ជាតិ
បុណ្យអុំទូក
១៧​ឆ្នាំ​ហើយ ដែល​«​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​»​ចូលរួម​ប្រណាំងទូក តំណាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម
10, Nov 2019 , 11:45 am        
រូបភាព
សកម្មភាពកីឡាករ ទូក ង ខ្មែរកម្ពុជាក្រោមមានជ័យ កំពុងហាត់សម នៅទន្លេចតុមុខ មុខព្រះបរម្យរាំង កាលពីថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៩។​
សកម្មភាពកីឡាករ ទូក ង ខ្មែរកម្ពុជាក្រោមមានជ័យ កំពុងហាត់សម នៅទន្លេចតុមុខ មុខព្រះបរម្យរាំង កាលពីថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៩។​
​ភ្នំពេញ​៖ គិត​ត្រឹម​ឆ្នា​២០១៩​នេះ គឺមាន​រយៈពេល ១៧​ឆ្នាំ​ហើយ ដែល​«​ទូក ង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បានបង្ហាញ​វត្តមាន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​។ ជា​ទូក ង តែមួយគត់ ដែល​តំណាងឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​។ នេះ​បើតាម លោក ប៊ុន ម៉ា​នី ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​

 
​ការចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ របស់ «​ទូក ង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​»​នេះ គឺ​ចង់បង្ហាញ​ឱ្យ​ពលរដ្ឋ​ខ្មែរ ពិសេស​អ្នករស់នៅ​កម្ពុជា​ផ្ទាល់ បានដឹង ឃើញ និង​យល់​ពី​ខិតខំ​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌​ខ្មែរ​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា ដែល​កំពុង​រស់នៅ ក្នុង​ទឹកដី​ប្រទេស​វៀតណាម​។ លើសពីនេះ ក៏​ចង់ឱ្យ​ពិភពលោក​បានដឹងថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅតែ​រក្សា​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ យ៉ាង​ខ្ជាប់ខ្ជួន​។  នេះ​ជាការ​ពន្យល​របស់​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​បន្ត​បញ្ជាក់ថា​៖«​ខ្មែរក្រោម ខ្មែរលើ ខ្មែរ​កណ្តាល គឺជា​ខ្មែរ​តែមួយ ដែលមាន​ប្រពៃណី ទំនៀមទម្លាប់ និង​ប្រវត្តិសាស្ត្រ​តែមួយ​»​។​


លោក ប៊ុន ម៉ានី ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដែលកំពុងស្ថិតនៅ កន្លែងចម្រុះទូកង ខ្មែរកម្ពុជាក្រោម។
 
​បើតាម លោក ប៊ុន ម៉ា​នី ការចូលរួម​ប្រណាំងទូក​នៅ​រាជធានី​ភ្នំពេញ ក៏​រង​ការគាបសង្កត់ និង​មិន​ពេញចិត្ត​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ផងដែរ ប៉ុន្តែ​មិនអាច​ទប់​ជាប់​បំណង​ធំ​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា ក្នុងការ​បង្ហាញ​ពី​ការខិតខំ​រក្សា​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួន ដល់​ពលរដ្ឋ​ខ្មែរ​កណ្តាល​នោះឡើយ​។​
 
​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​រូបនេះ បញ្ជាក់​ពី​ទំហំ​ចំណាយ​ក្នុង​ការចូលរួម​ប្រណាំងទូក​នេះ​ថា ក្នុង​មួយឆ្នាំៗ «​ទូក ង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ដែលជា​ទូក​ខ្នាត​អន្តរជាតិ មាន​ចម្រុះ​ទូក​២២​នាក់​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ពី​១,១​ម៉ឺន​ដុល្លារ ទៅ ១,៣​ម៉ឺន​ដុល្លារ​។ ជា​ថវិកា​ឧបត្ថម្ភ​ពី​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​កម្ពុជា​ផ្ទាល់ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់នៅ​ជុំវិញ​ពិភពលោក ដូចជា​នៅ​ប្រទេស​ជប៉ុន  អាមេរិក អឺរ៉ុប និង​អូ​ស្រា្ត​លី​ជាដើម​។ នេះ​បើតាម​លោក ម៉ា​នី ។​
 
​លោក ប៊ុន ម៉ា​នី បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹង​ដែរ​ថា បានជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៤-១៥​កើត ខែ​ក​ត្កិ​ក នា​ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីនោះ ក៏​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នេះដែរ​៕

Tag:
 ប្រពៃណី​
 ​បុណ្យអុំទូក​
  ខ្មែរ​កម្ពុជា​ក្រោម​
© រក្សាសិទ្ធិដោយ thmeythmey.com