នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការបក្សកាន់អំណាចសិង្ហបុរី លោក លី សៀនឡុង បានក្រើនរម្លឹកដល់សមាជិកបក្ស និងសកម្មជនដែលជាអ្នកបន្តវេនជំនាន់ក្រោយរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នក្នុងការរៀបចំគោលនយោបាយសម្រាប់អនុវត្តទាំងថ្នាក់ជាតិ និងអន្តរជាតិ។ អ្វីដែលលោក លី ចង់បាន និងចង់ឃើញ នោះគឺគោលនយោបាយដែលដាក់អនុវត្ត ត្រូវតែទទួលបានការគាំទ្រពីប្រជាជនភាគច្រើន។
តាមរយៈសន្និសីទរបស់គណបក្សកាន់អំណាចសកម្មភាពប្រជាជន (PAP) នៅថ្ងៃ១០ វិច្ឆិកា លោក លី សៀនឡុង បានលើកឡើងថា សិង្ហបុរី ត្រូវការមេដឹកនាំ ដែលមានជំនាញក្នុងការដោះស្រាយបញ្ហា ហើយមានការគាំទ្រពេញទំហឹងពីប្រជាជន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
នាវេទិកា ដែលមានការចូលរួមពីសមាជិកគណបក្ស និងសកម្មភាពរបស់ខ្លួន ប្រធានគណបក្សកាន់ អំណាចរូបនេះ បានពណ៌នា ការបោះឆ្នោតសកលរបស់សិង្ហបុរីឆ្នាំ ២០២១ខាងមុខ គឺជាពេលវេលាដ៏សំខាន់បំផុតមួយ។ លោក លើកឡើងថា អ្នកខាងក្រៅ នឹងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ ថាតើបក្សសកម្មភាពប្រជាជន នឹងបន្តឈ្នះទៀតឬយ៉ាងណា ជាពិសេសនៅពេលបក្សនេះ មានការផ្លាស់ប្តូរអ្នកដឹកនាំ។
លោក លី បានកត់សម្គាល់ថា នយោបាយនៅក្នុងប្រទេសជាច្រើនរបស់ពិភពលោក បានរងការខ្ទេចខ្ទាំ ហើយជំនឿទុកចិត្តលើមេដឹកនាំរបស់ខ្លួន ក៏ត្រូវបានបាត់បង់ជាបន្តបន្ទាប់ ដោយសារតែការផ្តល់សេវាសាធារណៈមិនបានល្អ និងគ្រប់គ្រាន់ ខណៈការបញ្ឆេះកំហឹងសាធារណៈកាន់តែកើនឡើង។
ប្រមុខបក្សកាន់អំណាចរូបនេះ បានលើកយកបញ្ហានៅហុងកុងជាគំរូ។ លោក គូសបញ្ជាក់ថា ការណ៍ដែលធ្វើឲ្យមានបាតុកម្មពីយុវជនហុងកុង គឺពួកគេ មិនសប្បាយចិត្តនឹងរដ្ឋាភិបាលក្នុងគោលនយោបាយសង្គម-សេដ្ឋកិច្ច។ លោក យល់ឃើញថា យុវជនហុងកុង គិតថា ទោះបីជាពួកគេ ខំប្រឹងរៀនសូត្រ និងធ្វើការយ៉ាងណាក៏ដោយ ក៏ពួកគេ គ្មានអនាគតល្អប្រសើរអ្វីដែរ។
ទោះបីជាសិង្ហបុរី មិនទាន់មានបញ្ហាធ្ងន់ធ្ងរនៅក្នុងសង្គមបែបនេះក៏ដោយ លោក លី នៅតែក្រើនរម្លឹកឲ្យអ្នកដឹកនាំជំនាន់ក្រោយ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយ។ លោក សង្កត់ថា ប្រសិនបើហេតុការណ៍បែបនេះកើតឡើងនៅសិង្ហបុរី នោះវា នឹងកាន់តែអាក្រក់ខ្លាំងជាងប្រទេសដទៃ ដ្បិតសិង្ហបុរី តូច ហើយងាយរងគ្រោះ។
នៅពេលនិយាយដល់ទំនាក់ទំនងខាងក្រៅ លោក លី បានលើកឡើងពីបញ្ហាពាណិជ្ជកម្មអាមេរិក និងចិន។ លោក លើកឡើងថា ទាំងអាមេរិក និងចិន សុទ្ធសឹងតែជាដៃគូសំខាន់របស់សិង្ហបុរី ដែលបញ្ហានេះ សិង្ហបុរី ត្រូវតែថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយក្នុងការធ្វើសកម្មភាព និងទំនាក់ទំនងជាមួយនឹងដៃគូនីមួយៗ ដើម្បីបញ្ជៀសការយល់ច្រលំពីដៃគូ។
គួរជម្រាបថា នៅក្នុងការបោះឆ្នោតរបស់សិង្ហបុរីក្នុងអាណត្តិក្រោយ លោក លី សៀនឡុង នឹងមិនឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីទៀតឡើយ ដ្បិតលោក ចង់ផ្តល់ឱកាសឲ្យអ្នកមានសមត្ថភាពចូលមកដឹកនាំបន្ត។ ចំណុចនេះហើយ ដែលលោក មានការព្រួយបារម្ភនៅពេលដែលមានការផ្លាស់ប្តូរបែបនេះ គណបក្សរបស់លោក អាចនឹងត្រូវប្រឈមការបាត់បង់ប្រជាប្រិយភាពឬយ៉ាងណា៕