ជាតិ
បុណ្យអុំទូក
សង្គមជាតិ
អុំទូក​៖ អាជ្ញាធរ​ក្រុងភ្នំពេញ នឹង​ពង្រាយ​កងកម្លាំង​ជាង​២​ម៉ឺន​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​
10, Nov 2019 , 9:59 am        
រូបភាព
ពលរដ្ឋ​​ដែល​ដំណើរ​​កម្សាន្ត​លេង​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក ​កាលពី​ឆ្នាំ​២០១៨
ពលរដ្ឋ​​ដែល​ដំណើរ​​កម្សាន្ត​លេង​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក ​កាលពី​ឆ្នាំ​២០១៨
ដោយ:
​ភ្នំពេញ​៖ កងកម្លាំង​ជាង​២​ម៉ឺន​នាក់ នឹង​ដើរល្បាត និង​ឈរជើង ការពារ​ពេញ​២៤​ម៉ោង រយៈពេល​៣​ថ្ងៃ នៅ​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ដើម្បី​ត្រៀម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ការបង្ក​ចលាចល និង​ឧប្បទ្ទវហេតុ​ផ្សេងៗ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​ពង្រឹងកម្លាំង​សន្តិសុខ កាលពី​ថ្ងៃទី​១៤ ខែតុលា និង​ត្រូវបាន​ចុះផ្សាយ​ដោយ​គេហទំព័រ​ក្រសួង​ព័ត៌មាន​។

 
​ទាក់ទង​នឹង​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១៩ បាន​ហាម​ពលរដ្ឋ លក់ដូរ ទិញ និង​ប្រើប្រាស់​សម្លៀកបំពាក់ ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល ឯកសណ្ឋាន​កងកម្លាំង​ប្រដាប់អាវុធ នៅក្នុង​អំឡុង​ពិធីបុណ្យ​អុំទូក និង​បុណ្យ​ឯករាជ្យ​ជាតិ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការហាម​ប្រាម​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ប្រជាពលរដ្ឋ ជាពិសេស​បញ្ចៀស​ការភ័ន្តច្រឡំ ថា ជា​កម្លាំង​សមត្ថកិច្ច និង​អាច​បន្លំ​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដែល​អាច​បង្កចលាចល​ក្នុងសង្គម​។ 
 
ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា​។ អាជ្ញាធរ​រំពឹងថា​ឆ្នាំនេះ ប្រជាពលរដ្ឋ​កាន់តែ​ច្រន​កុះករ នឹង​ដើរ​កម្សាន្ត​ក្នុងអំឡុង​បុណ្យអុំទូក​រយៈពេល​៣​ថ្ងៃនេះ​៕

Tag:
 រដ្ឋបាល​រាជធានី​ភ្នំពេញ​
  កងកម្លាំង​
 ​ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com