អន្តរជាតិ
នយោបាយអន្តរជាតិ
អ៊ីរ៉ង់ប្រកាសរកឃើញរ៉ែប្រេងធំសម្បើមថ្មី ខណៈសង្ឃឹមអាចបន្សាបទណ្ឌកម្មអាមេរិក
× លោកប្រធានាធិបតីអ៊ីរ៉ង់ Hanssan Rouhan បានប្រកាសយ៉ាងឱឡារិកនៅថ្ងៃអាទិត្យ ១០ វិច្ឆិកាថា ប្រទេសលោកបានរកឃើញទីតាំងរ៉ែប្រេងថ្មីដ៏ធំសម្បើមមួយ ។ វាជារុករកថ្មីមួយ ដែលមេដឹកនាំរូបនេះ ចាត់ទុកជា «ដំណឹងល្អ» ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយក្រុងវ៉ាស៊ីនតោន។
ក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ លោកប្រធានាធិបតី Rouhani បញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសលោក នឹងនៅតែរក្សាលំនឹងល្អប្រសើរ ទោះបីជាទទួលរងចំណាត់ការពីសំណាក់សហរដ្ឋអាមេរិកប្រឆាំងនឹងមន្ត្រីគ្រាក់ៗ វិស័យហិរញ្ញវត្ថុនិងធនាគារ ជាដើម។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំរូបនេះ សង្កត់ធ្ងន់ថា ទីតាំងរ៉ែប្រេងដ៏ធំមហិមា ដែលស្ថិតក្នុងភាគនីរតីនៃខេត្ត Khuzestan ត្រូវបានប៉ាន់ប្រមាណថាមានប្រេងឆៅយ៉ាងតិច ៥៣ពាន់លានប៉ារែល។ វាមានជម្រៅ៨០ម៉ែត្រ និងលាតសន្ធឹងជិត២០០គីឡូម៉ែត្រពីព្រំដែនខេត្ត Khunzwstan ជាប់នឹងទីក្រុង Omidiyet នៃប្រទេសអ៊ីរ៉ក់។
ពីទីក្រុង Yazd លោក Hanssan Rouhan គូសបញ្ជាក់បែបនេះ៖«នេះគឺជាអំណោយតិចតួចស្តួចស្តើងមួយពីរដ្ឋាភិបាលអ៊ីរ៉ង់ជូនចំពោហប្រជាជនអ៊ីរ៉ង់»។ លោក បញ្ជាក់បន្ថែមថា៖«យើងប្រកាសប្រាប់អាមេរិកនៅថ្ងៃនេះថា យើងជាប្រជាជាតិអ្នកមានមួយ ហើយទោះជារងទណ្ឌកម្មដ៏ឃោរឃៅរបស់អ្នកក្តី កម្មករនិងវិស្វករឧស្សាហកម្មប្រេងអ៊ីរ៉ង់ បានរកឃើញទីតាំងរ៉ែប្រេងដ៏អស្ចារ្យមួយនេះ»។
តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនថាមពលយក្ស BP ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ការរកឃើញរ៉ែប្រេងថ្មីថ្មោងនេះ នឹងបន្ថែមប្រមាណ៣៤ភាគរយលើទំហំប្រេងបម្រុងបច្ចុប្បន្នរបស់ប្រទេសអ៊ីរ៉ង់ ដែលជាសមាជិកអង្គការ OPEC ។ ជាប្រទេសស្ថាបនិកមួយរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) អ៊ីរ៉ង់ ឈរនៅចំណាត់ថ្នាក់លេខ៤ ជាប្រទេសមានទំហំប្រេងបម្រុងធំបំផុតលើពិភពលោក។ ប្រសិនបើការប៉ាន់ប្រមាណពិតមែននោះ ទំហំប្រេងបម្រុងថ្មី នឹងលើកអ៊ីរ៉ង់ឡើងដល់ចំណាត់ថ្នាក់លេខ៣ តាមពីក្រោយអារ៉ាប៊ីសាអូឌីត។
ទោះជាបែបនេះក្តី គេនៅរង់ចាំមើលថាអ៊ីរ៉ង់អាចទាញផលចំណេញច្រើនប៉ុណ្ណាពីទីតាំងរ៉ែប្រេងថ្មីនេះ។ ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានេះ ប្រឈមបញ្ហាលំបាកក្នុងការលក់ប្រេងរបស់ខ្លួន ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំមុន និងដាក់ទណ្ឌកម្មឯកតោភាគីជាថ្មីប្រឆាំងអ៊ីរ៉ង់។ ម្យ៉ាងទៀត កាលពីខែឧសភា ក្រុងវ៉ាស៊ីតោន បានបញ្ចប់ការអនុគ្រោះទណ្ឌកម្មជាបណ្តោះអាសន្នដែលខ្លួនបានផ្តល់ឲ្យម៉ូយដុំប្រេងធំចំនួន៨របស់អ៊ីរ៉ង់ ។ ទង្វើនេះ គឺជាការដាក់គំនាបកាន់តែខ្លាំងលើប្រទេសចិន ឥណ្ឌា និងតួកគី ដើម្បីស្វែងរកប្រទេសផ្គត់ផ្គង់ថ្មី។
មែនទែនទៅ អ៊ីរ៉ង់ ប្រឈមនឹងសេដ្ឋកិច្ចដាំក្បាលចុះខ្លាំងក្នុងឆ្នាំ២០១៩នេះ ដែលបញ្ឆេះមួយផ្នែកដោយទណ្ឌកម្មអាមេរិក គួបផ្សំនឹងអតិផរណាឡើងកប់ពពក និងតម្លៃទំនិញនាំចូលកើនឡើង។ ក៏ប៉ុន្តែលោកប្រធានាធិបតីអ៊ីរ៉ង់ លោក Rouhani អះអាងថា ឥឡូវនេះសេដ្ឋកិច្ចប្រទេសលោក មានស្ថិរភាពល្អ។ ត្រង់នេះ លោក និយាយបែបនេះ៖«ប្រជាជនរបស់យើងបានជួបការលំបាកក្នុងឆ្នាំកន្លង [ប៉ុន្តែ] ខ្ញុំជឿថាប្រទេសអាមេរិកឥឡូវនេះអស់សង្ឃឹមហើយ»៕
Tag:
សហរដ្ឋអាមេរិក
អ៊ីរ៉ង់
រ៉េប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com