ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មុត ចន្ថា ៖ ជំនួប​លោក កឹម សុខា និង​ទូត​បារាំង គឺជា​ការជួប​សួរសុខទុក្ខ​ធម្មតា​
11, Nov 2019 , 12:18 pm        
រូបភាព
​ភ្នំពេញ​៖ ជំនួប​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បានបញ្ចប់​ហើយ នៅ​ម៉ោង​១២ ថ្ងៃទី​១១ វិច្ឆិកា​នេះ​។ លោក កឹម សុខា មិនបាន​ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​ជុំវិញ​ជំនួប​ដំបូង​ខ្លួន ជាមួយ​ទូត​បរទេស​នេះឡើយ​។

 
​ដ្បិត​គ្មាន​ការបកស្រាយ​ពី​លោក កឹម សុខា ក្តី ប៉ុន្តែ​មន្ត្រី​ជំនិត​លោក មុត ចន្ថា បាន​ចេញមក​ធ្វើ​សន្និសីទកាសែត​ប្រមាណ​ជាង​៤​នាទី​ថា ជំនួប​លើកដំបូង​នេះ គឺ​គ្មានអ្វី​នោះទេ ពោលគឺ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា គ្រាន់តែ​មក​សួរសុខទុក្ខ​លោក កឹម សុខា ធម្មតា ដើម្បី​ចង់ដឹង​ពី​បញ្ហា​សុខភាព​ប៉ុណ្ណោះ ក្រោយ​ជាប់ឃុំ​ខ្លួន​ជាង​២​ឆ្នាំ​មកនេះ​។ ជាពិសេស​ពី​ដំណើរ​ការវិវត្ត​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​។​
 

ដោយឡែក​លោក កឹម សុខា ក៏បាន​ថ្លែង​អរគុណ​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ចំពោះ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​បារាំង ដែល​បាន​ជួយ​ជ្រោមជ្រែង ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ការជួយ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក មុត ចន្ថា មនុស្ស​ស្និទ​លោក កឹម សុខា ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​។​

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កែប្រែ​លក្ខខណ្ឌ​ខ្លះ ដោយ​សម្រេច​ឱ្យ​លោក​ដើរទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ។ ដ្បិត​អាច​ដើរ​គ្រប់​ទីកន្លែង​បាន​មែន ប៉ុន្តែ​លោក កឹម សុខា នៅ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដដែល​។ ជាពិសេស​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​គ្រប់ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​៕​
 

Tag:
 កឹម សុខា​
  នយោបាយ​
  CNRP
  បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com