បុណ្យអុំទូក​ឆ្នាំនេះ មាន​ទូក​ចំនួន​២៩៧​ទូក មកពី​១៩​ខេត្ត​ក្រុង ចូលរួម​ប្រណាំង​
ជាតិ
បុណ្យអុំទូក
សង្គមជាតិ
បុណ្យអុំទូក​ឆ្នាំនេះ មាន​ទូក​ចំនួន​២៩៧​ទូក មកពី​១៩​ខេត្ត​ក្រុង ចូលរួម​ប្រណាំង​
10, Nov 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ទូក​«​ង​»​ចំនួន​២៩៧​ទូក ដែលមាន​ចំណុះ​ទូក​សរុប​ជិត​២​ម៉ឺន​នាក់ នឹងចូលរួម​ប្រកួត​គ្នា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា​នេះ នៅ​ទន្លេចតុម្មុខ រាជធានី​ភ្នំពេញ​។ ចំនួន​ទូក​ចូលរួម​ប្រកួត​ឆ្នាំ​២០១៩​នេះ កើនឡើង​តែ​ចំនួន​២​ទូក​ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​

 
​លោក ប៊ូ ជុំ​សេរី គណៈកម្មាការ​បច្ចេកទេស​រៀបចំ​បុណ្យជាតិ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងចំណោម​ទូក​ចំនួន​២៩៧ ដែល​នឹង​ប្រកួត​គ្នា​រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​អុំទូក​នេះ មាន​ទូក​អុំ​ផ្នែក​បុរស​ចំនួន​១៦៧​ទូក , ទូក​អុំ​នារី​មាន​១​ទូក ទូក​ចែវ​បុរស​មាន​៣០​ទូក ទូក​ចែវ​នារី​ចំនួន​២​ទូក និង​ទូក​អន្តរជាតិ​ចំនួន ៩៥ ក្នុងនោះ​មាន​ទូក​នារី​ចំនួន​២​ទូក​។ 
 
​នៅ​ឆ្នាំនេះ មាន​កីឡាករ​សរុប​ជិត​២​ម៉ឺន​នាក់ ក្នុងនោះ​នារី​មាន​ចំនួន ១៨៤​នាក់​។ ជាមួយគ្នានេះ ក៏មាន​កីឡាករ​ត្រៀម​ចំនួន​៣,៤៧០​នាក់​ផងដែរ ក្នុងនោះ​មាន​កីឡាករ​នារី ចំនួន​៨៩​នាក់​។  នេះ​បើតាម​លោក ប៊ូ ជុំ​សេរី ដែល​បន្ត​ឲ្យ​ដឹងថា កីឡាករ​ទាំងនោះ មកពី​១៩​ខេត្ត​ក្រុង និង​មកពី​ស្ថាប័ន​រដ្ឋាភិបាល​មួយចំនួន ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ​,​ក្រសួងមហាផ្ទៃ​,​កងកម្លាំង​រាជ​អាវុធហត្ថ​,​ប៉ូលិស​បេ​អ៊ឹម​, កងទ័ពជើងទឹក​,​និង​វត្ត​ព្រែក​ប្រាំង​។ 
 
​បើតាម​លោក ប៊ូ ជុំ​សេរី ចំពោះ​កីឡាករ​ដែល​ចូលរួម​អុំទូក​រយៈពេល​៣​ថ្ងៃនេះ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ឧ​ត្ថ​ម្ភ​ចំនួន​៣​ម៉ឺន​រៀល សម្រាប់​ថ្លៃ​ស្នាក់នៅ និង​ហូបចុក​។ ចំពោះ​ទូក​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ថវិកា​ចំនួន ៣៥​ម៉ឺន​រៀល​, លេខ​២ ទទួលបាន​ថវិកា​៣០​ម៉ឺន​រៀល និង​លេខ​៣ នឹង​ទទួលបាន​ថវិកា​ចំនួន ២៥​ម៉ឺន​រៀល​។  
 
​រង្វង់​មូល​គល់ស្ពាន​ជ្រោយចង្វារ​ខាងកើត គឺជា​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​អុំទូក ហើយ​គណៈកម្មាការ​បច្ចេក​ទេស​រៀបចំ​បុណ្យជាតិ ក៏បាន​ត្រៀម​រួចជាស្រេច ដោយ​ដាក់ពង្រាយ​គ្រូពេទ្យ សម្រាប់​សង្គ្រោះ​កីឡាករ និង​ពលរដ្ឋ​ទូទៅ​។ លោក ប៊ូ ជុំ​សេរី  បញ្ជាក់​ដូច្នេះ​។​
 
​សូម​រម្លឹកថា នៅ​ពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​កាលពី​ឆ្នាំ​២០១៨ មាន​ទូក​ចំនួន​២៩៥​ទូក និង​មាន​កីឡាករ​ចំនួន ១៩,០១៧​នាក់​៕ 

Tag:
 អុំទូក​
 ​ទូក​
 ​កីឡាករ​
 ​ប៊ូ ជុំ​សេរី
© រក្សាសិទ្ធិដោយ thmeythmey.com