ពីនេះ ពីនោះ
សរសេរ​ជា​«​អុំទូក​» ទើបត្រូវ មិនមែន​«​អ៊ុំ​ទូក​» ឡើយ​!
10, Nov 2019 , 7:39 am        
រូបភាព
កីឡាករ​អុំទូក​ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះព្រះខែ និង​​បណ្តែត​ប្រទីប​កាលពី​ឆ្នាំ​២០១៨
កីឡាករ​អុំទូក​ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះព្រះខែ និង​​បណ្តែត​ប្រទីប​កាលពី​ឆ្នាំ​២០១៨
ដោយ: ថ្មីៗ
​ពលរដ្ឋ​មួយចំនួន​នៅមាន​ទម្លាប់​សរសេរ​ខុស​នូវ​ពាក្យ​ខ្លះៗ​។ ដើម្បី​បញ្ចៀស​កំហុស​នេះ​បាន ពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​មែនទែន ដោយ​តាមរយៈ​ការផ្ទៀងផ្ទាត់​ពី​វចនានុក្រម​ខ្មែរ​ជាមុន​។

 

 
​វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ «​អុំទូក​» ជា​ពាក្យ​ត្រូវ​។ «​អុំទូក​» ជា​ពិធីបុណ្យ​ជាតិ​របស់​កម្ពុ​ជា ភាគច្រើន​គេ​និយម​ប្រារព្ធ​ឡើង​នៅ​ខែវិច្ឆិកា​។ ពិធីបុណ្យ​អុំទូក និង​អកអំបុក សំពះ​ព្រះ​ខែ មាន​រយៈពេល​៣​ថ្ងៃ​។ ជាទូទៅ​ពិធី​នេះ​មានការ​ចូលរួម​ដោយ​កីឡាករ​ប្រណាំងទូក​ជាច្រើន ដើម្បី​អុំទូក​ប្រណាំង​គ្នា​នៅ​ទន្លេចតុម្មុខ​។ នៅពេល​យប់​គេ​ក៏​រៀបចំ​ពិធី​បណ្តែតប្រទីប​ផង​ដែល​រំលេច​ពី​ប្រទីប​របស់​ក្រសួង​នានា​នៅ​កម្ពុជា ដើម្បី​រំលឹក​ដល់​ព្រះ​គង្គា​នៃ​ព្រះធរណី​ដែល​បាន​ជួយ​ស្រោចស្រង់​ដល់​វិស័យ​កសិកម្ម​។ 
 
​ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ​។ ក្នង​អំឡុង​ឆ្នាំ​១១៧៧ មាន​ពួក​ចាម​បាន​លើកទ័ព​មក​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​៤​ឆ្នាំ​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ប្រើ​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​កំចាត់​ពួក​ចាម រហូតដល់​បានសម្រេច និង​ដណ្តើមបាន​ទឹកដី​មកវិញ​។ បន្ទាប់មក​នៅ​ឆ្នាំ​១១៨១ ព្រះអង្គ​ក៏បាន​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ​ឡើងវិញ និង​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​ភាព​រីកចម្រើន​។​
 
​ពលរដ្ឋ​ខ្មែរ​បាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​រំលឹក​ដល់​គំរូ​ភាព​នៃ​ការលះបង់​របស់​កងទ័ព​ខ្មែរ​ដែល​បាន​ការពារ​ទឹកដី​ខ្មែរ ហើយ​បានចាត់ទុក​ពិធីបុណ្យ​អុំទូក​ជា​ពិធីបុណ្យ​ជាតិខ្មែរ​ដ៏​ធំ​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com