ជាតិ
បុណ្យអុំទូក
អុំទូក៖ គណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោក ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពេលបញ្ជាយានយន្ត
× ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បានអំពាវនាវដល់សាធារណជន ដែលប្រើប្រាស់ផ្លូវទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរតាមផ្លូវ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី៩-១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នេះបើតាមសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក។
ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បានចេញសេចក្ដីអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពដែលមានគុណភាព ឱ្យបានត្រឹមត្រូវជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។ ជាពិសេសមិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរក្រោយការពិសារគ្រឿងស្រវឹង។ បន្ថែមពីនេះ ពលរដ្ឋត្រូវគោរពសិទ្ធិអាទិភាព ដោយទុកឱ្យអ្នកបើកបរផ្លូវធំហើយត្រង់ទៅមុន។
«ត្រូវគោរពសញ្ញាចរាចរ និងប្រកាន់ស្ដាំជានិច្ច។ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ មិនត្រូវបត់ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន និងមិនត្រូវប្រើទូរសព្ទដោយមិនមានឧបករណ៍បន្តសំឡេងក្នុងពេលបើកបរ។ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានហ្មត់ចត់ ពិសេសពិនិត្យកង់ ចង្កូត ហ្វ្រាំង និងភ្លើងបំភ្លឺជាដើម»។ នេះបើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក។
គណៈកម្មាធិការជាតិផ្លូវគោក ហាមរថយន្ត មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញសំពីងសំពោងលើសចំនួនផ្ទុក ឬលើសទម្ងន់កំណត់ក្នុងច្បាប់ ហើយមិនត្រូវបើកបរក្នុងស្ថានភាពងងុយជាដាច់ខាត។ ជាពិសេសត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច និងប្រកបដោយសីលធម៌ យោគយល់អធ្យាស្រ័យ។ ក្នុងសេចក្ដីអំពាវនាវក៏បានសំណូមពរដល់ ម្ចាស់ឡានឈ្នួល សូមកុំដំឡើងថ្លៃដឹកជញ្ជូន នាឱកាសនៃព្រះរាជពិធីបុណ្យអំទូកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com