អត្ថបទ៖ ស៊ីធី
ជើងខ្លាំងហ្វីលីពីន Joshua Pacio ការពារខ្សែក្រវាត់ ONE Strawweight World Championship របស់ខ្លួនបានសម្រេចដោយឈ្នះកីឡាករជើងចាស់រួមជាតិ Rene Catalan ត្រឹមទឹកទី២ នៅក្នុងកម្មវិធី ONE: MASTERS OF FATE នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។ ម្ចាស់ខ្សែក្រវាត់ពីរស្ថាប័ន Stamp Fairtex យកឈ្នះកីឡាការិនីវៀតណាម Bi Nguyen ដោយពិន្ទុ។
Sangmanee Sathian MuayThai ឬ គេស្គាល់ថា «Million Dollar Baby» ទទួលជ័យជម្នះក្នុងការបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE។ ជាមួយគ្នានោះ ចំណែក ខុន ស៊ីចាន់ ដែលប្រកួតតំណាងឲ្យកម្ពុជា ចាញ់កីឡាករឥណ្ឌា Roshan Mainam ត្រឹមទឹកទី។ វីរបុរសហ្វីលីពីន Eduard Folayang ឈ្នះពិន្ទុ លើកីឡាករជប៉ុន Amarsanaa Tsogookhuu យ៉ាងតឹងតែង។
១-Joshua Pacio ឈ្នះ Rene Catalan ដើម្បីការពារខ្សែក្រវាត់
Joshua Pacio ការពារខ្សែក្រវាត់ ONE Strawweight World Championship បានជោគជ័យក្រោយឈ្នះកីឡាករវ័យ ៤០ មិត្តរួមជាតិហ្វីលីពីន Rene Catalan ត្រឹមទឹកទី២ដោយប្រើពេលត្រឹម ២នាទីនិង ២៩ វិនាទីប៉ុណ្ណោះ។ Pacio និង Catalan បានបើកការវាយលុកតាមបច្ចេកទេសរៀងៗខ្លួនដោយការចូលចាប់ហើយកីឡាករទាំងពីចាប់គាបជើងទៅវិញទៅមក ប៉ុន្តែ ម្ចាស់ខ្សែក្រវាត់មានឱកាសនៅពីលើដល់ចប់ទឹកទី១។ ចូលដល់ទឹកទី២ Pacio ដែលជាកូនសិស្សនៅក្លិប Team Lakay បានប្រើបច្ចេកទេសរបស់ខ្លួន យកដៃឆ្វេងគាបកបញ្ឆិតខាងលើដើម្បីយកឈ្នះតែម្ដងលើកីឡាករមកពីក្លិប Catalan Fighting System។
Pacio បានថ្លែងថា៖«ខ្ញុំសូមអរគុណដល់ក្រុមគ្រូបង្វឹក និងមិត្តរួមក្រុម ព្រោះជ័យជម្នះនេះដោយសារមានការជ្រោមជ្រែងនិងបង្ហាត់ពីពួកគាត់។ សូមអរគុណដល់អ្នកគាំទ្រហ្វីលីពីន ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»។ Pacio បញ្ជាក់ទៀតថា៖«វាជាផែនការរបស់ខ្ញុំក្នុងការយកជ័យជម្នះនេះ។ មុនដំបូងខ្ញុំស្ទាបស្ទង់ដោយវ៉ៃស្រាលៗហើយមានឱកាស គឺ ខ្ញុំផ្ដាច់យកតែម្ដងតាមក្បាច់របស់ខ្ញុំ។ ខ្ញុំបន្តហ្វឹកហាត់ខ្លាំងដើម្បីការពារខ្សែក្រវាត់ និង មិនខ្លាចនឹងការជួបគូប្រជែងនោះទេ»។
២- Stamp Fairtex ឈ្នះ Bi Nguyen ក្នុងគុនចម្រុះ
ម្ចាស់ខ្សែក្រវាត់ពីរស្ថាប័ន Stamp Fairtex យកឈ្នះកីឡាការិនីវៀតណាម Bi Nguyen ក្នុងការប្រកួតគុនចម្រុះ បន្ទាប់ពីតតាំងយ៉ាងស្វិតស្វាញរយៈពេល ៣ទឹក។ គ្រាន់តែចាប់ផ្ដើមទឹកទី១ម្ចាស់ខ្សែក្រវាត់ ONE Super Series Atomweight Kickboxing & Muay Thai World Champion មិនសូវជាចង់ប្រកួតក្នុងជំហរដេកឡើយ ហើយតែងតែដោះដៃពី Bi Nguyen និង អុកជង្គង់ចំៗគោលដៅបានល្អពេល Nguyen ចូលកៀក។ នៅទឹកទី២ និង ទី៣ មិនខុសគ្នាប៉ុន្មានកីឡាការិនីវៀតណាម Bi Nguyen តែងតែដើរចូលដើម្បីចាប់បោក ប៉ុន្តែបែរជាត្រូវជង្គង់របស់ Stamp ជារឿយៗ និង កណ្ដាប់ដៃផងដែរ។ ទីបំផុត Stamp ឈ្នះពិន្ទុជាឯកច្ឆន្ទ។ Stamp បានថ្លែងថា៖«ខ្ញុំស្រលាញ់ការប្រកួតគុនចម្រុះ ដូច្នេះទើបខ្ញុំផ្លាស់ប្ដូរ។ ខ្ញុំចង់ឈ្នះខ្សែក្រវាត់មួយទៀតក្នុងកម្មវិធីប្រកួតគុនចម្រុះ»។
៣-Sangmanee Sathian MuayThai ឈ្នះ Azize Hlali ដោយពិន្ទុ
កីឡាករវ័យ២២ឆ្នាំ Sangmanee Sathian MuayThai ឬ ហៅថា «Million Dollar Baby» ដែលឈ្នះខ្សែក្រវាត់ជាច្រើននៅប្រទេសថៃ បានយកឈ្នះ កីឡាករម៉ារ៉ុក Azize Hlali ដោយពិន្ទុពីការបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី កម្មវិធី ONE Super Series។ ក្នុងរយៈពេល ៣ ទឹក Sangmanee បានអុកជង្គង់ និង វ៉ៃចំគោលដៅល្អជាង Azize Hlali ។ Sangmanee ជាកីឡាករកំពូលវ័យក្មេងដ៏ខ្លាំងម្នាក់របស់ថៃនាពេលបច្ចុប្បន្ននេះ ហើយគេកីឡាករជើងឯក Muay Thai World Champion ៧សម័យកាលផងដែរ។
៤-ខុន ស៊ីចាន់ Roshan Mainam ត្រឹមទឹកទី១
កីឡាករជើងចាស់កម្ពុជា ខុន ស៊ីចាន់ ចាញ់កីឡាករឥណ្ឌា Roshan Mainam ត្រឹមទឹកទី១ដោយចូលឃ្លេក។ Roshan Mainam ត្រូវបានស្គាល់ថាជាអ្នកជំនាញខាងចំបាប់ ខណៈដែល ខុន ស៊ីចាន់ ជាអ្នកជំនាញខាងគុនខ្មែរ។ គ្រាន់តែចូលទឹកទី១ Roshan មិនបង្អង់យូរដោយចូលចាប់បោកតែម្ដង និង ប្រើក្បាច់ឃ្លេដែលជាជំនាញរបស់គេ។ ស៊ីចាន់ ខំប្រឹងដោះណាស់ ប៉ុន្តែ មិនអាចទៅរួចដោយកីឡាករឥណ្ឌានៅពីលើ ហើយប្រើជើង និង ដៃគាបស្របដងខ្លួនជាប់។ មិនត្រឹមតែប៉ុណ្ណោះកីឡាករវ័យ២៣ឆ្នាំមកពីឥណ្ឌា បានម៉ាត់ពីលើជាប់ជាច្រើនដៃ និង ប្រើក្បាច់ដៃគាបកឲ្យ ស៊ីចាន់ ចុះចាញ់តែម្ដង។ នេះជាលើកទី២ ហើយដែល ខុន ស៊ីចាន់ ចាញ់ឃ្លេក្នុងឆ្នាំ ២០១៩ ព្រោះចាញ់ឃ្លេករបស់ Rudy Agustian កាលខែ កុម្ភៈនៅទឹកទី១ម្ដងរួចមកហើយកាលនៅសិង្ហបុរី។
៥-Eduard Folayang ឈ្នះ Amarsanaa Tsogookhu
វីរបុរសហ្វីលីពីន Eduard Folayang ដែលជាអតីតម្ចាស់ខ្សែ ក្រវាត់ពិភពលោកបានឈ្នះពិន្ទុលើកីឡាករជប៉ុន Amarsanaa Tsogookhu ដោយពិន្ទុយ៉ាងតានតឹង។
លទ្ធផលទាំងអស់ពី ONE: MASTERS OF FATE:
ONE Strawweight World Championship: Joshua Pacio ផ្ដួល Rene Catalan ផ្ដួលទឹកទី២ដោយឃ្លេក
Mixed Martial Arts Lightweight: Eduard Folayang ឈ្នះពិន្ទុលើ Amarsanaa Tsogookhuu
Muay Thai Catchweight (68.0 KG) Sangmanee Sathian Muaythai ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Azize Hlali
Mixed Martial Arts Flyweight: Geje Eustaquio ផ្ដួល Toni Tauru ឲ្យសន្លប់ទឹកទី៣
Mixed Martial Arts Atomweight: Stamp Fairtex ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Bi Nguyen
Mixed Martial Arts Bantamweight: Li Kai Wen ផ្ដួល Paul Lumihi ឲ្យសន្លប់ទឹកទី១
Mixed Martial Arts Strawweight: Yoshitaka Naito ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Pongsiri Mitsatit
Muay Thai Bantamweight: Kongsak PK.Saenchaimuaythaigym ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Han Zi Hao
Mixed Martial Arts Strawweight: Robin Catalan ផ្ដួល Gustavo Balart ទឹកទី២
Muay Thai Bantamweight: Tukkatatong Petpayathai ឈ្នះពិន្ទុមិនឯកច្ឆន្ទលើ Hiroaki Suzuki
Mixed Martial Arts Featherweight: Kim Jae Woong ផ្ដួល Rafael Nunes ឲ្យសន្លប់ទឹក៣
Mixed Martial Arts Flyweight: Kim Kyu Sung ផ្ដួល Akihiro Fujisawa ឲ្យសន្លប់ទឹក១
Mixed Martial Arts Flyweight: Roshan Mainam ផ្ដួល ខុន ស៊ីចាន់ ឲ្យចុះចាញ់ត្រឹមទឹកទី១
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: AGE OF DRAGONSនៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពីប៉េកាំង ចាប់ពីម៉ោង ៦ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕