ជាតិ
នយោបាយជាតិ
លោក កឹម សុខា ជួបទូតអាមេរិក និងបារាំង នៅថ្ងៃទី១១ វិច្ឆិកានេះ រូបពីហ្វេសប៊ុកលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
× ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ! លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងជួបឯកអគ្គរដ្ឋទូតអាមេរិក និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១១ វិច្ឆិកានេះ។ នេះបើតាមលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា ។
លោក មុត ចន្ថា បានសរសេរលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១០ វិច្ឆិកាថា លោក កឹម សុខា នឹងមានជំនួបដោយឡែកពីរផ្សេងគ្នាជាមួយបេសកកម្មការទូតបរទេសមួយចំនួនកម្ពុជា ដោយក្នុងនោះ លោក កឹម សុខា ត្រូវជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង នៅម៉ោង ១០: ៣០ព្រឹក ។ ចំណែកជាមួយ ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក នៅម៉ោង ២:៣០រសៀល ថ្ងៃដដែលនេះ។ បើតាមលោក មុត ចន្ថា ជំនួបទាំងពីរនេះ នៅត្រូវធ្វើឡើងនៅក្នុងគេហដ្ឋានលោក កឹម សុខា ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកែប្រែលក្ខខណ្ឌខ្លះ ដោយសម្រេចឱ្យលោកដើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែចេញទៅក្រៅប្រទេស ។ ដ្បិតអាចដើរគ្រប់ទីកន្លែងបានមែន ប៉ុន្តែលោក កឹម សុខា នៅគ្មានសិទ្ធិធ្វើសកម្មភាពនយោបាយដដែល។ ជាពិសេសលោក កឹម សុខា ត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ចគ្រប់ពេល ដោយសារនៅតែស្ថិតនៅក្នុងការតាមដានរបស់តុលាការ៕
Tag:
កឹម សុខា
នយោបាយ
បារាំង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com