ជាតិ
នយោបាយជាតិ
ទូតបារាំង សង្ឃឹមថា លោក កឹម សុខា នឹងទទួលបាននីតិសម្បទាវិញ ក្រោយឃើញកាយវិការវិជ្ជមានរបស់តុលាការ រូបពីហ្វេសប៊ុកស្ថានទូតបារាំង៖ លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានលោក នាព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៩
× ភ្នំពេញ៖ ទូតបារាំង សង្ឃឹមថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងទទួលបាននីតិសម្បទានយោបាយឡើងវិញ ក្រោយពីតុលាការសម្រួលលក្ខខណ្ឌផ្លូវច្បាប់ខ្លះ ដល់លោក កឹម សុខា។ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានជួបសួរសុខទុក្ខលោក កឹម សុខា នៅក្នុងគេហដ្ឋាន នាព្រឹកថ្ងៃទី១១ វិច្ឆិកានេះ។
លោកស្រី អេវ៉ា ង្វៀន ប៊ិញ មិនបានអត្ថាធិប្បាយអ្វីឡើយ ក្រោយជំនួបជាមួយលោក កឹម សុខា បើទោះជាអ្នកកាសែតព្យាយាមសួរយ៉ាងណាក៏ដោយ។ មិនបានឆ្លើយតបអ្នកកាសែតពិតមែន ប៉ុន្តែឯកអគ្គទូតបារាំងរូបនេះ បានបរិយាយនៅលើហ្វេសប៊ុកស្ថានទូត ដោយសង្ឃឹមថា លោក កឹម សុខា នឹងអាចធ្វើនយោបាយឡើងវិញនាពេលខាងមុខ។
ហ្វេសប៊ុកស្ថានទូតបារាំង បានសរសេរដូច្នេះថា៖«សាលាដំបូងរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ពីការបន្ធូរបន្ថយល័ក្ខខ័ណ្ឌនៃការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចំពោះលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ អំណឹះតទៅ លោកមានសេរីភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ នេះគឺជាកាយវិការវិជ្ជមានមួយ។ ប្រទេសបារាំងសង្ឃឹមថា លោកកឹម សុខានឹងទទួលបាននីតិសម្បទាឡើងវិញក្នុងពេលឆាប់ៗខាងមុខ»។
ដោយឡែកលោក កឹម សុខា ក៏បានថ្លែងអរគុណលោកស្រី អេវ៉ា ង្វៀន ប៊ិញ ចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលបារាំង ដែលបានជួយជ្រោមជ្រែង ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការជួយរកយុត្តិធម៌សម្រាប់លោកជាដើម។ នេះជាការបញ្ជាក់របស់លោក មុត ចន្ថា មនុស្សស្និទលោក កឹម សុខា ដែលបានប្រាប់អ្នកសារព័ត៌មាន។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកែប្រែលក្ខខណ្ឌខ្លះ ដោយសម្រេចឱ្យលោកដើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែចេញទៅក្រៅប្រទេស ។ ដ្បិតអាចដើរគ្រប់ទីកន្លែងបានមែន ប៉ុន្តែលោក កឹម សុខា នៅគ្មានសិទ្ធិធ្វើសកម្មភាពនយោបាយដដែល។ ជាពិសេសលោក កឹម សុខា ត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ចគ្រប់ពេល ដោយសារនៅតែស្ថិតនៅក្នុងការតាមដានរបស់តុលាការ៕
Tag:
កឹម សុខា
នយោបាយ
តុលាការ
បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com