ជាតិ
បុណ្យអុំទូក
រៀងរាល់ឆ្នាំ ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​១៤-១៥​កើត​ខែ​ក​ត្កិ​ក
10, Nov 2019 , 8:29 am        
រូបភាព
ការប្រារព្ធពិធីបុណ្យអុំទូក របស់ខ្មែរកម្ពុជាក្រោម នៅក្នុងខេត្តឃ្លាំង។រូបថតបានពីទំព័រហ្វេសប៊ុក Indigenous Khmer live in Vietnam។
ការប្រារព្ធពិធីបុណ្យអុំទូក របស់ខ្មែរកម្ពុជាក្រោម នៅក្នុងខេត្តឃ្លាំង។រូបថតបានពីទំព័រហ្វេសប៊ុក Indigenous Khmer live in Vietnam។
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​ប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ពិធី​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប នៅ​ទីក្រុង​ឃ្លាំង ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ក្នុង​រយៈពេល​២​ពេល​ថ្ងៃ ជា​រៀងរាល់ឆ្នាំ​។ ពោលគឺ​ចាប់ពី ថ្ងៃទី​១៤-១៥​កើត ខែ​ក​ត្កិ​ក ត្រូវ​នឹង​ថ្ងៃទី​១០-១១​វិច្ឆិកា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​លោក ប៊ុន ម៉ា​នី ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។

 
​លោក ប៊ុន ម៉ា​នី  បានលើកឡើង​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា បុណ្យអុំទូក​គឺ​ពិធីបុណ្យ​មួយ​ដែល​ជាប់​ទាក់​ទង់​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ ដូច្នេះហើយ​ខ្មែរ​កម្ពុជា​ក្រោម​ឱ្យតែ​ដល់​រដូវ​កាល​នៃ​កម្មវិធី​តាម​ថ្ងៃ​បរិច្ឆេទ​១៥​កើត ខែ​ក​ត្កិ​ក គឺ​ប្រារព្ធ​ឡើង​ពិធី​នេះ មិនដែល​អាក់ខាន​ឆ្នាំ​ណា​ម្តង​ឡើយ ទោះបីជា​ស្ថិតក្នុង​កលៈ​ទេសៈ​មិន​ពេញចិត្ត​ពី​អាជ្ញាធរ​វៀតណាម ស្ថិតនៅក្នុង​ភាព​ក្រលំបាក មិនសូវ​សំបូរ​ធនធាន ទ្រព្យសម្បត្តិ​អ្វី​ក៏ដោយ​។ 
 
​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ បាន​បញ្ជាក់ថា ខ្មែរ​កម្ពុជា​ក្រោម​តែង​រក្សា​នូវ​អ្វី​ដែលជា​អត្ត​ស​ញ្ណា​ណ​ខ្មែរ មិន​ថា​បុណ្យអុំទូក​នេះ​ទេ សូម្បីតែ​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​កថិនទាន និង​ពិធី​ផ្សេងៗ​ទៀត ក៏​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​តែង​ប្រារព្ធ​ជានិច្ច​។ លោក ប៊ុន ម៉ា​នី ពន្យល់​ដូច្នេះ​៖« ការធ្វើ​ឡើង​នៃ​ពិធី​ប្រពៃណី​ទាំងនោះ គឺ​ដើម្បី​បង្ហាញ​ឱ្យ​បរទេស និង​ពិភពលោក​ឃើញថា មិន​ថា​«​ខ្មែរក្រោម ខ្មែរលើ ខ្មែរ​កណ្តាល គឺ​សុទ្ធសឹង​ជា​ខ្មែរ​តែមួយ​» ដែលមាន​អរិយធម៌ ប្រពៃណី ទំនៀប​ទម្លាប់ សាសនា និង​ប្រវត្តិសាស្ត្រ​តែមួយ ដែល​មិន​អាចឱ្យ​ជនបរទេស​ណាមួយ​មក​បំភ្លៃ​បានឡើយ​។ ជាក់ស្តែង​ពិធីបុណ្យ​អុំទូក​របស់​ជ​ន​ជាតិខ្មែរ​យើង គឺមាន​ប្រវត្តិ​នៃ​កំណើត​មកពី​ខេត្ត​ឃ្លាំង ដែល​ស្ថិតនៅក្នុង​ទឹក​ខ្មែរ​កម្ពុជា​ក្រោម​សព្វថ្ងៃ​»​។ 


ការហាត់សមរបស់កីឡាកអុំទូក«ង» ខ្មែរកម្ពុជាក្រោម ក្នុងខេត្តឃ្លាំង។ រូបថត ពីទំព័រហ្វេសប៊ុកឈ្មោះ Indigenous Khmer live in Vietnam។
 
​បើតាម​លោក ប៊ុន ម៉ា​នី កន្លងមក​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​នាំគ្នា​ធ្វើ​ពិធី​បុណ្យអុំទូក​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ពោលគឺ​រៀងរាល់​ថ្ងៃទី​១៥​កើត ខែ​ក​ត្កិ​ក ដោយសារ​មាន​ចំនួន​ទូក​«​ង​» នៅតាម​វត្ត​អារាម​ខ្មែរ​កម្ពុជា​ក្រោម មាន​ចំនួន​តិច​ត្រឹម​១០ ទៅ​២០​ទូក​។ ប៉ុន្តែ​បច្ចុប្បន្ន​ទូក​«​ង​»​ខ្មែរ​កម្ពុជា​ក្រោម មាន​រហូត​៣០ ទៅ​៤០​ទូក ទើប​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​រួមគ្នា​ធ្វើ​ពិធីបុណ្យ​ប្រពៃណី​នេះ​ឡើង ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៤-១៥​កើត​ខែ​ក​ត្កិ​ក​រៀងរាល់ឆ្នាំ​។ ពិធីបុណ្យ​អុំទូក​របស់​ខ្មែរ​កម្ពុជា​ក្រោម ក្រៅពី​ទូក​«​ង​»​របស់​ខេត្ត​ឃ្លាំង​ដែលជា​ម្ចាស់ផ្ទះ មាន​ទូក​«​ង​»​ជិត​៤០​ទៀត មកពី​ខេត្ត​ទាំងអស់​នៅក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដូចជា​ខេត្ត​ឬ​ស្សី​, ខេត្ត​ព្រះ​ត្រពាំង​, ខេត្ត​បាសាក់​, ខេត្ត​ក្រមួនស ខេត្ត​ពល​លាវ និង​ខេត្ត​ទឹកខ្មៅ​ជាដើម​។​
 
​លោក ប៊ុន ម៉ា​នី បាន​បញ្ជាក់ថា មុន​ការ​ប្រណាំងទូក​«​ង​»​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ខេត្ត​ឃ្លាំង​ដែល​ឆ្នាំ​ត្រូវ​ថ្ងៃទី​១០-១១ វិច្ឆិកា​មកដល់ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ក៏មាន​រៀបចំ​កម្មវិធី​លេង​កីឡា ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ខ្មែរ​តាម​សម័យកាល ការតាំងពិព័រណ៍​ទំនិញ និង​ផលិតផល​វៀតណាម និង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត តាំងពី​ថ្ងៃទី​៥​វិច្ឆិកា​ម្ល៉េះ​។ លោក​បាន​បន្ថែមថា រៀងរាល់​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅក្នុង​ខេត្ត​ឃ្លាំង ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចំណាយ​ប្រាក់​ជា​មធ្យម ពី​កន្លះ​លាន ទៅមួយ​លាន​ដុល្លារ ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​ប្រទេស​វៀតណាម​៕ 

Tag:
 អុំទូក​
  ខ្មែរ​កម្ពុជា​ក្រោម​
  ប៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com