ជាតិ
បុណ្យអុំទូក
លោក ឱក ផា៖ ទូកងដែលធ្វើពីឈើគគីរ គុណភាពល្អលេខ១ ប្រើ១០ឆ្នាំមិនទាន់ទៅណា
× ភ្នំពេញ៖ តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន គេតែងយកឈើគគីរ មកធ្វើជាទូកង ព្រោះវាធន់នឹងទឹក និងមានគុណភាពល្អបំផុត។ ចំណែកឈើពពេល ជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីឈើគគីរក្នុងការយកមកធ្វើជាទូកង។ ប៉ុន្តែទោះជាយ៉ាងក៏គេមិនសូវជ្រើសរើសឈើលេខ២នេះយកមកប្រើដែរ។
បើតាមលោក ឱក ផា វ័យ៧១ឆ្នាំ ដែលជាអតីតកីឡាករទូកងមកពីខេត្តកំពង់ចាម មានតែឈើគគីរមួយប៉ុណ្ណោះដែលមានគុណភាពល្អលេខ១ សម្រាប់យកមកធ្វើជាទូកង ព្រោះវាធន់នឹងទឹកហើយជាប់មាំល្អ។ ទូកងមាន២ប្រភេទ គឺប្រភេទវែងនិងប្រភេទខ្លី។ ភាគច្រើនទូកខ្នាតវែង គេយកដើមទាំងមូលមកលុងធ្វើទូកតែម្ដង។ មានន័យថាគេមិនច្រៀកឈើទាំងនោះជាបន្ទះក្ដារ ហើយយកមកភ្ជាប់គ្នាដោយពរជ័រ ដូចជាទូកតូចៗសម្រាប់នេសាទត្រី ឬប្រើជាលក្ខណៈគ្រួសារឡើយ។ ចំណែកទូកងប្រភេទខ្លីវិញ គេអាចច្រៀកឈើយកមកធ្វើបាន ប៉ុន្តែនៅតែមានចំនួនតិចតួច ដោយភាគច្រើនគេយកឈើទាំងមូលមកធ្វើតែម្ដង។
លោក ឱក ផា ពន្យល់បន្ថែមដូច្នេះ៖«ទូកងតាំងពីដើមមកគេយកឈើទាំងមូលយកមកធ្វើតែម្ដង គឺគេមិនច្រៀកទេ។ ទាល់តែអ្នកអត់ណាស់ ទើបគេធ្វើទូកងពីក្ដារច្រៀក។ គេមិនច្រៀកព្រោះវាឆាប់ខូច ឆាប់ជ្រាបទឹក ហើយពិបាកពរជ័រផង។ ទូកធ្វើពីឈើគគីបើយើងប្រើថែ យើងលាបថ្នាំ ហើយទុកក្នុងរោងបានត្រឹមត្រូវ មិនឱ្យត្រូវភ្លៀងត្រូវខ្យល់និងថ្ងៃ ប្រើ១០ឆ្នាំមិនទាន់ទៅណាទេ។ ប៉ុន្តែបើធ្វើពីឈើប្រភេទផ្សេង ប្រើតែ២ទៅ៣ឆ្នាំ ចង់ខូចហើយ។ ឈើប្រភេទគគីនេះយកមកធ្វើទូកង វាអុំលឿនផង»។
ទូកងមាន២ប្រភេទ គឺប្រភេទខ្លីនិងប្រភេទវែង។ ទូកងប្រភេទខ្លី មានប្រវែងខ្លីបំផុតអាចត្រឹម១២ម៉ែត្រ។ ឯទូកងប្រភេទវែង មានប្រវែងវែងបំផុត អាចដល់ប្រមាណ៤០ម៉ែត្រ នេះគិតតែទូកង សម្រាប់ប្រណាំងតែប៉ុណ្ណោះ៕
Tag:
ទូក
ឈើ
គគី
អុំទូក
បុណ្យ
© រក្សាសិទ្ធិដោយ thmeythmey.com