បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ទោះ​គេ​​បង្អាប់​ថា​រៀន​គំនូរ​វិចិត្រកម្ម​មិនល្អ តែ​លោក ភា​រ៉ា មិន​បោះបង់​ក្ដី​ស្រមៃ​ពី​កុមារ​
11, Nov 2019 , 9:59 pm        
រូបភាព
ភ្នំពេញ​៖ លោក ម៉ន ភា​រ៉ា អតីត​និស្សិត​ជំនាញ​បរិញ្ញាបត្រ​គំនូរ​វិចិត្រកម្ម នៃ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ និង​ជា​គ្រូបង្រៀន​គំនូរ​ក្រៅ​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​។ វិចិត្រករ​រូបនេះ ចូលចិត្ត​គំនូរ​បុរាណ​តាំងពី​កុមារភាព​មក ហើយ​លោក​បាន​បន្ត​ក្ដី​ស្រមៃ ដោយ​ជ្រើសរើស​ជំនាញ​គំនូរ​វិចិត្រកម្ម រហូត​ក្តី​ប្រាថ្នា​ក្លាយជា​វិចិត្រករ​សម្រេច​ដូច​បំណង​។

 
​គំនូរ​មាន​លក្ខណៈ​ប្រភេទ ដូចជា​គំនូរ​បែប​ប្រាកដនិយម ទេសភាព បច្ចេកទេស បង្កប់​អត្ថន័យ និង​ប្រភេទ​ផ្សេងៗ​ទៀត​។ នេះ​ជាការ​រៀបរាប់​របស់លោក ម៉ន ភា​រ៉ា អ្នកជំនាញ​គំនូរ​វិចិត្រកម្ម និង​ជា​គ្រូបង្រៀន​គំនូរ​ផង​។ មាន​វ័យ​២៧​ឆ្នាំ លោក ភា​រ៉ា  អះអាងថា​លោក​ស្រឡាញ់​គំរូ​តាំងតែ​ពី​កុមារ​មកម្ល៉េះ ហើយ​លោក​បាន​ពុះពារ និង​បាន​ជម្នះ​ឧបសគ្គ​ជាច្រើន​ផងដែរ ទម្រាំ​ក្តី​ស្រមៃ​ក្លាយជា​ជាងគំនូរ​របស់​ខ្លួន​បានសម្រេច​។​
 

​វិចិត្រករ​រូបនេះ បាន​សារព័ត៌មាន​ថ្មីៗ ២៥ រាជធានី​/​ខេត្ត នៅ​បរិវេណ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ​ថា លោក​រង​ការបន្ទោស​បង្អាប់​ពី​មិត្តភក្តិ និង​អ្នកជិតខាង ដោយសារ​បន្ត​ការសិក្សា​ជំនាញ​គំនូរ​វិចិត្រកម្ម​។ វិចិត្រករ ម៉ន ភា​រ៉ា រំ​ឮ​កថា​៖«​អ្នកខ្លះ គេ​បង្អាប់​យើង​ថា​រៀន​ជំនាញ​ហ្នឹង​មិនសូវ​ល្អ​ទេ មិនមាន​ទីផ្សារ​អី​អ៊ីចឹង​។ ខ្ញុំ​មាន​គំនាប​ពី​មិត្ត​ភ័​ក្រ និង​អ្នកជិតខាង ដែល​គេ​និយាយ​ពាក្យ​មិន​សមរម្យ​មកលើ​ខ្ញុំ​។ ពាក្យ​ទាំងអស់នោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​តូចចិត្ត និង​ចង់​បោះបង់​ក្ដី​ស្រមៃ​ម្ដងៗ​ផង​»​។​
 
​អ្នកដទៃ​មិន​ឲ្យ​តម្លៃ​ប៉ុណ្ណា ភា​រ៉ា នឹង​ខំប្រឹង​ជម្នះ ខ្លាំង​ប៉ុណ្ណឹង​ដែរ​
 
​ការមិន​ឲ្យ​តម្លៃ​លើ​ជំនាញ​ដែល​ខ្លួន​រៀន បានធ្វើ​ឲ្យ ម៉ន ភា​រ៉ា អាក់អន់ស្រពន់ចិត្ត​ជា​ង​ខ្លាំង ក៏ប៉ុន្តែ​កា​រប​ន្តុ​ច​បង្អាប់​ទាំងនោះ បានធ្វើ​ឲ្យ​កូនច្បង ក្នុងចំណោម​បងប្អូន​៤​នាក់​ក្នុង​គ្រួសារ កសិករ​នៅ​ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​រូបនេះ   កាន់តែ​ប្រឹងប្រែង​ទ្វេដង​ដែរ ដោយសារតែ​ក្តី​ស្រឡាញ់​ចូលចិត្ត​គំនូរ​របស់គេ​។ ម្យ៉ាងទៀត យុវ​ជ​វ័យ​២៧​ឆ្នាំ​រូបនេះ យល់ថា នៅពេលដែល​រូបគេ​ចេះ​ជំនាញ​មួយ​ពិតប្រាកដ​នោះ មិន​ខ្វះ​ទេ​ការងារ​ដែល​រត់​មករ​ក​ខ្លួន​។ វិចិត្រករ ភា​រ៉ា​«​ខ្ញុំ​ព្យាយាម​ជម្នះ ដោយ​ការប្រឹងប្រែង​អនុវត្ត​ឲ្យ​បាន​ច្រើន និង​ចំណាយ​ពេលវេលា​ច្រើន​ជាមួយនឹង​គំនូរ​។ ខ្ញុំ​ហ្វឹកហាត់​ខ្លួនឯង ទាំង​គំនូរ​ពណ៌ និង​គំនូរ​ខ្មៅ​ដៃ ហើយ​ខ្ញុំ​ព្យាយាម​ស្រាវជ្រាវ​តាម​ប្រព័ន្ធ Youtube រៀនសូត្រ​ពី​លោកគ្រូ និង​សិស្ស​ច្បង​»​។ 
 
​ក្រៅពី​ជម្នះ​នឹង​ពាក្យសម្តី​អ្នកដទៃ​ហើយ ឧបសគ្គ​ចម្បង​មួយទៀត​ដែល ភា​រ៉ា បាន​ឆ្លងកាត់​នោះ​គឺ​បញ្ហា​ហិរញ្ញវត្ថុ​។ អ្នក​តាកែវ​រូបនេះ បាន​រំឭកថា កាលពី​នៅ​ជា​និស្សិត​លោក​បាន​ធ្វើជា​ជាងគំនូរ​ក្រៅ​ម៉ោង ដើម្បី​ទទួល​ប្រាក់កម្រៃ​ខ្លះមក​ចាយវាយ​ថ្លៃ​សម្ភារៈ​សិក្សា និង​សម្ភារ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់ធ្វើ​កិច្ចការ​សាលា​។ 
 
​តាមរយៈ​ការ​ខំប្រឹងប្រែង​រៀន​ផង និង​ធ្វើការ​ផង បានធ្វើ​ឲ្យ​សមត្ថភាព​គូរគំនូរ​របស់ ភា​រ៉ា កាន់តែ​ល្អ​ទៅៗ ហើយ​ក៏មាន​អតិថិជន​ឧស្សាហ៍​ទាក់ទង​ឲ្យ​គូរគំនូរ​ឲ្យ​គេ​ផងដែរ​។ «​កន្លងមក ខ្ញុំ​តែងតែមាន​គេ ទាក់ទង​ច្រើន ដោយសារ​យើង​បានធ្វើ​ការងារ​ច្រើន (​គំនូរ​) និង​បានបង្ហាញ​ស្នាដៃ តាមរយៈ​ការ​គូរគំនូរ​ឲ្យ​ភ្ញៀវ ហើយ​គេ​ចាប់អារម្មណ៍ ទើប​ចេះតែមាន​បណ្ដាញ​ផ្សេងៗ​គេ​ទាក់ទង​មក​ច្រើន​»​។   នេះ​ជាការ​បញ្ជាក់​របស់​វិចិត្រករ​ម៉ន ភា​រ៉ា​។ 
 
 
 
​មាន​ជំនាញ​គំនូរ​វិចិត្រកម្ម មិនមែន​ចេះតែ​គូរគំនូរ​ទេ តែ​អ្នកចេះ​គំនូរ​វិចិត្រកម្ម អាចធ្វើ​ការងារ​បាន​ច្រើន​។ បើតាម លោក ម៉ន ភា​រ៉ា  ដែលមាន​ជំនាញ​នេះ អាច​ធ្វើជា​អ្នក​រចនា​(Designer) អ្នក​តុបតែង​លម្អ (Decorator) និង​ខាង​ស្ថាបត្យកម្ម (Architecture) ជាដើម​។ 
 
​ទៅ​ថ្ងៃ​អនាគត វិចិត្រករ​វ័យ​២៧​ឆ្នាំ​រូបនេះ មានបំណង​បើក​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ ដើម្បី​ដាក់តាំង​រូបថត គំនូរ និង​ចម្លាក់ ដែលជា​វប្បធម៌​ខ្មែរ និង​ដើម្បី​បង្ហាញ​វប្បធម៌​ខ្មែរ ទៅកាន់​ពិភពលោក​។ ទន្ទឹមនឹងនេះ វា​ក៏​ជា​ឱកាស​សម្រាប់​វិចិត្រករ​ខ្មែរ​ដែល​ស្នាដៃ​ល្អៗ អាច​ប្រកួតប្រជែង​ជាមួយ​បរទេស បាន​ក្នុង​ផ្នែក​គំនូរ​នេះ​។  ក្រៅពីនេះ លោក ក៏​ចង់​បន្ត​ធ្វើជា​គ្រូបង្រៀន​គំនូរ​ស្ម័គ្រចិត្ត​ផ្នែក​គំនូរ នៅតាម​សាលា​ផងដែរ​៕
 
 
 
 

Tag:
 គំនូរ​
  គំនូរ​វិចិត្រកម្ម​
  គំនូរ​បុរាណ​
  ម៉ន ភា​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com