មូលហេតុ​សំខាន់ៗ​ដែល​ត្រូវ​ឧស្សាហ៍​ញ៉ាំ “​ផ្លែ​មង្ឃុត​”
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មូលហេតុ​សំខាន់ៗ​ដែល​ត្រូវ​ឧស្សាហ៍​ញ៉ាំ “​ផ្លែ​មង្ឃុត​”
11, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មង្ឃុត​ជា​ផ្លែឈើ​ត្រូពិច​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ជូរអែម និង​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ ទោះបីជា​ចូលចិត្ត ឬ​ឧស្សាហ៍​ទទួលទាន​យ៉ាងណាក៏ដោយ ក៏​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ដឹង​ទេ​ថា​ផ្លែឈើ​នេះ​មាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ផ្លែ​មង្ឃុត ៖
 
១. លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​

​ផ្លែ​មង្ឃុត​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​ការ​រលាក និង​ប្រតិកម្ម​អា​ឡែក​ស៊ី​ផងដែរ​។ លើសពីនេះទៅទៀត មង្ឃុត ក៏​ជួយ​រារាំង​ការបញ្ចេញ​នូវ​សារធាតុ prostaglandin និង histamine ដែល​សារធាតុ​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​នឹង​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​។​
 
២. សុខភាព​ខួរក្បាល​

​ផ្លែ​មង្ឃុត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ folate ប៉ូ​តា​ស្យូ​ម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ចាំបាច់​មួយចំនួនទៀត​ដែល​ល្អ​សម្រាប់​សុខភាព​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​។ ជាតិ folate ជួយ​ក្នុងការ​កាត់បន្ថយ​បញ្ហា​ខ្សោយ​ខួរក្បាល រួមទាំង​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​។ រីឯ​ជាតិ​ប៉ូ​តា​ស្យូ​ម​វិញ​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល​, ជំរុញ​ការផ្ដោត​អារម្មណ៍ ឬ​ការគិត​កាន់តែ​ប្រសើរ និង​ថែមទាំង​បង្កើន​ភាព​សកម្ម​នៃ​សរសៃប្រសាទ​ផងដែរ​។​
 
៣. បង្កើន​ថាមពល​បន្ថែម​

​មង្ឃុត​មាន​ផ្ទុក​បរិមាណ​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ដែល​ជួយ​ផ្ដល់ឱ្យ​រាងកាយ​នូវ​ថាមពល​បន្ថែម​ភ្លាមៗ​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ riboflavin ដែល​ជួយ​បង្កើន​ការដុត​រំលាយ​ជាតិ​ខ្លាញ់ កាបូ​អ៊ី​ដ្រា​ត និង​ប្រូតេអ៊ីន​ដែល​បង្កើន​កម្រិត​នៃ​ថាមពល​ផងដែរ​។​
 
៤. គ្រប់គ្រង​សម្ពាធ​ឈាម​

​មង្ឃុត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​សំខាន់ៗ​ដូចជា​ប៉ូ​តា​ស្យូ​ម ម៉​ង់​កា​ណែ​ស ម៉ាញ៉េ​ស្យូ​ម និង​ជាតិ​ទង់ដែង ដែល​សុទ្ធសឹងតែ​ជា​សារធាតុ​ចាំបាច់​ជួយ​គ្រប់គ្រង​ជាតិ​រាវ​ក្នុង​រាងកាយ សម្ពាធ​ឈាម ក៏ដូចជា​អត្រា​នៃ​ចង្វាក់បេះដូង​ផងដែរ​។ លើសពីនេះទៅទៀត ប៉ូ​តា​ស្យូ​ម​ជួយ​គ្រប់គ្រង​ភាពប្រក្រតី​នៃ​សម្ពាធ​ឈាម​ទប់ស្កាត់​ជំងឺ​សរសៃឈាម​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
៥. ពង្រឹង​សុខភាព​បេះដូង​

​ការទទួល​ទាន​ផ្លែ​មង្ឃុត​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​គាំងបេះដូង​គួរឱ្យកត់សម្គាល់​តាមរ​យៈ​ការរក្សា​អត្រា​ចង្វាក់បេះដូង​ប្រក្រតី​។ ការទទួល​ទាន​ផ្លែ​មង្ឃុត​ក៏​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​រាងកាយ​ដែល​នេះ​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​

​មង្ឃុត គឺជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយសារ​វា​មាន​ប្រសិទ្ធភាព​គ្រប់គ្រង និង​រក្សា​ភាពប្រក្រតី​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ លើសពីនេះទៅទៀត ផ្លែ​មង្ឃុត សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​គ្រប់គ្រង​ការ​បំប្លែង​សារជាតិ​គ្លុយកូស ឬ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​ថែមទាំង​កម្រិត​ភាពប្រក្រតី​នៃ​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ​ផងដែរ​។​
 
៧. ទប់ស្កាត់​ជំងឺមហារីក​

​មង្ឃុត​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​ហៅថា xanthones ។ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្មនេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ស្រូបយក ក៏ដូចជា​កម្ចាត់​នូវ​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​កោសិកា​ផ្សេងៗ​ក្នុង​រាងកាយ ហើយ​ជំនួស​មកវិញ​ដោយ​ការជួសជុល​រាល់​កោសិកា​ដែល​ខូចខាត​។ មង្ឃុត ក៏មាន​ផ្ទុក​នូវ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ផ្សេងទៀត​ដែល​ជួយ​ការពារ​រាងកាយ​ពី​រ៉ាឌីកាល់​សេរី​។ ការរួម​គ្នា​នៃ​វីតាមីន C និង xanthone ធ្វើអោយ​មង្ឃុត​ក្លាយជា​ផ្លែឈើ​ប្រសើរ​បំផុត​មួយ​ជួយ​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។​
 
៨. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​

​បរិមាណ​នៃ​ជាតិ​សរសៃ​ក្នុង​ផ្លែ​មង្ឃុត​ធ្វើអោយ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ បញ្ហា​ទល់លាមក​ដោយ​សម្រួល​ចលនា​ពោះវៀន​។​
 
៩. ជួយ​ឱ្យ​ស្រក​ទម្ងន់​

​មង្ឃុត​ជា​ផ្លែឈើ​ដែលមាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​សរសៃ​ខ្ពស់​ដែល​ល្អ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។​
 
១០. សុខភាព​ស្បែក​

​មង្ឃុត​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​មេរោគ​បាក់តេរី និង​ការ​រលាក​។ ការទទួល​ទាន​ផ្លែ​មង្ឃុត​ជួយ​រក្សា​សំណើម​នៃ​ស្បែក​និង​ទប់ស្កាត់​បញ្ហា​ស្បែក​ផ្សេងៗ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com