កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​២០២០៖ សំបុត្រ​ជាង​១​ពាន់​សន្លឹក នឹងដាក់​លក់​ដោយ​ការចាប់​ឆ្នោត​តាម​អន​ឡាញ​
09, Nov 2019 , 8:59 pm        
រូបភាព
​អ្នករៀបចំ​ការប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​២០២០ ក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ថា​ពួកគេ​នឹង​ដាក់លក់​សំបុត្រ​ប្រមាណ​ជាង​១​លាន​សន្លឹក​បន្ថែមទៀត​សម្រាប់​ទស្សនា​កីឡាប្រដាល់ ដោយ​ដាក់លក់​តាម​ការចាប់​ឆ្នោត​ជា​លើកដំបូង​។​


 
​ដោយឡែក សំបុត្រ​សម្រាប់​កីឡា​រត់​ម៉ា​រ៉ា​តុង​អូឡាំពិក​ដែល​ត្រៀម​ផ្លាស់ប្តូរ​ទីតាំង​ពី​ក្រុង​តូ​ក្យូ ទៅ​ភាគ​ខាងជើង​ក្រុង Sapporo ដោយសារ​ភ័យខ្លាច​ការឡើង​កម្តៅ​នោះ​នៅ​មិនទាន់​ផ្តល់ជូន​ឡើយ​។​
 
​ការ​ដាក់លក់​សំបុត្រ​តាមរយៈ​ការចាប់​ឆ្នោត​លើ​អ៊ីនធឺណិត​នេះ ត្រូវ​កំណត់​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ប្រទេស​ជប៉ុន​ស្រាប់ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា និង​ចុងក្រោយ​ត្រូវ​ផ្តល់ជូន​សម្រាប់តែ​ប្រជាជន​របស់​ប្រទេស​ម្ចាស់ផ្ទះ​។ សម្រាប់​ការលក់​តាម​លក្ខខណ្ឌ​ផ្សេងទៀត​នឹង​ចាប់ផ្តើម​នៅ​និ​ទាឃ​រដូវ​។​
 
​យ៉ាងណាក៏ដោយ សំបុត្រ​នឹងមិន​មាន​សម្រាប់​កីឡា​រត់​ម៉ា​រ៉ា​តុង​ឡើយ ដ្បិត​អ្នករៀបចំ​ធ្វើការ​ពី របៀប​ដោះស្រាយ​លើ​ការលក់​សំបុត្រ​ផ្សេងទៀត បន្ទាប់ពី​ផ្លាស់ប្តូរ​ទីតាំង​ប្រកួតប្រជែង​ទៅ Sapporo​។ អ្វីដែល​ពិបាក សំបុត្រ​ចំនួន​៧​ពាន់​សន្លឹក​ត្រូវបាន​លក់​រួចហើយ តាំង​ពីមុន​ការផ្លាស់ប្តូរ​នេះ​។​
 
​ក្រុមមន្ត្រី​ដែល​ធ្វើការ​លើ​ការងារ​នេះ បញ្ជាក់ថា​ពួកគេ​មានការ​ព្រួយបារម្ភ​ពី​ភាពយឺតយ៉ាវ​ក្នុង​ការលក់​សំបុត្រ​បន្ទាប់ពី​មានការ​កើនឡើង​ចំនួន​អ្នក​ចង់​ទិញ​សំបុត្រ​នៅពេល​ដាក់លក់​ដំបូង​។ ក្រៅពីនេះ លោក Masaaki Komiya អគ្គនាយករង​នៃ​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ជប៉ុន បាន​អះអាងថា​លោក​ក៏​ព្រួយបារម្ភ​អំពី​រយៈ​ចម្ងាយ​ផងដែរ ក្រោយ​ការប្តូរ​ទីតាំង​ប្រកួត​។​
​សូម​បញ្ចា​ក់ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ក្នុង​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែលមាន​៣៣៩​វិញ្ញាសា ដែលមាន​៣៣​ប្រភេទ​កីឡា នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤ ខែកក្កដា ដល់​ថ្ងៃទី​៩ ខែសីហា​ឆ្នាំ​២០២០៕

Tag:
 កីឡា​អូឡាំពិក​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com