អុំទូក​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ផ្លូវគោក ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​បញ្ជា​យានយន្ត​
ជាតិ
បុណ្យអុំទូក
អុំទូក​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ផ្លូវគោក ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​បញ្ជា​យានយន្ត​
09, Nov 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក បាន​អំពាវនាវ​ដល់​សាធារណជន ដែល​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងពេល​ធ្វើដំណើរ​តាមផ្លូវ ក្នុងឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី​៩-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​សេចក្ដីអំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​។

 
​ដើម្បី​រួមចំណែក​ក្នុងការ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក  គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក បានចេញ​សេចក្ដីអំពាវនាវ​ឱ្យ​អ្នកធ្វើដំណើរ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ដែលមាន​គុណភាព ឱ្យបាន​ត្រឹមត្រូវ​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​។ ជាពិសេស​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ និង​មិនត្រូវ​បើកបរ​ក្រោយ​ការ​ពិសា​រគ្រឿង​ស្រវឹង​។ បន្ថែម​ពីនេះ ពលរដ្ឋ​ត្រូវគោរព​សិទ្ធិ​អាទិភាព ដោយ​ទុកឱ្យ​អ្នកបើកបរ​ផ្លូវធំ​ហើយ​ត្រង់​ទៅមុន​។​
 
«​ត្រូវគោរព​សញ្ញា​ចរាច​រ និង​ប្រកាន់​ស្ដាំ​ជានិច្ច​។ ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​។ មិនត្រូវ​បត់​ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន និង​មិនត្រូវ​ប្រើ​ទូរ​សព្ទ​ដោយ​មិនមាន​ឧបករណ៍​បន្ត​សំឡេង​ក្នុងពេល​បើកបរ​។ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ហ្មត់ចត់ ពិសេស​ពិនិត្យ​កង់ ចង្កូត ហ្វ្រាំង និង​ភ្លើង​បំភ្លឺ​ជាដើម​»​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​។​
 
​គណៈកម្មាធិការ​ជាតិ​ផ្លូវគោក ហាម​រថយន្ត មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​សំពីងសំពោង​លើស​ចំនួន​ផ្ទុក ឬ​លើស​ទម្ងន់​កំណត់​ក្នុង​ច្បាប់ ហើយ​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយ​ជាដាច់ខាត​។ ជាពិសេស​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច និង​ប្រកបដោយ​សីលធម៌ យោគយល់​អធ្យាស្រ័យ​។ ក្នុង​សេចក្ដីអំពាវនាវ​ក៏បាន​សំណូមពរ​ដល់ ម្ចាស់​ឡាន​ឈ្នួល សូមកុំ​ដំឡើងថ្លៃ​ដឹកជញ្ជូន នាឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក​ផងដែរ​៕

Tag:
 ចរាចរ​
  អំ​ទូក
© រក្សាសិទ្ធិដោយ thmeythmey.com