អន្តរជាតិ
វៀតណាម ស្នើ​ឲ្យ​អាមេរិក​បញ្ជូន​មន្ត្រី​ពាណិជ្ជកម្ម​ឲ្យ​ច្រើន ពេល​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​
10, Nov 2019 , 9:59 pm        
រូបភាព
រូបភាព៖ Vietnam News
រូបភាព៖ Vietnam News
ដោយ:
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross អមដំណើរ​ដោយ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ផង​នោះ បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​វៀតណាម ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី ក៏ដូចជា​សិក្សា និង​ស្វែងរក​ឱកាស​បន្ថែម​សម្រាប់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ជាមួយនឹង​រដ្ឋ​អាស៊ាន​ដ៏​សក្តានុពល​មួយ​នេះ​។

 
​នា​ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី Wilbur Ross ក្នុង​រដ្ឋធានី​ហាណូយ​នៅ​ថ្ងៃ​៩ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី វៀតណាម Nguyễn Xuân Phúc បាន​គូសបញ្ជាក់​ពី​ការផ្តល់​តម្លៃ​ខ្ពស់​របស់​វៀតណាម​លើ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ជាមួយនឹង​អាមេរិក ហើយ​វៀតណាម ក៏មាន​ក្តីសង្ឃឹម​មុតមាំ​ថា ភាគី​ទាំងពីរ​អាច​ប្រែក្លាយ​ចំណង​សហប្រតិបត្តិការ​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News លោកនាយក​រដ្ឋមន្ត្រី បានកត់សម្គាល់​ពី​ការវិវត្តន៍​យ៉ាង​ល្អប្រសើរ​លើ​គ្រប់​វិស័យ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​នោះ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​លោកនាយក​រដ្ឋមន្ត្រី ចាត់ទុកថា ជា​សូចនាករ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​កៀក​រកគ្នា​។ 
 
​ជាមួយនឹង​ការលើកឡើង​ពី​ការអភិវឌ្ឍ​ក្នុង​ចំណង​ទ្វេភាគី លោកនាយក​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​សន្យា​បង្ក​ភាពងាយស្រួល និង​បង្កើត​លក្ខខណ្ឌ​ពិ​សេ​សេ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​អាមេរិក និង​បើកចំហ​ទីផ្សារ​សម្រាប់​ផលិត​អាមេរិក​ផងដែរ​។ 
 
​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នោះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ត្រង់ៗ​ឲ្យ​អាមេរិក បញ្ជូន​ប្រតិភូ​ពាណិជ្ជកម្ម​ឲ្យ​បាន​ច្រើន​ទៅកាន់​វៀតណាម នៅពេល​វៀតណាម​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ និង​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០​។ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​ស្នើ​បែបនេះ ដើម្បី​ជា​ឱកាស​សម្រាប់​វៀតណាម ក្នុងការ​ស្វែងរក ដៃគូ​ពី​អាមេរិក​បន្ថែម ដ្បិត​វត្តមាន​របស់​ប្រតិភូ​អាមេរិក តែងតែមាន​អម​ជាមួយនឹង​តំណាង​ក្រុមហ៊ុន​ធំៗ​លំដាប់​ពិភពលោក​ជាមួយ​ផងដែរ​។ 
 
​តប​ជាមួយនឹង​ការលើកឡើង​របស់​វៀត​ណា​ម តាម​ប្រភពព័ត៌មាន​ដដែល​នោះ តំណាង​ជាន់ខ្ពស់​របស់​អាមេរិក បាន​អះអាងថា ប្រតិភូ​ធុរកិច្ច​អាមេរិក ដែល​អមដំណើរ​រូបលោក​រួមទាំង​តំណាង​ក្រុមហ៊ុន​ធំៗ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បានបង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង​នៅក្នុង​ទីផ្សារ​វៀតណាម​។ 
 
​លោក Wilbur Ross បន្ថែមថា ភាគី​អាមេរិក បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចូលរួម​អភិវឌ្ឍ​វៀតណាម ហើយក៏​សង្ឃឹម​ផងដែរ​ថា រដ្ឋាភិបាល​អាមេរិក នឹង​បង្ក​ភាព​កាន់តែ​ល្អប្រសើរ​លើ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​។ លោក អះអាងថា ក្រសួងពាណិជ្ជកម្ម​អាមេរិក បានរៀបចំ​ផែនការ​ក្នុងការ​រៀបចំ​បញ្ជូន​ប្រតិភូ​ធុរកិច្ច​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ក្នុង​គោលដៅ​ស្វែងរក​ឱកាស​សម្រាប់​ការធ្វើ​កិច្ច​សហ​ប្រតិ​ប្ត​តិ​កា​រលើ​វិស័យ​ថាមពល​នៅ​ដើមឆ្នាំ​ក្រោយ​។​
 
​គួរ​ជម្រាប​ថា វៀតណាម គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​អាស៊ីអាគ្នេយ៍​។ ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​គ្នា អាមេរិក មិន​ត្រឹមតែ​ជួយ​ជ្រោមជ្រែង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​នោះទេ តែ​ក៏​ជួយ​ការពារ​វៀតណាម​ក្នុង​វិស័យ​សន្តិសុខ និង​ការការពារ​ពី​ការគំរាមកំហែង​ខាងក្រៅ​ផងដែរ​៕

Tag:
 អាមេរិក​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com