ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖«ខ្ញុំ នឹងចុះជួបពលរដ្ឋក្នុងពេលឆាប់ៗនេះ»
10, Nov 2019 , 2:03 pm        
រូបភាព
លោក កឹម សុខា​​ ជួបប្រជាពលរដ្ឋ កាលពីលោក មិនទាន់រងការចោទប្រកាន់ (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
លោក កឹម សុខា​​ ជួបប្រជាពលរដ្ឋ កាលពីលោក មិនទាន់រងការចោទប្រកាន់ (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា លោក នឹកប្រជាពលរដ្ឋយ៉ាងខ្លាំង។ លោក បញ្ជាក់ដូច្នេះថា៖«ខ្ញុំនឹងទៅជម្រាបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នាពេលដ៏ខ្លីខាងមុខនេះ»។



លោក កឹម សុខា ប្រាប់ថា លោក នឹងផ្តល់ដំណឹងលម្អិត តាមក្រោយទៀត។ សំណេររបស់លោក គឺធ្វើឡើងបន្ទាប់ពីលោក ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចបន្ធូរបន្ថយភាពតឹងរ៉ឹងខ្លះចំពោះលោក ជាពិសេសអនុញ្ញាតឲ្យលោក ដើរហើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ តុលាការ មិនទាន់ទម្លាក់បទចោទចេញចេញពីលោកនោះទេ និងនៅរក្សាបម្រាមបីយ៉ាងចំពោះលោក​ គឺ មិនឲ្យចេញទៅក្រៅប្រទេស មិនឲ្យធ្វើសកម្មភាពនយោបាយ និង ត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ច។ 

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ តាមប្រអប់សារ Twitter ដូច្នេះថា៖«គាត់ នឹកប្រជាពលរដ្ឋខ្លាំងណាស់។ គំនិតដំបូងរបស់គាត់ គឺគាត់គិតអំពីប្រជាពលរដ្ឋ ដូច្នេះ គាត់ កំពុងទន្ទឹងរង់ចំា ដើម្បីបានជួយប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗនេះ»។

អត្ថបទទាក់ទង


ទោះលែងជាប់ឃុំក្នុងផ្ទះក្តី តែលោក កឹម សុខា ហាក់មិនទាន់សប្បាយចិត្តណាស់ណានោះទេ ព្រោះលោក នៅតែមានឈ្មោះជាជនត្រូវចោទដដែល។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុក លោក លើកឡើងថា សហមេធាវីរបស់លោក បានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរទម្លាក់បទចោទចេញពីលោកតែម្តង ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ  គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនប៉ុណ្ណោះ។

លោក កឹម សុខា បរិយាយបែបនេះថា៖«ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់បទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំ រំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះ គឺជាជំហានទី១ ប៉ុន្តែរូបខ្ញុំ ក៏ដូចជាពលរដ្ឋខ្មែរដទៃទៀត ដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយ នៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ»។ 

លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់​បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា លោក លួចទៅគប់គិតជាមួយរដ្ឋាភិបាលបរទេស​ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ត្រូវចាត់ទុកជាអំពើក្បត់ជាតិ។

ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដឹកលោក កឹម សុខា ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃុំ (ជិតព្រំដែនវៀតណាម)។ ជាប់ឃុំនៅទីនោះបានមួយឆ្នាំ ពោលគឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានតុលាការ អនុញាតឲ្យវិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ តែមិនត្រូវបានទម្លាក់បទចោទចេញឡើយ ហើយលោក ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។

ចាប់តាំងពីត្រូវចាប់ខ្លួននិងរងបទចោទ មកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ឆ្នាំហើយ ដែលលោក កឹម សុខា ខានចុះជួបពលរដ្ឋ និងខានថ្លែងសារនយោបាយតាមវេទិកានានា៕




Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com