ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក ស្នើ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា
10, Nov 2019 , 3:11 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​តុលាការ​បានអនុញ្ញាត​ឲ្យ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដើរហើរ​ក្នុងប្រទេស រដ្ឋាភិបាល​អាមេរិក​បន្ត​ស្នើ​ឲ្យ​មានការ​ទម្លាក់​បទចោទប្រកាន់​ទាំងអស់​ចំពោះ​រូបលោក​។


 
​រដ្ឋាភិបាល​អាមេរិក ចាត់ទុក​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ដល់​លោក កឹម សុខា នេះ គឺជា​ការវិវឌ្ឍ​ល្អ​មួយកម្រិត ហើយ​អាមេរិក​ក៏បាន​ស្នើ​ឲ្យ​ទម្លាក់​បទ​ចោទ​តែម្ដង​។ «​យើង​កត់សម្គាល់​នូវ​ជំហាន​ឆ្ពោះទៅមុខ​ដ៏​មាន​កម្រិត​មួយ​នេះ ប៉ុន្តែ​ទទូច​យ៉ាងខ្លាំង​ក្លា ឲ្យ​អាជ្ញាធរ​ស្តារឡើងវិញ​ទាំងស្រុង​នូវ​សេរីភាព​និង​សិទ្ធិ​នយោបាយ​របស់លោក ស្ថិតក្រោម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ទម្លាក់​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំងនឹង​លោក ដែល​អ្នកជា​ច្រើន មើលឃើញថា​មាន​ចរិត​នយោបាយ​»​។ នេះ​ជា​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១០​ខែវិច្ឆិកា​នេះ​។​
 
​លោក កឹម សុខា ត្រូវបាន​តុលាការ​លុប​បម្រាម​ដែល​មិន​ឲ្យ​លោក​ចេញពីផ្ទះ នៅ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​នេះ​។ ការ​លុប​បម្រាម​នេះ គឺ​មានន័យថា លោក កឹម សុខា អាច​ដើរហើរ​ទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​តុលាការ​នៅតែ​រក្សា​បម្រាម​មិន​ឲ្យ​លោក​ចេញទៅ​ក្រៅប្រទេស​ដដែល​។ តែ​លោក​ក៏​នៅជាប់​បម្រាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ផងដែរ​។​
​ក្រៅពី​លោក កឹម សុខា សហរដ្ឋអាមេរិក​ក៏​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ផ្សេងទៀត​ដែរ​។ សារ​ខាងលើនេះ​បាន​សរសេរ​ដូចនេះ​ថា​៖«​សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​អ្នក​ទាំងឡាយណា ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ទំនើងចិត្ត​និង​ខុសច្បាប់​ដោយ​រួមទាំង​អ្នកសារព័ត៌មាន សកម្មជន​សង្គម​ស៊ីវិល និង​អ្នកគាំទ្រ ព្រមទាំង​សមាជិក​នៃ​គណបក្សនយោបាយ​ប្រឆាំង​នានា​»​។​
 
​សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​នយោបាយ​របស់ខ្លួន​។ «​អភិបាលកិច្ច និង​សេដ្ឋកិច្ចកម្ពុជា នឹង​ទទួល​ប្រយោជន៍​ពី​ការបោះ​ជំហាន​បន្ថែមទៀត ក្នុង​ការបើក​ឡើងវិញ​នូវ​លំហ​នយោបាយ និង​ពលរដ្ឋ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ក្នុង​និង​ក្រៅប្រទេស ជំរុញ​នូវ​ការសន្ទនា​នយោបាយ​រួមគ្នា​ហើយ​ពិតប្រាកដ និង​ដំណើរការ​ផ្សះផ្សា ព្រមទាំង​ស្តារឡើងវិញ​នូវ​ប្រជាធិបតេយ្យ​ពហុបក្ស​ដ៏​មាន​អត្ថន័យ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដ៏​ពិបាក​រក​របស់​ប្រទេស​នេះ​»៕

Tag:
 កឹម សុខា​
  ទូត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com