អត្ថបទពាណិជ្ជកម្ម
ទុនវិនិយោគ​របស់​ជ​ប៉ុន​នៅ​កម្ពុជា ឈានដល់ ២.៥ ពាន់​លាន​ដុល្លារ ត្រឹម​៩​ខែ ឆ្នាំ​២០១៩
11, Nov 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លើកឡើងថា ការរីកចម្រើន​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន មិនអាច​កាត់ផ្តាច់​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​ជប៉ុន​បាន ឡើយ​។ ជាក់ស្តែង ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៩ ទុនវិនិយោគ​របស់​ជ​ប៉ុន​នៅ​កម្ពុជា មាន​សរុប​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។​
​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​គូសបញ្ជាក់​បែបនេះ ក្នុង​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា​។ 
 
​កិច្ចប្រជុំ​នេះ លោក សុខ ចិន្តា​សោភា បាន​ថ្លែងបន្តថា គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការថែទាំ​វិនិយោគ ក្រោម​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម​ការ​ជំរុញ និង​ការការពារ​វិនិយោគ ដែល​ផ្តល់ឱកាស​ឱ្យមាន​ការសន្ទនា​ដោយផ្ទាល់ រវាង​តំណាង​ក្រសួង ស្ថាប័ន នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកវិនិយោគ​ជប៉ុន ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា សំដៅ​ស្វែងរក​ដំណោះស្រាយ ដ៏​សមស្រប​ជូន​អ្នកវិនិយោគ​ជប៉ុន​។​
 
​មិនតែប៉ុណ្ណោះ លោក​ថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​១៨​នេះ បាន​ផ្តោត​ការពិភាក្សា​លើ​ចំណុច​ចំនួន​៥ សំខាន់ ទាក់ទង​នឹង​បរិយាកាស​វិនិយោគ នៅ​កម្ពុជា​រួមមាន​៖(១) តម្លៃ និង​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី (២) ការទូទាត់​ប្រាក់​ដំណាច់​អតីតភាព​ការងារ (៣) ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា (៤) សេវា​ឡូ​ជី​ស្ទិ​ក និង​ការបញ្ចេញ​ទំនិញ​ពី​គយ និង (៥) អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន​។​
 
​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រូបនេះ ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​វិនិយោគ របស់​អ្នកវិនិយោគ​ជប៉ុន​ទាំងអស់ ជាពិសេស ការវិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល មិនមែន​វាយ​ន​ភណ្ឌ ដូចជា​ការផលិត​បរិ​ក្ខា​រ​អេឡិចត្រូនិក និង​អគ្គិសនី ការផលិត​គ្រឿងបន្លាស់​រថយន្ត​ជាដើម ដែល​បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក ដល់​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែលមាន​ចក្ខុវិស័យ កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅ​ឧស្សាហកម្ម ដោយ​ប្រើប្រាស់​ជំនាញ​។​
 
​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​នេះដែរ លោក ម៉ាសា​ហ៊ី​រ៉ុ មី​ខា​មី ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើកឡើងថា កន្លងមក រដ្ឋាភិបាល​កម្ពុជា តែងតែបាន​ខិតខំ​ប្រឹងប្រែង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​សម្របសម្រួល និង​ផ្តល់នូវ​ការឆ្លើយតប​ជា​វិជ្ជមាន ចំពោះ​ក្ដីកង្វល់ និង​សំណូមពរ​របស់​អ្នកវិនិយោគ​ជប៉ុន​។ 
 
​សម្រាប់​លោក ម៉ាសា​ហ៊ី​រ៉ុ មី​ខា​មី សកម្មភាព​នេះ បានបង្ហាញ​យ៉ាងច្បាស់ ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការថែទាំ​វិនិយោគ ដែល​ផ្តល់​ភាពកក់ក្តៅ ដល់​អ្នកវិនិយោគ​ដែលមាន​ស្រាប់ និង​ដល់​អ្នកវិនិយោគ ដែលមាន​បំណង​ពិចារណា​បណ្តាក់ទុន នៅ​កម្ពុជា​ផងដែរ​។​
 
​លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន​រូបនេះ បានបញ្ជាក់​បន្ថែមទៀត​ថា យើង​ត្រូវខិតខំ​ទាំងអស់គ្នា​បន្ថែមទៀត ធ្វើឱ្យ​អ្នកវិនិយោគ​ដែល​កំពុងមាន​សកម្មភាព សប្បាយ​ចិត្តនឹង​ប្រតិបត្តិការ​ធុរកិច្ច​របស់​ពួកគេ  ដែល​នេះ ជា​សញ្ញា​វិជ្ជមាន​ដ៏​ល្អ​មួយ សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​ថ្មី ឱ្យមក​បណ្តាក់ទុន​បន្ថែ​ម​ទៀត​។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន​ជប៉ុន ដែលមាន​គម្រោង​ពង្រីក​ការវិនិយោគ​របស់គេ ក៏​នឹង​ពិនិត្យ​ផងដែរ ទៅលើ​ដំណោះស្រាយ​នៃ​បញ្ហា​ប្រឈម ដែល​ពួកគេ​បាន និង​កំពុង​ជួបប្រទះ ពី​សំណាក់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ របស់​រាជរដ្ឋាភិបាល​។​
 
​គួរ​រំ​ឮ​កថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ជប៉ុន ចំនួន ១៤១​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ ២.៥ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​គម្រោង​ចំនួន ៦៦ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទុនវិនិយោគ​ប្រមាណ ៣៤០ លាន​ដុល្លារ​អាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com