ជាតិ
២៥ខេត្ត/រាជធានី
នយោបាយជាតិ
លោក កឹម សុខា៖ «ខ្ញុំចូលចិត្តអ្នកសារព័ត៌មាន ប៉ុន្តែជាអកុសល គេហាមខ្ញុំធ្វើនយោបាយ»
× ភ្នំពេញ៖ ជំនួបរយៈពេលជាង១ម៉ោង រវាងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចប់នៅម៉ោង៤ រសៀលថ្ងៃទី១១ វិច្ឆិកានេះ។ ដើរចេញពីក្នុងគេហដ្ឋាន ទាំងទឹកមុខញញឹមរីករាយ ប៉ុន្តែលោក កឹម សុខា មិនហ៊ានឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មានឡើយ។
«ទម្លាប់ខ្ញុំ ខ្ញុំចូលចិត្តអ្នកសារព័ត៌មាន។ ខ្ញុំចូលចិត្តជួបប្រជាពលរដ្ឋ ប៉ុន្តែជាអកុសលគួរឱ្យសោកស្ដាយ ដោយសារគេហាមខ្ញុំមិនឱ្យធ្វើនយោបាយ»។ នេះជាការលើកឡើងរបស់លោក កឹម សុខា ដែលមិនដឹងច្បាស់ពីការកំណត់លក្ខខណ្ឌរបស់តុលាការ ក្នុងការហាមលោកមិនឱ្យធ្វើសកម្មភាពនយោបាយនេះ។
លោក កឹម សុខា ដែលសុំការយោគយល់ពីអ្នកកាសែត ចំពោះការមិនឆ្លើយតបរាល់សំនួរនានា នៅថ្ងៃទី១១ វិច្ឆិកានេះ បាននិយាយដូច្នេះថា៖«គេហាមខ្ញុំមិនឱ្យធ្វើនយោបាយ មិនឱ្យនិយាយរឿងនយោបាយ ហើយខ្ញុំមិនដឹងភាសាអ្វី ដែលថាមិនមែនរឿងនយោបាយទេ។ ខ្ញុំអត់ទាន់ដឹងទេ។ ពីព្រោះកាលណាយើងនិយាយទៅ (យើងអត់ដឹង)គេកំណត់ប៉ុណ្ណា ដូច្នេះខ្ញុំអត់ទាន់ច្បាស់ដែរ។ ដូច្នេះខ្ញុំសុំអាធ្យាស្រ័យពីអ្នកសារព័ត៌មានទាំងអស់ ដោយខ្ញុំមិនអាចនិយាយឆ្លើយឆ្លងគ្នាបាន»។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកែប្រែលក្ខខណ្ឌខ្លះ ដោយសម្រេចឱ្យលោកដើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែចេញទៅក្រៅប្រទេស ។ ដ្បិតអាចដើរគ្រប់ទីកន្លែងបានមែន ប៉ុន្តែលោក កឹម សុខា នៅគ្មានសិទ្ធិធ្វើសកម្មភាពនយោបាយដដែល។ ជាពិសេសលោក កឹម សុខា ត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ចគ្រប់ពេល ដោយសារនៅតែស្ថិតនៅក្នុងការតាមដានរបស់តុលាការ៕
Tag:
កឹម សុខា
នយោបាយ
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com