្ធ​លើ​ចិន​ឡើយ​
09, Nov 2019 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា និយាយថា លោក​មិនបាន​យល់ព្រម​លើ​ការដក​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តាម​ការចង់បាន​រប​ស់​ទីក្រុង​ប៉េកាំង​ឡើយ​។ លោក​និយាយ​បែបនេះ​បន្ទាប់ពី​មន្ត្រី​ទាំងសងខាង​អះអាងថា អាមេរិក និង​ចិន​បាន​យល់ព្រម​ដក​ការដំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទៅមក​ដែល​កំពុង​អនុវត្ត ហើយ​ដែល​នឹងធ្វើ​ឡើងជា​ដំណាក់កាល​។ ការនិយាយ​បញ្ច្រាស​គ្នា​នេះ ធ្វើ​ឲ្យ​ភាពស្រពេចស្រពិល​លើ​ការបញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​នៅតែមាន​ដដែល​។​

 
​មួយថ្ងៃ​ក្រោយ​មន្ត្រី​អាមេរិក និង​ចិន​លើកឡើងថា ភាគី​ទាំងពីរ​ព្រម​ដកយក​ការដំឡើង​ពន្ធ​កំពុង​អនុវត្ត​លើ​ទំនិញ​គ្នា​ទៅវិញទៅមក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​បដិសេធ​វិញ​។ គំនិត​ដកព​ន្ធ​ពី​ទំនិញ​ចិន​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម រង​ការប្រឆាំង​យ៉ាងខ្លាំង​ពី​មន្ត្រី​ផ្ទៃក្នុង​រដ្ឋបាល​លោក ត្រាំ ។​
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា លោក ត្រាំ អះអាងថា ចិន​ចង់បាន​ការដក​ការដំឡើង​ពន្ធ​មាន​ស្រាប់​សម្រាប់​ទំនិញ​ខ្លះ ព្រោះ​លោក​នឹងមិន​អនុញ្ញាត​ឲ្យ​ដក​ទាំងអស់​ឡើយ​។ ដូច​រា​លើ​ដង​ដែរ ប្រធានាធិបតី​អាមេរិក​នៅតែ​យល់ថា ចិន​ចង់បាន​កិច្ចព្រមព្រៀង​ជាង​អាមេរិក​ទៅទៀត ខណៈ​វិធានការ​យកពន្ធ​របស់​អាមេរិក​បាន​បង្កើន​ហោប៉ៅ​អាមេរិក​ក្រាស់ក្រែល​ផងដែរ​។ សម្រាប់​លោ ត្រាំ នេះ​ជា​រឿង​គួរ​ឲ្យ​សប្បាយចិត្ត​។​
 
​លោក Peter Navarro ទីប្រឹក្សា​ពាណិជ្ជកម្ម​លោក ត្រាំ បាន​រិះគន់​អ្នកសារព័ត៌មាន​ដែល​ឆាប់​ជឿ​ការលើកឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​។ ក្នុង​សារ​អេ​ឡិច​ត្រូ​និ​ច​របស់ខ្លួន លោក Navarro បាន​ប្រតិកម្ម​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​សរសេរ​អត្ថបទ​ដោយ​ផ្អែកលើ​ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ និង ពួកគេ​គួរតែ​ស្រង់​សម្ដី​លោក ត្រាំ និង​តំណាង​ចរចា​ពាណិជ្ជកម្ម Robert Lighthizer ប៉ុណ្ណោះ​លើ​បញ្ហា​ជម្លោះ​ពាណិជ្ជ​កម្មនេះ​។​
 
​ចំណែកឯ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​វិញ លោក ត្រាំ បញ្ជាក់ថា ពេល​កើតជា​រូបរាង នឹងត្រូវ​ចុះហត្ថលេខា​នៅ​ទឹកដី​អាមេរិក មិនមែន​កន្លែង​ផ្សេង​ឡើយ​។ លោក​បន្ថែមថា​៖ «​សន្ម​ត់​ថា យើង​មាន​កិច្ចព្រមព្រៀង វា [​កន្លែង​ចុះហត្ថលេខា​] អាចជា​រដ្ឋ Iowa ឬ​ជនបទ​ណាមួយ ឬ​កន្លែង​ដែល​ដូចគ្នា​។ វា​នឹង​នៅ​ប្រទេស​របស់​យើង​។​» នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​តាមពិតទៅ លោក ត្រាំ និង​សម​ភាគី​ចិន ស៊ី ជិន​ភីង គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​ដែល​ផ្ដោត​សំខាន់​លើ​វិស័យ​កសិកម្ម​អំឡុងពេល​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​ស៊ី​លី​ជា​ម្ចាស់ផ្ទះ​ក្នុង​ខែវិច្ឆិកា​នេះ​។ ប៉ុន្តែ​ស៊ី​លី​បានប្រកាស​លុបចោល​ជំនួប​នេះ​វិញ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការចុះហត្ថលេខា​នេះ​។ គេ​មិន​រំពឹងថា ចិន​នឹង​យល់​ឲ្យ​អាមេរិក​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការចុះហត្ថលេខា​នេះឡើយ​។​

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com