ភ្នំពេញ៖ ខ្មែរបានបញ្ជ្រាបរឿងរាមកេរ្តិ៍ ទៅក្នុងសិល្បៈគំនូរ ចម្លាក់តាមវត្តនិងប្រាសាទនានា របាំ ក្នុងជំនឿ ក្នុងក្បួនទាយ ក្នុងឈ្មោះក្បាច់គុន ឈ្មោះរុក្ខជាតិ ក្នុងសញ្ញាសម្គាល់ស្ថាប័នជាតិនិងអង្គការ ព្រមទាំងក្នុងព្រះរាជពិធីរបស់ព្រះមហាក្សត្រផងដែរ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា រឿងរាមកេរ្តិ៍បានជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិតរបស់ប្រជាជនខ្មែរ តាំងពីបុរាណរហូតដល់បច្ចុប្បន្ន។
ក្នុងបាឋកថាកាលពីពេលកន្លងទៅ លោក ព្រាប ចាន់ម៉ារ៉ា សាស្ត្រាចារ្យផ្នែកបុរាណវិទ្យា បានបង្ហាញភស្តុតាងជាច្រើន ពីឥទ្ធិពលរឿងរាមកេរ្តិ៍ក្នុងសង្គមកម្ពុជា ដែលជ្រួតជ្រាបពីថ្នាក់កំពូលរហូតដល់ប្រជារាស្ត្រធម្មតា។
បើយើងសង្កេតមើលទៅក្នុងជីវភាពរបស់ប្រជាជនខ្មែរ នៅភូមិស្រុកមួយចំនួន រឿងរាមកេរ្តិ៍ត្រូវបានគេសម្ដែងក្នុងទម្រង់ល្ខោនខោល ដើម្បីថ្វាយអ្នកតា ក្នុងបំណងសុំទឹកភ្លៀងប្រចាំឆ្នាំ សុំឱ្យមានភោគផលកសិកម្ម សុំឱ្យមានសេចក្ដីសុខ ព្រមទាំងសម្ដែងក្នុងពិធីបុណ្យផ្សេងៗទៀត។
«ការធ្វើពិធីបួងសួងនេះពិតជាស័ក្ដិសិទ្ធិពិតប្រាកដមែន ដូចជានៅវត្តស្វាយអណ្ដែត និងនៅបាត់ដំបងជាដើម។ នៅតាមភូមិស្រុកខ្លះគេគោរពខ្មុកស្មាច់មុខហនុមាន ឬមុខយក្ស ជាអ្នកតាថែរក្សាភូមិស្រុកថែមទៀតផង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ចាន់ម៉ារ៉ា។
លោក ព្រាប ចាន់ម៉ារ៉ា សាស្ត្រាចារ្យមហាវិទ្យាល័យបុរាណវិទ្យានៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ស្ថិតក្នុងជំនឿនេះដែរ ក្នុងយ័ន្តគាថា ការចាក់សាក់ ក្បួនទាយ និងក្បួនមើលជំងឺ សុទ្ធតែបានរងឥទ្ធិពលពីរឿងរាមកេរ្តិ៍។ មិនតែប៉ុណ្ណោះក្បាច់គុនខ្មែរខ្លះ សូម្បីតែឈ្មោះទូក ក៏គេបានបញ្ជ្រាបរឿងរាមកេរ្តិ៍ចូលដែរ។ នេះបើតាមលោក ព្រាប ចាន់ម៉ារ៉ា ៖«ឈ្មោះទូក កំហែងបារមី កំហែងរាមា សរព្រះរាមមានរិទ្ធិ អាវាយរាបត្បូងឃ្មុំ និងមានច្រើនទៀតតែខ្ញុំស្រង់មកតែប៉ុណ្ណេះ។ ក្នុងពិធីរំដោះគ្រោះ គេឆ្លាក់រូបព្រះរាម រូបហនុមាន ដាក់ជាប់នឹងកន្ទោងផង។ ក្នុងក្បួនទាយមាន ប្រជុំក្បួនពិភេកហោរ៉ា ហើយក្នុងក្បាច់គុនមានឈ្មោះ ក្បាច់ព្រះរាមផ្លែងសរជាដើម»។
លោក ព្រាប ចាន់ម៉ារ៉ា បញ្ជាក់បន្ថែម៖«សញ្ញាសម្គាល់កងខេរមរៈភូមិន្ទ ក្រសួងការពារជាតិ សាលាខណ្ឌដូនពេញ(ហនុមាន) និងនិម្មិតសញ្ញារបស់សមាគមនានា បានដាក់រូបតួអង្គក្នុងរឿងរាមកេរ្ដិ៍។ បើមើលទៅឈ្មោះរុក្ខជាតិមានដូចជា ពុកព្រះរាម សុខព្រះរាម លំពែងព្រះរាម ដើមសីតា សម៉ពិភេក ម្នាស់ឥន្ទជិត ជាដើម»។
រូបចម្លាក់នៅវិហារវត្តដំរីស
បើគេសង្កេតទៅលើសិល្បៈចម្លាក់វិញ នោះគេនឹងឃើញមាននៅលើចម្លាក់ទោល ចម្លាក់តាមវត្ត តាមប្រាសាទ គំនូរលើស្បែក គំនូរទំនើប គំនូរផ្សាយ គំនូរលម្អ គំនូរលើចានសម្រាប់ធ្វើជាអំណោយ ឆ្លាក់លើស្ព័ន ការត្បាញលើពិដាន លើហូល ជាដើម។ បើមើលទៅលើសិល្បៈទស្សនីយភាព រឿងរាមកេរ្តិ៍ត្រូវបានយកទៅសម្ដែងក្នុងល្ខោនខោល ល្ខោនស្បែកធំ របាំព្រះរាជទ្រព្យឬរបាំក្បាច់ខ្មែរបុរាណ និងការនិទានផ្ទាល់មាត់ជាដើម។
«យើងមើលគំនូរនៅព្រះទីន័ងទេវាវិនិច្ឆ័យ ដែលគូរនៅឆ្នាំ១៩១៧ ក៏មានរឿងរាមកេរ្តិ៍។ គំនូរនៅជុំវិញព្រះមហាស្វេត្រឆត្រ ក៏មានរឿងរាមកេរ្តិ៍។ របាំមហោស្រពអ្វីផ្សេងៗទៀត សុទ្ធតែមានរឿងរាមកេរ្តិ៍។ ចម្លាក់នៅតាមប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀត សុទ្ធតែបានគូរពីរឿងរាមកេរ្តិ៍។ ឥទ្ធិពលរឿងនេះមានច្រើនទៀត ដែលខ្ញុំមិនបានបង្ហាញ។ ដូច្នេះរឿងរាមកេរ្តិ៍មានឥទ្ធិពលខ្លាំងណាស់ក្នុងសង្គមខ្មែរ។ នេះជាការបញ្ជាក់របស់លោក ចាន់ ម៉ារ៉ា។
រូបចម្លាក់នៅវិហារវត្តដំរីស
តាមរយៈរូបថតអមដោយប្រវត្តិខ្លះៗបង្ហាញដោយលោក ព្រាប ចាន់ម៉ារ៉ា កាលពីឆ្នាំ១៩០០(ដើមសតវត្សរ៍ទី២០) ក្នុងព្រះរាជពិធីកេសាក័ន្ត(កោជុក) នៃព្រះរាជបុត្ររបស់ព្រះករុណាសម្តេចព្រះនរោត្តម ព្រះសុវណ្ណកោដ្ឋ ឃើញមានតួអង្គក្នុងរឿងរាមកេរ្តិ៍ដូចជាហនុមាននិងយក្យ ត្រូវបានអនុញ្ញាតឱ្យដង្ហែក្នុងក្បួននៃព្រះរាជពិធី។ ឆ្នាំ១៩៦០ ក្នុងព្រះរាជពិធីហែព្រះសពព្រះករុណាព្រះបាទសម្ដេចព្រះសុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ ក៏មានតួអង្គក្នុងរឿងរាមកេរ្ដិ៍ចូលរួមដង្ហែក្នុងក្បួនដែរ។ ហើយក្នុងព្រះរាជពិធីគ្រងរាជ្យសម្បត្តិ ព្រះរាជពិធីចម្រើនព្រះជន្ម និងក្បួនដង្ហែព្រះមហាក្សត្រផ្សេងៗទៀត តែងមានវត្តមានតួអង្គក្នុងរឿងរាមកេរ្តិ៍។
លោក ព្រាប ចាន់ម៉ារ៉ា ពន្យល់បន្ថែម៖«រឿងរាមកេរ្តិ៍មានឥទ្ធិពលក្នុងព្រះរាជពិធីរបស់ព្រះមហាក្សត្រតាំងពីបុរាណមក។ គេយករឿងរាមកេរ្តិ៍ទៅសម្ដែងក្នុងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ល្ខោនខោល និងរបាំបួងសួងជាដើម។ មើលតាមរូបភាពកាលឆ្នាំនោះ ក្បួនដង្ហែដែលមានតួអង្គក្នុងរឿងរាមកេរ្តិ៍ ហាក់ដូចជាមានអំណាចខ្លាំងណាស់»។
លោក ព្រាប ចាន់ម៉ារ៉ា សាស្ត្រាចារ្យមហាវិទ្យាល័យបុរាណវិទ្យានៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកទេសបុរាណវិទ្យាលោក ព្រាប ចាន់ម៉ារ៉ា បានសំណូមពរដល់ប្រជាជនខ្មែរ ជួយផ្ដល់ទីតាំងឬព័ត៌មានពាក់ព័ន្ធនឹងវប្បធម៌ទំនៀមទម្លាប់ កម្រៗឬដែលស្ទើរនឹងបាត់បង់ មកកាន់មន្ត្រីពាក់ព័ន្ធក៏ដូចជាអ្នកស្រាវជ្រាវ ដើម្បីរក្សាទុក។
លោក ចាន់ម៉ារ៉ា សង្កត់ធ្ងន់យ៉ាងនេះ៖«វប្បធម៌ទំនៀមទម្លាប់ខ្មែរមានច្រើនណាស់ ហើយដូនតាខំរក្សាមកអស់រាប់ពាន់ឆ្នាំបាន ចុះមកចង្រៃអ្វីអស់ត្រឹមយើង។ យើងអាចចោលសម្បកកាយនេះបាន ប៉ុន្តែប្រទេសមិនអាចគ្មានវប្បធម៌ប្រពៃណីបានទេ។ ដូច្នេះបើបងប្អូនណាបានដឹងឬឃើញថានៅទីណាមានទំនៀមទម្លាប់ល្អៗ សូមជួយប្រាប់មកអ្នកស្រាវជ្រាវ ឬទៅមន្ត្រីពាក់ព័ន្ធ ដើម្បីឱ្យគាត់ចុះទៅស្រាវជ្រាវយកមករក្សាទុក»៕