កូនស្រី​៖ លោក កឹម សុខា សប្បាយចិត្ត ពេល​ពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូនស្រី​៖ លោក កឹម សុខា សប្បាយចិត្ត ពេល​ពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច​
10, Nov 2019 , 5:34 pm        
រូបភាព
លោក កឹម សុខា និង កញ្ញា កឹម មនោវិទ្យា
លោក កឹម សុខា និង កញ្ញា កឹម មនោវិទ្យា
ដោយ: ថ្មីៗ
កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់លោក កឹម សុខា បាន​និយាយ​ពី​ទឹកចិត្ត​របស់លោក​ឪពុក ដែល​តែង​គិតដល់​ប្រជា​ពល​រដ្ឋមុនគេ​។ កញ្ញា លើកឡើងថា ឪពុក​របស់​កញ្ញា ពិតជា​នឹក​និង​ចង់​ជួប​ប្រជាពលរដ្ឋ​ខ្លាំងណាស់​។



ទោះជាមិនទាន់ទទួលបាន​សេរីភាព​ពេញលេញ ប៉ុន្តែ​ថា តើ​សេចក្តីសម្រេច​របស់​តុលាការចុងក្រោយ ដែលអនុញ្ញាត​ឱ្យលោក កឹម សុខា អាច​ធ្វើដំណើរ​នៅក្នុងប្រទេស​បាន តើ​លោក កឹម សុខា សប្បាយចិត្ត​ខ្លះដែរឬទេ? កញ្ញា កឹម មនោ​វិទ្យា ដែល​ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​រប​ស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ប្រអប់​សារ​ Twitter យ៉ាង​ដូច្នេះ​ថា​៖«​គាត់ អាច​សប្បាយ​ចិត្តបាន នៅពេល​ប្រជាពលរដ្ឋ​ទាំងអស់ រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច និង គ្មាន​ការបំភិតបំភ័យ ហើយ​គាត់ សង្ឃឹមថា នឹង​បានធ្វើ​កិច្ចការ ដើម្បី​សម្រេច​បំណង​នេះ​»​។ 
 
​សារ​របស់​កញ្ញា កឹម មនោ​វិទ្យា ធ្វើឡើង​បន្ទាប់ពី តុលាការ ចេញ​ដីកា​នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​សម្រេច​លុប​បម្រាម​ខ្លះ​ចេញពី​លោក កឹម សុខា ពិសេស​បើកដៃ​ឲ្យ​លោក ដើរហើរ​ដោយ​សេរី​ទៅកាន់​ទីណា​ក៏បាន​ក្នុងប្រទេស​កម្ពុជា​។ កញ្ញា ចាត់ទុក​ការ​លុប​បម្រាម​នេះ ថា​ជា​ជំហាន​ដំបូង ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​
 
​លើសពីនេះ កញ្ញា កឹម មនោ​វិទ្យា បាន​បញ្ចេញមតិ​លើ Twitter ថា តុលាការ បាន​ដក​ការ​រឹតត្បិត​ខ្លះ​ចំពោះ​លោក កឹម សុខា តែ​ការ​រឹតត្បិត​មួយចំនួនទៀត នៅតែមាន​។ កញ្ញា សរសេរ​ដូច្នេះ​ថា​៖«​យើង នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញ ហើយ​ផ្តល់​សិទ្ធិ​នយោបាយ​ជូន​គាត់​វិញ​»​។ 

​ចំណែក លោក កឹម សុខា ខ្លួនឯង​ផ្ទាល់  បាន​សរសេរ​លើទំព័រ​ហ្វេ​ស​ប៊ុ​កថា លោក នឹង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ តាមរយៈ​សំណេរ​នោះ លោក បាន​សម្តែង​ក្តី​នឹករលឹក​ចំពោះ​ប្រជាពលរដ្ឋ​។ 

បើ​មើល​តាម​សា​រលើ​ហ្វេ​ស​ប៊ុ​ក លោក កឹម សុខា ហាក់​មិនទាន់​សប្បាយចិត្ត​ណាស់ណា​នោះទេ ទោះបីជា​លោក លែង​ជាប់ឃុំ​ក្នុងផ្ទះ​ក៏ដោយ ព្រោះ​លោក នៅតែមាន​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ដដែល​។ តុលាការ បាន​រក្សាទុក​បម្រាម​២​យ៉ាង​ចំពោះ​លោក គឺ​មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស និង មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​។ លើសពីនេះ តុលាការ នៅ​ឲ្យ​លោក អនុវត្ត​កាតព្វកិច្ច​១​ទៀត គឺ​ត្រូវឆ្លើយតប​នឹង​ដីកា​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។ 
 
​លោក កឹម សុខា លើកឡើងថា សហ​មេធាវី​របស់លោក បានដាក់​ពាក្យស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ទម្លាក់​បទ​ចោទ​ចេញពី​លោក​តែម្តង ប៉ុន្តែ​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ គឺ​ត្រឹមតែ​ជាការ​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយចំនួន​ប៉ុណ្ណោះ​។ 
 
​ប្រធាន​អតីត​គណបក្សប្រឆាំង​រូបនេះ បរិយាយ​ដូច្នេះ​ថា​៖«​ក្នុងនាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់ ដែល​ត្រូវបាន​រង​ការឃុំខ្លួន​ទាំង​គ្មាន​កំហុស​២​ឆ្នាំ​មកហើយ ខ្ញុំ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​មកលើ​រូបខ្ញុំ​។ ខ្ញុំ រំពឹងថា​សេចក្តីសម្រេច​ក្នុងថ្ងៃនេះ គឺជា​ជំហាន​ទី​១ ប៉ុន្តែ​រូបខ្ញុំ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃទៀត ដែល​បាន​បាត់បង់​សិទ្ធិសេរីភាព​នយោបាយ នៅតែ​ត្រូវការ​ដំណោះស្រាយ​និង​យុត្តិធម៌​ពិតប្រាកដ​»​។ 
 
​ជាង​២​ឆ្នាំ​ហើយ ដែល​លោក កឹម សុខា ខាន​ជួប​ប្រជាពលរដ្ឋ​និង​ខាន​ថ្លែង​សារ​នយោបាយ​តាម​វេទិកា​នានា ចាប់តាំងពី​លោក ត្រូវ​ឃុំខ្លួន​មក​។ សមត្ថកិច្ច បាន​ចូលទៅ​ចាប់​លោក ដល់​គេហដ្ឋាន កាលពី​យប់អត្រាធ្រ ថ្ងៃទី​២​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ដឹក​យកទៅ​ឃុំ​ភ្លាមៗ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការសង្ស័យថា លោក លួច​ទៅ​គប់គិត​ជាមួយ​រដ្ឋាភិបាល​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។​
 
​ជាប់ឃុំ​នៅ​ទី​នោះបាន​មួយឆ្នាំ ពោលគឺ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក ក៏​ត្រូវបាន​តុលាការ អនុញាត​ឲ្យ​វិលត្រឡប់​ទៅ​រស់នៅ​ក្នុងផ្ទះ​របស់លោក​វិញ តែ​មិន​ត្រូវបាន​ទម្លាក់​បទ​ចោទ​ចេញ​ឡើយ ហើយ​លោក ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​៕ 

Tag:
 កឹម សុខា​
  កឹម មនោ​វិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com