ជាតិ
សង្គមជាតិ
បុណ្យអុំទូក​នៅ​ថ្ងៃទី​១ ៖ មាន​អ្នក​ឈឺក្បាល វិលមុខ និង​ចុកពោះ​ជាង​៤​ពាន់​នាក់
11, Nov 2019 , 2:10 pm        
រូបភាព
រូបភាពក្រសួងព័ត៌មាន
រូបភាពក្រសួងព័ត៌មាន
ភ្នំពេញ​៖ ពលរដ្ឋ​ជាង​៤​ពាន់​នាក់ បានទទួល​ការព្យាបាល​ពី​ពេទ្យ​នៅតាម​ស្ដង់ ដែល​ក្រសួងសុខាភិបាល​ដាក់ពង្រាយ នៅក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃនេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន​។​


 
​ក្រសួង​ព័ត៌មាន បាន​ស្រង​សម្តី​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក ងី មាន​ហេង ថា រយៈពេល​មួយថ្ងៃ នៃ​បុណ្យអុំទូក​ថ្ងៃទី​១ មាន​ពលរដ្ឋ​ជាង​៤​ពាន់​នាក់ បានទទួល​សេវា​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​នេះ​។ ពលរដ្ឋ​ទាំងនោះ ភាគច្រើន​មាន​អាកា​រៈ ឈឺក្បាល វិលមុខ ចុ​ពោះ និង​ផ្ដាសាយ រួមទាំង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​។​
 
​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ពង្រាយ​ស្ដង់​សុខាភិបាល​៨​ស្ដង់ ដែលមាន​ក្រុមគ្រូពេទ្យ​ចាំ​ជួយសង្គ្រោះ​ពលរដ្ឋ​ជិត​៨០០​នាក់ ក្នុងនោះ​មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ​១៣​ក្រុម​។ ប្រចាំការ​ទាំងអស់នេះ បាន​ប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ រួមទាំង​ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និង​ទប់ស្កាត់​ជំងឺអេដស៍​ដោយ​ឥតគិតថ្លៃ​ផងដែរ ។ នេះ​បើតាម​ក្រសួង​ព័ត៌មាន​។ 
 
​សូមបញ្ជាក់ថា ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៨​កន្លងមកនេះ មាន​ប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ ចុក​រាគ និង​ខ្យល់ចាប់ មាន​ប្រមាណ​២០​ម៉ឺន​នាក់ ដែល​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​បឋម​ពី​ក្រុមគ្រូពេទ្យ​នៅតាម​ស្តង់​៕

Tag:
 អ្នកជំងឺ​
  បុណ្យអុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com