ភ្នំពេញ៖ អ្នកលក់ដូងនៅតាមដងផ្លូវ និង នៅមុខផ្សារនានា ក្នុងរាជធានីភ្នំពេញ បានរអ៊ូថា ការលក់ដូងរបស់ពួកគេនាថ្ងៃទី៩វិច្ឆិកានេះ មិនសូវដាច់ដូចសព្វដងទេ ។ លើសពីនេះ អ្នកលក់ដូងទាំងនោះ បានខកចិត្តចំពោះការយកដូងច្រើនលើសពីការលក់ប្រចាំថ្ងៃ ខណៈដែលពួកគាត់រំពឹងថាថ្ងៃទី៩វិចិ្ឆកា ផ្លែដូងរបស់ពួកគេមានតម្រូវការច្រើនសម្រាប់ទទួលទានជាមួយអំបុក។
កំពុងឈរកាប់ដូងលើរទះជូនអតិជន លោក សុខ វន បានលើកឡើងថា គិតត្រឹមម៉ោង៩ព្រឹក នាថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ លោកលក់ដូងដាច់មួយៗ មិនសូវជាដាច់ដូចរាល់ថ្ងៃនោះទេ។ អស់រយៈពេលជិត៣មកហើយ នៃការលក់ដូង នេះគឺជាលើកទីមួយដែលលោក សុខ វន លក់ដូងមិនដាច់។ ពោលនៅពេញរទះតែម្តង។
អ្នកលក់ដូងមុខផ្សារកាប់គោ ក្នុងខណ្ឌជ្រោយចង្វារូបនេះ បាននិយាយប្រាប់សារព័ត៌ថ្មីៗថា «ពេលនេះខ្ញុំលក់ដូងទើបអស់ជាង១ឡូ ប៉ុណ្ណោះ បើធៀបនឹងពេលវេលាដូចគ្នា នាថ្ងៃកន្លងមកខ្ញុំលក់អស់២-៣ឡូ ហើយ។ ខ្ញុំខំយកដូងពីគេ១០ឡូ សម្រាប់លក់នៅថ្ងៃនេះ ព្រោះខ្ញុំគិតថាដូងនៅចំពិធីអកអំបុកទូទាំងប្រទេសនេះ នឹងលក់ដាច់រៀងសព្វថ្ងៃ»។
លោក សុខ វន កំពុងកាប់ដូងជូនភ្ញៀវ នៅម្តុំផ្សារកាប់គោ
ចំណែកឯអ្នកដូងនៅមុខផ្សារបឹងត្របែកវិញ ក៏លក់ដូចមិនសូវដាច់មិនខុសពីលោក សុខ វន ផងដែរ។ បើតាមលោក ឡាំ សេម ដែលមានបទពិសោធន៍លក់ដូងជិត១០ឆ្នាំនៅរាជធានីភ្នំពេញ រាល់ព្រឹកចាប់ពីម៉ោង៧ នៅពេលដែលលោកដឹកដូងដោយរទះចេញពីផ្ទះនៅម្តុំវត្តសន្សំកុសល នៅតាមផ្លូវតែងតែ មានអ្នកហៅទិញដូងជាហូរហែរ ហើយទំរាំតែងមកដល់ទីតាំងលក់មុខបឹងត្របែកនោះ លោក សេម លក់ដូងបានយ៉ាងហោចណាស់ ក៏៣ឡូដែរ។ ប៉ុន្តែព្រឹក នាថ្ងៃទី៩វិច្ចិកានេះវិញ មួយព្រឹកហើយ លោកឡាំ សេម លក់ដូងមិនទាន់បាន១ឡូផង។
« កន្លងមក មុនដល់ថ្ងៃប្រារព្ធពិធីបុណ្យអ៊ុំទុក មួយ-ពីរថ្ងៃ ខ្ញុំលក់ដូងដាច់ណាស់។ ខ្ញុំដាច់រហូតអស់ដូងពី១០-១២ឡូ ក្នុងមួយថ្ងៃ។ ប៉ុន្តែបុណ្យអុំទូកឆ្នាំនេះវិញ ដែលធ្វើឡើងនៅថ្ងៃស្អែកហើយ....ជិតមួយព្រឹកទៅហើយ....ខ្ញុំលក់ទើបលក់ដូងបាន៥-៦ផ្លែ»។ នេះជាការលើកឡើងរបស់លោក ឡាំ សេម។
សម្រាប់នាថ្ងៃទី៩វិចិ្ឆកានេះ លោក សេម បានយកដូង១០ឡូ មកលក់ ដែលលើសពីថ្ងៃធម្មតាចំនួន៣ឡូ ប៉ុន្តែបែរជាលក់មិនសូវដាច់ដូចរាល់ថ្ងៃទៅវិញ។ លោកបានបញ្ជាក់ថា៖«ថ្ងៃនេះ ខ្ញុំបានយកដូងពីគេ១០ឡូមកលក់ ដោយគិតថានឹងដាច់ជាងឆ្នាំកន្លងមក ព្រោះចំថ្ងៃដែលសម្តេចប្រកាសឱ្យពលរដទូទាំងហូប(អក)អំបុកប្រទេស»។
លោក ឡាំ សេម ឈរចុចទូរសព្ទ ផ្អែកលើរទះលក់ដូង នៅក្បែរផ្សារបឹងត្របែក។
ជាមួយគ្នានេះ អ្នកស្រី គី សុខធា ដែលជាអ្នកលក់ដូងលើផ្លូវ១៥៥ ក្បែរផ្សារទួលទំពូង ក៏លក់ដូងមិនសូវដាច់ដូចអ្នកទាំងពីរខាងលើផងដែរ។ ប៉ុន្តែអ្នកស្រី បានបញ្ជាក់ថា ការលក់ដូងនៅថ្ងៃទី៩វិចិ្ឆកា របស់អ្នកស្រី មិនសូវដាច់នេះ មិនមានន័យថា ដូងទាំងនោះលក់មិនដាច់ដូចរាល់ថ្ងៃនោះទេ។ ព្រោះអ្នកស្រីយកដូងមកលក់មានចំនួនច្រើនជាងប្រចាំថ្ងៃ។ «បានជាថ្ងៃនេះ ខ្ញុំយកដូងមកលក់ច្រើនជាសព្វថ្ងៃ ព្រោះនៅថ្ងៃទី៩វិចិ្ឆកា ពលរដ្ឋខ្មែរទូទាំងប្រទេសនណាក៏ដឹងថា ជាថ្ងៃហូបអំបុកទូទាំងប្រទេស។ ដូច្នេះបានជាខ្ញុំកម្ម៉ង់ដូងច្រើនមកលក់ ព្រោះក្រៅពីចេក ដូង គឺជាផ្លែឈើពេញនិយមបំផុតក្នុងការទទួលទានជាមួយអំបុក ប៉ុន្តែបែរជាលក់មិនសូវដាច់ ដូចអ្វីដែលខ្ញុំគិតទៅវិញ»។
យ៉ាងណាមិញអ្នកស្រី សុខធា ក៏បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា រដូវបុណ្យអុំទូកឆ្នាំ២០១៩ ការលក់ដូងរបស់អ្នកស្រី គឺមិនសូវដាច់ដូចឆ្នាំមុនៗឡើយ៕
អ្នកស្រី គី សុខធា កំពុងរើជូនភ្ញៀវ នៅចិញ្ចើមផ្លូវ១៥៥ក្បែរផ្សារទួលទំពូង។